ក្រុមគ្រួសារ​ឧកញ៉ា សៀង ណាំ ជូនអំណោយ និង​ថវិកា​ដល់​កម្មករសំណង់​ចំនួន​៣០០​គ្រួសារ មកពី​សង្កាត់​ចំនួន​ពីរ​ក្នុង​ក្រុង​សៀមរាប​

1356
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោកជំទាវ បានផ្ដល់​ជូន​ជា​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែលជា​កម្មករសំណង់​មកពី​សង្កាត់​ស្រ​ង៉ែ និង​សង្កាត់​ក្របី​រៀល ក្នុង​ក្រុង​សៀមរាប ចំនួន ៣០០​គ្រួសារ ដែល​ក្នុង​១​គ្រួសារ អង្ករ​ចំនួន​១០​គីឡូក្រាម , សារុង​១ និង​ថវិកា ចំនួន​២​ម៉ឺន​រៀល​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ អ្នកឧកញ៉ា សៀង ណាំ បាន​លើកឡើងថា ក្នុងនាម​ជា​អ្នកណាង​រាស្ត្រ គឺ​លោក​ត្រូវតែ​ផ្សារភ្ជាប់​ការរស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​តែង​យកចិត្តទុកដាក់​ដល់​ប្រជាជន​ជានិច្ច ហើយ​សម្រាប់​អាណត្តិ​នៃ​ការដឹកនាំ​ប្រទេស​ជា​បន្តទៀត​នោះ គឺ​នៅតែ​បន្ត​ការកសាង​និង​អភិវឌ្ឍន៍ ក្នុងនោះ​ផ្តោតទៅលើ​ការអភិវឌ្ឍន៍ ហេ​ដ្ឋា​រចនា សម្ព័ន្ធ មណ្ឌល​សុខភាព សាលារៀន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​កិច្ចការងារ​ជាច្រើន​ទៀត ដែលជា​កត្តាចាំបាច់​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​អ្នកឧកញ៉ា សៀង ណាំ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​ជ្រើសរើស​តំណាង​របស់​បងប្អូន​ដែល​ខ្លួន​ពេញចិត្ត​ក្នុង​ការជួយ​អភិវឌ្ឍន៍ មូលដ្ឋាន​របស់​បងប្អូន​៕ ល​