ក្រុមគ្រួសារ​នាង​ខ្ញុំ​បាន​រង​ផលប៉ះពាល់​ពីរ​បប​ខ្មែរក្រហម​

322
ចែករម្លែក

ដោយ​៖ គាត ស្រី​ឡែ​ន និស្សិត​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​នាង​ខ្ញុំ​ឈ្មោះ គាត ស្រី​ឡែ​ន កើត​នៅ​ឆ្នាំ​១៩៩៦ នៅ​ភូមិ​ដីដុះ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ គាត់ ណាត និង​ម្តាយ​ឈ្មោះ ឡុង ចាន់ណា​។ នៅក្នុង​ឆ្នាំ​២០០៤ ខណៈពេលដែល​នាង​ខ្ញុំ​មាន​អាយុ​ទើប​៨​ឆ្នាំ ម្តាយ​ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ ដែល​បង្កឡើង​តាំងពី​ក្នុង​របប​ខ្មែរក្រហម​១៩៧៥ -១៩៧៩​។ ការបាត់បង់​ម្តាយ​នេះ បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវិត​រស់នៅ​របស់ខ្ញុំ និង​បានធ្វើ​ឲ្យ​រូបខ្ញុំ​ក្លាយជា​ក្មេង​កំព្រា​រស់នៅ​ជាមួយ​ជីដូន​រហូតមកដល់​ស​ព្វ​ថ្ងៃ​។​

​ខាងក្រោម គឺជា​ការរៀប​រាប់រប​ស់ជី​ដូន​ខ្ញុំ​នៅក្នុង​របប​ខ្មែរក្រហម ៖
​ជីដូន​របស់ខ្ញុំ​ឈ្មោះ គ្រី វួ​ច​លាង មាន​អាយុ ៦៨​ឆ្នាំ បាន​រៀបការ​ជាមួយ​ជីតា​ខ្ញុំ​ឈ្មោះ ឆាយ ស៊ា​ង​ឡុង នៅ​ភូមិ​ដីដុះ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុង​ឆ្នាំ​១៩៧៣​។ ជីដូន​ជីតា​ខ្ញុំ​មានកូន​ចំនួន​៤​នាក់ (​កូនប្រុស ២​នាក់ និង​កូនស្រី ២​នាក់​)​។ ម្តាយ​ខ្ញុំ​ជា​កូន​ទី​២ បានកើត​ក្នុង​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៦ គឺ​បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​អំណាច​ប្រមាណ​ជាជាង​មួយឆ្នាំ​។ បន្ទាប់ពី​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​នៅ​ថ្ងៃទី​១៧ ខែមេសា​ឆ្នាំ​១៩៧៥ នៅ​ភូមិ​ដីដុះ​ក៏ដូចជា​ភូមិ​ដ៏ទៃទៀត​នៅ​ទូទាំងប្រទេស​ដែរ ខ្មែរក្រហម​បាន​ប្រមូល​ទ្រព្យសម្បត្តិ​ឯកជន​ទាំងអស់​យកទៅដាក់​រួម​នៅក្នុង​សហករណ៍​។ ខ្មែរក្រហម​ក៏​ចាប់ផ្តើម​បែងចែក​ប្រជាជន​ឲ្យ​រស់នៅ​ធ្វើការ​តាម​កង តាម​ក្រុម​រៀងៗ​ខ្លួន​។ ជីដូន​របស់​ខ្លុំ​ត្រូវបានចាត់តាំង​ឲ្យ​រស់នៅ​នឹងធ្វើ​ការ​នៅក្នុង​កង​មីងៗ​ដែលមាន​សមាជិក​សុទ្ធតែជា​នារី​ដែលមាន​គ្រួសារ​រួចហើយ​ចំនួន​ពី​១៨ ទៅ ២០​នាក់​។​

​ចំណែក​ជីតា​របស់ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើការ​ក្នុង​កង​ភ្ជួរ និង​ដឹកជញ្ជូន​បន្លែ​តាម​រទេះគោ​ទៅ​ឲ្យ​កងចល័ត​ហូបចុក​នៅ​កន្លែងធ្វើការ​ងារ​ឆ្ងាយៗ​ពី​ភូមិ ដូចជា នៅ​ស្រ​ណាប​ខ្ចី នៅ​អូរ​កាប់​មាន់ និង​កន្លែង​ឆ្ងាយៗ​ផ្សេងទៀត​។ ការដឹកជញ្ជូន​នេះ​គឺមាន​រយៈពេល​រហូត​ទៅ​ដល់​មួយ​សប្តាហ៍ ឬ​១០​ថ្ងៃ​ទើប​ត្រឡប់មក​ភូមិ​ជួប​ប្រពន្ធ​ម្តង​។ ជីដូន និង​ជីតា​របស់ខ្ញុំ​មិនសូវ​បាន​ជួបជុំគ្នា​ទេ​នៅក្នុង​របប​ខ្មែរក្រហម ព្រោះ​ពួកគាត់​ត្រូវបំពេញ​ការងារ​រៀងៗ​ខ្លួន គឺ​ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​នៅ​មើលថែ​ប្រពន្ធ​កូន​ឡើយ ទោះបីជា​ទើបតែ​សម្រាលកូន​រួច​ក៏ដោយ​។ នៅក្នុង​ឆ្នាំ​១៩៧៦ នៅ​ខណៈពេលដែល​ជីដូន​ខ្ញុំ​មាន​ផ្ទៃពោះ​កូន​ទី​២ (​ម្តាយ​របស់ខ្ញុំ​) គាត់​ត្រូវបាន​គណៈ​សហករណ៍​ខ្មែរក្រហម​ឈ្មោះ ហន និង អង្គត់ ចាត់តាំង​ឲ្យ​រែក​ទឹក​ស្រោច​កូន​ថ្នាំជក់ (​នៅក្នុង​ភូមិ​ដីដុះ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ប្រជាជន​ដាំ​ដំណាំ​ថ្នាំជក់​សម្រាប់​ផ្គត់ផ្គង់​ដល់​កម្មាភិបាល​ខ្មែរក្រហម​ដែល​ជក់បារី និង​ចុក​ថ្នាំជក់​)​។ នៅពេល​ធ្វើការ​ងារ​រែក​ទឹក​ស្រោច​កូន​ថ្នាំជក់​នោះ​ជីដូន​ខ្ញុំ​បាន​រអិលដួល​ជា​ញឹកញាប់ ប៉ុ​នែ្ត​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ខណៈពេលដែល​ជីដូន​របស់ខ្ញុំ​មាន​ផ្ទៃពោះ​បាន​៨​ខែ​ហើយ ខ្មែរក្រហម​នៅតែ​ចាត់តាំង​ឲ្យ​រែក​ទឹក​ស្រោច​កូន​ថ្នាំជក់​ដដែល ជា​អកុសល​គាត់​បាន​រអិលដួល​អុកគូថ​យ៉ាងខ្លាំង​ទៅលើ​ដី ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​គាត់​ក៏​សម្រាល​បាន​ម្តាយ​ខ្ញុំ​។ ជីដូន​ខ្ញុំ​មានប្រសាសន៍ថា នៅ​អំឡុងពេល​មាន​ផ្ទៃពោះ​ម្តាយ​ខ្ញុំ ធ្លាប់មាន​កម្មាភិបាល​ខ្មែរក្រហម​ទិតៀន​គាត់​ថា ជា​ពួក​នាយទុន​មិន​ធ្លាប់ធ្វើ​ការងារ​ធ្ងន់ធ្ងរ ហើយ​ពេល​អង្គការ​ចាត់តាំង​ឲ្យ​ធ្វើ​ការងារ គឺ​ធ្វើ​ចុងដៃចុងជើង មិន​ខិតខំ​ធ្វើ​ឲ្យ​សម្រេច​តាម​ផែនការ​របស់​អង្គការ​ដាក់​ទិស​ឲ្យ​នោះទេ​។ ដោយសារ​ការទិតៀន​នេះ ជីដូន​ខ្ញុំ​មានការ​ភ័យខ្លាច​ខ្មែរក្រហម​សម្លាប់​នោះ ដូច្នេះហើយ​គាត់​ត្រូវតែ​ខិតខំ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ឲ្យ​ដូច​សមាជិក​ក្នុង​កង​ដែល​មិនមាន​ផ្ទៃពោះ​។​

គាត ស្រី​ឡែ​ន និស្សិត​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​

​នៅពេល​ជីដូន​ខ្ញុំ​សម្រាល​បាន​ម្តាយ​ខ្ញុំ គឺ​ម្តាយ​មាន​បញ្ហា​កជើង​ផ្នែក​ខាងស្តាំ គឺមាន​ឆ្អឹង​កោង​សំប៉ែត ហើយ​មាន​សុខភាព​ខ្សោយ​ខុសពី​ទារក​ធម្មតា​។ ជីដូន​ខ្ញុំ​មានប្រសាសន៍ថា ម្តាយ​ខ្ញុំ​ប្រហែល​ជាមាន​បញ្ហា​សុខភាព​នេះ​ដោយសារ​ខ្មែរក្រហម​បង្ខំ​គាត់​ឲ្យ​ធ្វើការ​ហួសកម្លាំង និង​ត្រូវ​រអិលដួល​ជា​ញឹកញាប់​នៅ​អំឡុង​ពេលដែល​គាត់​មាន​ផ្ទៃពោះ ទើបបានជា​ម្តាយ​ខ្ញុំ​ប្រែ​ទៅជា​បែបនេះ​។ បន្ទាប់ពី​សម្រាលកូន​បាន​រយៈពេល​បី​ខែ ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​ជីដូន​ខ្ញុំ​ចេញទៅ​គាស់​គល់ឈើ​ដើម្បី​រាន​ដី​ធ្វើស្រែ​, ជីក​ប្រឡាយ​, រែក​ដី​លើក​ទំនប់ និង​ធ្វើ​ការងារ​តាម​វាលស្រែ​នៅ​ខាងក្រោយ​ភូមិ​ដែលមាន​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ ដោយ​ទុក​ម្តាយ​ខ្ញុំ​នៅ​កន្លែង​យាយៗ​មើល​កុមារ​។ ម្តាយ​ខ្ញុំ​ជា​ទារក​ដែលមាន​សុខភាព​មិនល្អ និង​ជា​ក្មេង​ដែល​យំ​ច្រើនជាង​កុមារ​ដ៏ទៃទៀត​។ ជីដូន​ខ្ញុំ​នៅចាំ​ថា ពេល​ម្តាយ​ខ្ញុំ​មាន​អាយុ​ប្រហែល​១​ឆ្នាំ ២​ឆ្នាំ គាត់​តែងតែ​យំ​តាម​ម្តាយ​នៅពេល​ដល់​ម៉ោង​ចេញពី​ទៅធ្វើ​ការងារ​តាម​វាលស្រែ​ម្តងៗ​។ មាន​ពេល​មួយ​ក្នុង​ឆ្នាំ​១៩៧៧ ម្តាយ​ខ្ញុំ​មាន​ជំងឺ​ក្អក​ផង បាន​យំ​រហូត​បាត់​សំឡេង​ធ្វើ​ឲ្យ​ជីដូន​ខ្ញុំ​ភ័យ​ខ្លាំង ដោយ​គិតថា​ម្តាយ​ខ្ញុំ​ប្រហែល​មិន​រស់​ទេ​។ នៅ​ក្នុងសម័យ​ខ្មែរក្រហម​ជីដូន​ខ្ញុំ​មិនមាន​បាយ​ម្ហូប​ហូប​គ្រប់គ្រាន់ និង​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​ដើម្បី​បំបៅកូន (​ម្តាយ​ខ្ញុំ​) ទេ ហើយ​ពេល​កូន​ឈឺ​ច្រើន​ក៏​គ្មាន​ថ្នាំ​សម្រាប់​ព្យាបាល និង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​នៅ​មើលថែ​កូន​បាន​ដិតដល់​ដែរ​។​

​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩ ម្តាយ​ខ្ញុំ​មាន​អាយុ​៣​ឆ្នាំ និង​នៅ​ឆ្នាំ​១៩៨១ ពេល​គាត់​អាយុ​៥​ឆ្នាំ បាន​លេង​លោត​ពីលើ​បាវស្រូវ​នៅលើផ្ទះ​ជាមួយ​ក្មេងៗ​ដ៏ទៃទៀត ក៏បាន​ធ្វើ​ឲ្យ​គាត់​បាក់​កជើង​ត្រង់​កន្លែង​ឆ្អឹង​កោង​សំប៉ែត​នោះ​។ ដោយ​មិនមាន​ពេទ្យ និង​ការព្យាបាល​បាន​ត្រឹមត្រូវ​នោះ ម្តាយ​ខ្ញុំ​បាន​ពិការ​ជើង​ខាងស្តាំ និង​ដើរ​ប៉ាំង​ពៀតៗ​។ ម្តាយ​ខ្ញុំ​បាន​ចូលរៀន​នៅ​សាលា​ក្នុង​ឃុំ​ពាម​កោះ​ស្នា​នៅ​ឆ្នាំ​១៩៨៤ និង​បាន​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​៨​ក្នុង​ឆ្នាំ​១៩៩៤​។

​នៅ​ឆ្នាំ​១៩៩៥ ម្តាយ​ខ្ញុំ​បាន​រៀបការ​ជាមួយ​ឪពុក​របស់ខ្ញុំ​ឈ្មោះ គាត ណាត​។ រៀបការ​បាន​មួយឆ្នាំ​នៅ​ឆ្នាំ​១៩៩៦ ម្តាយ​ខ្ញុំ​ក៏​កើត​បាន​រូបនាង​ខ្ញុំ​។ ដោយសារ​គាត់​មាន​សុខភាព​មិនល្អ​តាំងតែ​ពី​សម័យ​ខ្មែរក្រហម មាន​ជំងឺ​ប្រចាំកាយ និង​ដំបៅ​រ៉ាំរ៉ៃ​នៅលើ​ជើង​ពិការ​របស់គាត់​នៅ​ឆ្នាំ​២០០១ ទើប​បណ្តាល​សុខភាព​របស់គាត់​កាន់តែ​ធ្លាក់​ដុនដាប​ខ្លាំង​។ នៅ​ទីបំផុត​ម្តាយ​ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​២០០៤​។ ទោះបីជា​នាង​ខ្ញុំ​បានកើត​នៅ​ឆ្នាំ​១៩៩៦ ក៏ដោយ ក៏​របប​ខ្មែរក្រហម​បាន​បង្ក​ផលប៉ះពាល់​ដល់​រូបនាង​ខ្ញុំ និង​ត្រូវ​កំព្រាម្តាយ​រហូតមកដល់​សព្វថ្ងៃ​៕ ល​