ក្រុមចោរ​​លួច​ម៉ូតូ​បាន​មួយថ្ងៃ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់បាន​

629

ដោយ​: សាវ​រក្ស / ភ្នំពេញ​: សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​កាច់ក​ម៉ូតូ​បាន​មួយថ្ងៃ​។ ហេតុការណ៍​ឃាត់​ខ្លួ​នេះ កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​

​លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ស្ទឹងមានជ័យ​៣​បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​មុខរបរ ចោរ ស្នាក់នៅ​ម្ដុំ​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​ទី​២​ឈ្មោះ ធឿន សុខ​ហេង ភេទ​ប្រុស​អាយុ​១៨ ឆ្នាំ​មុខរបរ កម្មករសំណង់ ស្នាក់នៅ​ម្ដុំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នង​ទី​៣​ឈ្មោះ អ៊ឹម ថន ហៅ ពៅ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ​មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ ។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ម៉​ង សា​ម៉ុ​ច ភេទ​ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​លោក​បាន​បន្ដទៀតថា កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-0589 ពី​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង ទៅលេង​ផ្ទះ​បងប្អូន​ជីដូនមួយ​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ រួច​ក៏​ទុក​ម៉ូតូ​ពីមុខ​បន្ទប់​ហើយ​បាននាំគ្នា​ចូលក្នុង​បន្ទប់​បាត់អស់ មួយ​ស្ទុះ​ក្រោយមក ក៏​ចេញមក​មើល​ម៉ូតូ​ក៏​ឃើញ​ជនសង្ស័យ​ទាំង​៣​នាក់​លួច​ម៉ូតូ​របស់ខ្លួន​បានសម្រេច យកទៅលក់​ឲ្យ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ជិត​ផ្សារ​អង្គតាសោម ខេត្ដ​តាកែវ ក្នុងតម្លៃ​៣៥០​ដុល្លារ រួច​នាំគ្នា​ចែក​លុយ​យកទៅ​ទិញ​ថ្នាំញៀន​ជក់​អស់ ។ លុះដល់​វេលា​ខាងលើ​ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទុះ​ជួល ភូមិ​ដំណាក់​ធំ​២ ខណ្ឌមានជ័យ យកទៅ​ធ្វើការ​សាកសួរ​តែម្ដង ។​

​ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច កម្លាំង​សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅកាន់​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិ​ធី​ច្បាប់​៕ ល​