ក្រុមចោរ​ស្ទើរភ្លើង លួច​មាន់​គេ​បាន​១​ថ្ងៃ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

391

​(​កណ្តាល​): ចោរ​ស្ទើរភ្លើង​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី បានធ្វើ​សកម្មភាព​លួច​មាន់​គេ​បានតែ​១​ថ្ងៃ ។ អំពើ​លួច​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ដីចម្ការ​ស្វាយ​ឈ្មោះ កុក អាន ភូមិ​ព្រែក​តាន​ប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ កុក អាន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនល្មើស​ទី​១​ឈ្មោះ អឿ វិបុល ភេទ​ប្រុស អាយុ​២៤ ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​, ទី​២​ឈ្មោះ ឡា វុត្ថា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ និង​ជនសង្ស័យ​ទី​៣​ឈ្មោះ ប៊ុន​ណា វណ្ណ​ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។ រីឯ​មាន់​ដែល​បាត់ ជាមាន់​ឈ្មោល​ពូជ​ចំនួន​៣​ក្បាល ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៧​វេលា​ម៉ោង​៣​រសៀល​ប៉ុស្តិ៍នគរបាល​កំពង់ស្វាយ​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ករណី​បាត់​សត្វ​មាន់ បន្ទាប់មក​ក៏បាន​ស្រាវជ្រាវ​រក​ជនល្មើស តែ​ជនល្មើស​បានគេច​ខ្លួន លុះដល់​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​ល្ងាច​នាទី​ក៏បាន​ជួប​ជនល្មើស​រួច​ក៏បាន​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​យក​សត្វ​មាន់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​យកទៅលក់​ឲ្យ​ឈ្មោះ ហេង ហៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ព្រែក​តា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ចំនួន​២​ក្បាល បាន​លុយ​៤​ម៉ឺន​រៀល និង​សល់​១​ទៀត​ក៏​នាំគ្នា​ធ្វើ​ចែកគ្នា​ស៊ី ។​
​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​ដោយ សុផាន់​