ក្រុមគ្រួសារ​ស្លាប់​និង​រងរបួស ករណី​បាក់​រលំ​អគារ​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​, ត្រូវបាន​កាកបាទក្រហម​កម្ពុជា​រាជធានី ចូលរួម​រំលែក​ទុក្ខ និង​សួរសុខទុក្ខ​

397
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​២៥ មិថុនា​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​ដែល​បាន ស្លាប់​និង​រងរបួស​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ក្រោយពី​មាន​ហេតុការណ៍​អាក្រក់​បាក់​រលំ​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ២២ ខែមិថុនា​ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​អញ្ជើញ​ចុះទៅ​ដល់​គេហដ្ឋាន​ផ្ទាល់​របស់​សព ឈ្មោះ វិជ្ជា បញ្ញា នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ (​ផ្លូវ​ចូល​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ​ចាស់​) ដោយបាន​រៀបចំ​តាម​ប្រពៃណី​ខ្មែរ និង​បាន​សម្តែង​ក្តី​រន្ធត់ ជាមួយនឹង​ភាព​សោកស្តាយ និង សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​សព ព្រមទាំង​បានប្រគល់​អំណោយ​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នូវ​ថវិកា ៥​លាន​រៀល​។​

​ដោយឡែក​អំណោយ​សាខា​កាកបាទក្រហម​រាជធានី រួមមាន ៖ ថវិកា ២​លាន​រៀល អង្ករ​ចំនួន ២០០​គីឡូក្រាម​, មី ៥​កេស​, ទឹកក្រូច ៥​កេស​, ត្រី ខ ៥​យួរ​, និង​ទឹក​សុ​ទ្ឋ ១០​កេស​។​

​បន្ទាប់ពី​ចុះសាកសួរ រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​នៃ​សព និង​នាំយក​អំណោយ​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួចមក លោក ឃួ​ង ស្រេង ក៏បាន​បន្ត​ចុះសាកសួរ​សុខទុក្ខ ជនរងគ្រោះ​ឈ្មោះ ក្រៀល អឿន ភេទ​ស្រី អាយុ ២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះសង្ឃ​និង​បានផ្តល់​អំណោយ​សាខា​កាកបាទក្រហម​រាជធានី​ជូន​ផងដែរ ដោយ​ក្នុងនោះ បានប្រគល់​ជូន​នូវ​ថវិកា ២​លាន​រៀល មី ២​កេស​, ទឹកក្រូច ២​កេស​, ត្រី ខ ២​យួរ​, និង​ទឹក​សុ​ទ្ឋ ២​កេស​។​

​ក្នុងនោះ​លោក ឃួ​ង ស្រេង អភិ​បា​រាជធានី បាន​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ជា​អ្នក​ជម្ងឺ​ដែល​កំពុង​សំរាក​ព្យាបាល​នៅ​បន្ទប់​ជាមួយគ្នា និង​នៅ​សាល​ក្បែរៗ​នោះ​ចំនួន​៤៥​នាក់​ទៀត ដោយ​ក្នុង​ម្នាក់​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល​ផងដែរ​។​

​គួររំលឹកថា ៖ អគារ​ដែលរ​លំបាក់​នោះ ជា​ប្រភេទ​សណ្ឋាគារ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​បាក់​រលំ នៅ​ពី​វេលា​ម៉ោង​ជិត​៤ ជិត​ភ្លឺ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ដែល​នេះ ជា​មហន្តរាយ​លើកដំបូង​សម្រាប់​វិ​ស​យ័​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បើតាម​មន្ត្រី​ជំនាញ​នានា​ថ្លែងថា ការបាក់​រលំ​នេះ​កើតឡើង​ដោយសារ​បញ្ហា​ប​ច្ចេស​សំណង់ ហើយ​សំណង់​អាគារ​នេះ ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី ចុះ​ហាមឃាត់​ចំនួន​២​ដង​រួចមកហើយ ប៉ុន្តែ​ម្ចាស់ ដែលជា​ជនជាតិ​ចិន មិន​ព្រមស្តាប់ និង​នៅតែ​បន្ត​សាងសង់​ដោយ​ចិត្ត​ឯង​។ សំណង់​នោះ​ត្រូវបាន​សាសង់​លើ​ផ្ទៃដី​៥៨៣​ម៉ែត្រក្រឡា សាសង់​ដោយ​ការប្រើ​ឆ្អឹង​ដែក​។​

​អគារ​កម្ពស់​៧​ជាន់ ដែលរ​លំបាក់​នេះ ត្រូវបាន​បញ្ចប់​ការរុករក ជួយសង្គ្រោះ​ជេន​រងគ្រោះ ជា​ស្ថាពរ​នៅវេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ បន្ទាប់ពី​បើក​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​អស់​រយៈពេល​២​ថ្ងៃ​កន្លះ ដោយមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់ អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​៕ ល​