ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​មិនត្រូវ​អនុញ្ញាត​អោយចូល​សួរសុខទុក្ខ​លោក​កឹម សុខា តែ​សន្យាថា​នឹង​មក​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នេះ​រៀងរាល់ថ្ងៃ​ចន្ទ​រាល់​សប្តាហ៍​

708

(​ត្បូងឃ្មុំ​)៖ ក្រុមតំណាងរាស្ត្រ​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តាម​របាយការណ៍​ថា​មាន​គ្នា​ចំនួន​២៤ នាក់​រួមមាន​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​កាលពី​ព្រឹក​មិញ​មិន​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​អោយចូល​ពន្ធនាគា​រ​ដើម្បី​សួរ​សុច​ទុក្ខ​ប្រធាន​បក្ស​របស់​ផង​​គេ​និង​ជា​ជន​ត្រូវ​ចោទ កឹម សុខា ដោយសារ​គ្មាន​ការអនុញ្ញាត​។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បាន​ប្រាប់​ហ្វ្រេស​ញូ​វ​ថា ក្រុមតំណាងរាស្ត្រ​ជាង​ម្ភៃ​នាក់​បាន​ជួបជុំ​នៅ​ខាង​មុខ ពន្ធនាគារ​ត្រពាំង​ផ្លូវ តែ​នៅ​ចំងាយ​ប្រមាណ​២៥​ម៉ែត្រ​ពី​របង​ពន្ធនាគារ​។​

លោកស្រី មួរ សុខ​ហួរ លោក ឡុង រី លោក ប៉ុល ហម លោក ជាម ចាន់នី លោក ម៉ៅ មុនី​វណ្ណ លោក រៀល ខេមរិន្ទ និង​សកម្មជន​មកពី​ចំងាយ​ជាង ២០​នាក់​ជួបជុំ​នៅមុខ​ពន្ធនាគារ​

​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​ម្នាក់​ក្នុងចំណោម​តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង ដែល​បានធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភាវិសាមញ្ញ​ថ្ងៃនេះ បាន​ថ្លែង​ប្រាប់ថា លោកស្រី​មានការ​សោកស្តាយ ដែល​អាជ្ញាធរ​មិន​ឲ្យ​ចូលជួប​សួរសុខទុក្ខ លោក កឹម សុខា​។​

​លោកស្រី​បន្ថែមថា ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មក​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​នេះ រៀងរាល់ថ្ងៃ​ចន្ទ រាល់​សប្តាហ៍​ចាប់ពី​ថ្ងៃនេះ​ទៅ​ រហូតដល់មានការដោះលែងលោកកឹម សុខា។

​សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ជិត​៦០០​នាក់​នៅ​ព្រឹក​នេះ​ត្រូវបាន​ដាក់ពង្រាយ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅមុខ​ពន្ធនាគារ​​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្រោយ​ក្រុម​អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​គំរោង​ជួបជុំ ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ទីនោះ​៕ដោយ៖វាសនា