ក្រុមចោរឆក់​នៅ​ទីក្រុង​ភ្នំពេញ ៧​នាក់ មក​ជាប់អន្ទាក់​ប៉ូលិស នៅ​ក្រុងព្រះសីហនុ

1019
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន​៧​នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស ត្រូវបាន​ចាប់ខ្លួន​នៅផ្ទះ​ជួល ស្ថិតក្នុង​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​។​

​លោកស្នងការ​បញ្ជាក់ថា ដំបូង​ឡើយ​មាន​ជន​ស​ង្ស​យ័​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​បានធ្វើ​សកម្មភាព​ឆក់ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤:០០​នាទី នៅ​ចំណុច​មុខ​យានដ្ឋាន​អា​រុណ​រះ ស្ថិតនៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយបាន​ឆក់យក​កាបូប ជនជាតិ​ចិន កំពុង​ដើរ​តាមផ្លូវ និង​ថា​ក្រោយពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​បានធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​មុខសញ្ញា និង​ទីកន្លែង​ស្នាក់នៅ​របស់​ពួកគេ ទើប​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​២ ចុះទៅ​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​សរុប ០៧​នាក់​។​

​ជនរងគ្រោះ​ឈ្មោះ LI YINYU ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែន​លេខ​: G៥៨៧៧០៥១៤ ស្នាក់នៅ​កាស៊ីណូ​ជិន​ប៉ី ក្រុម​១១ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។ សម្ភារៈ​បាត់បង់​៖ -​កាបូបដៃ ០១​ពណ៌​ខ្មៅ​, -​លុយ​ដុល្លារ​ជាង ១,០០០​ដុល្លារ​, -​លុយ​ចិន ៣,០០០​យាន់​, -​លិខិតឆ្លងដែន ០២​ច្បាប់​, -​ប័ណ្ណបើកបរ ០២​សន្លឹក​, -​នាឡិកាដៃ ០១​គ្រឿង ពណ៌​លឿង និង​-​កាត​មួយចំនួន​។​

​ចំណែក​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ក្រសោប​បាន​ចំនួន ០៧​នាក់ រួមមាន ១-​ឈ្មោះ រ៉ា ណា​រ៉ា​ន់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សំបូ​មាស ឃុំ​សំបូរ​មាស ស្រុក​មុខកំពូល ខេត្តកណ្តាល (​ជនដៃដល់ បើក​ម៉ូតូ​)​។ ២-​ឈ្មោះ គឹម កុសល ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ សង្កាត់​ច្រាំង​ចម្រេះ “​គីឡូ​លេខ​១០” ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ( ជនដៃដល់ ជិះ​ពីក្រោយ​ឆក់ )​។ ៣-​ឈ្មោះ ម៉ៃ សុគន្ធ​បញ្ញា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​សហចារី​)​។ ៤-​ឈ្មោះ លី ប៊ុន​ណាន ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​សហចារី​)​។ ៥-​ឈ្មោះ ច័ន្ទ ដាវី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​វត្ត​ទួល ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​សហចារី​)​។ ៦-​ឈ្មោះ សុខ វណ្ណឌី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ ភូមិ​វត្ត​ទួល ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ( សហចារី​)​។ ៧-​ឈ្មោះ ម៉ាច វុទ្ធី ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ​វត្ត​ទួល ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ( សហចារី ) ។​

​ក្នុងពេល​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​៖ -​កាបូបដៃ ០១​ពណ៌​ខ្មៅ​, -​លុយ​ដុល្លារ ១៥០​ដុល្លារ​, -​លុយ​ចិន ៥០០​យាន់​, -​លិខិតឆ្លងដែន ០២​ច្បាប់​, -​ប័ណ្ណបើកបរ ០២​សន្លឹក​, -​នាឡិកាដៃ ០១​គ្រឿង ពណ៌​លឿង​, -​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក IPHONE7 PLUSH ពណ៌​ខ្មៅ​, -​កាត​មួយចំនួន​និង​ម៉ូតូ​៣​គ្រឿង​៖
១-​ម៉ូតូ ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ ១GZ-៧៤៩៥
២-​ម៉ូតូ ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ ១GO-៥២៧៨
៣-​ម៉ូតូ ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ ១FK-៧០៤៣(​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​៕ ល​