ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​បង្ក​កំហឹង បន្ទាប់ពី​ជំរុញ​ឱ្យ​មន្ត្រីប៉ូលិស​សម្លាប់​ខ្លួនឯង អំឡុង​ការប៉ះទង្គិច​នៅ​ទីក្រុង​ប៉ារីស​

347
ចែករម្លែក

​ជាមួយ​ចំនួន​អ្នកធ្វើ​អត្តឃាត​នៅក្នុង​ចំណោម​មន្ត្រីប៉ូលិស​កំពុង​កើនឡើង អាជ្ញាធរ​ក្រុងប៉ារីស​កំពុង​ស៊ើបអង្កេត​ក្រុមអ្នកតវ៉ា​អាវកាក់​ពណ៌​លឿង​ដែល​បាន​លើកទឹកចិត្ត​ដល់​មន្ត្រីប៉ូលិស​ឱ្យ​សម្លាប់ខ្លួន​។​

​បាតុកម្ម​ដោយ​សន្តិភាព​ភាគច្រើន​ក្នុង​រយៈពេល​ប្រាំ​ខែ​កន្លងមកនេះ ដែល​ទាមទារ​ឱ្យជួយ​បន្ថែមទៀត​ដល់ក​ម្មករ​និយោជិត ជន​ចូលនិវត្តន៍ និង​សិស្ស​និស្សិត​របស់​បារាំង​ដែល​កំពុង​ជួប​ស្ថានភាព​លំបាក ត្រូវបាន​រំលោភបំពាន​យ៉ាង​គួរឱ្យកត់សម្គាល់ ជាមួយ​ក្រុមអ្នកតវ៉ា​ជ្រុលនិយម​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។​

​កាលពី​ថ្ងៃ​សៅរ៍​ទី​២០​មេសា ក្រុមអ្នកតវ៉ា​នៅ​រដ្ឋធានី​បារាំង​ត្រូវបាន​គេ​ស្តាប់ឮ​ស្រែកថា “​សម្លាប់​ខ្លួនឯង​ទៅ​!” ដាក់​ទៅលើ​ក្រុមប៉ូលិស​។​

​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​និង​វាយ​ទប់​ទល់នឹង​ក្រុមអ្នកតវ៉ា​ដើម្បី​ទប់ស្កាត់​កុំឱ្យ​អំពើហិង្សា​រីកធំឡើង​នៅក្នុង​បាតុកម្ម​អាវកាក់​ពណ៌​លឿង​សប្តាហ៍​ទី ២៣​។​

​សហជីព​ប៉ូលិស​បាន​រិះគន់​ការអំពាវនាវ​របស់​ក្រុមអ្នកតវ៉ា​ថា​ជាការ​ប្រមាថ​មិនអាច​ទទួលយកបាន​ចំពោះ​មន្ត្រីប៉ូលិស​ដែល​បាន​សម្លាប់ខ្លួន​និង​គ្រួសារ​រងទុក្ខវេទនារ​បស់​ពួកគេ​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ​លោក​គ្រី​ស្តូ​ហ្វើ ខា​ស្តា​ន័​រ បាន​ហៅ វា​ថា​ជា “​ការ​អាម៉ាស់​” និង​សន្យា​ផ្តល់​ការគាំទ្រ​ដល់​ប៉ូលិស​និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដែល​ស្ថិតនៅក្រោម​សម្ពាធ​ដ៏​ខ្លាំងក្លា ខណៈដែល​ការតវ៉ា​របស់​ពួក​អាវកាក់​ពណ៌​លឿង​ជួនកាល​បាន​ប្រែ​ទៅជា​អំពើហិង្សា​។​

​ការិយាល័យ​រដ្ឋអាជ្ញារ​បស់​ទីក្រុង​ប៉ារីស​បាន​និយាយថា ការស៊ើបអង្កេត​មួយ​ត្រូវបាន​បើក​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ស្វែងរក​អ្នក​ដែល​អាច​ត្រូវបាន​ផ្តន្ទាទោស​ចំពោះ “​បទល្មើស​ជា​លក្ខណៈ​ក្រុម​” ដែល​ប្រព្រឹត្ត​ដាក់​ប៉ូលិស​ដែល​អនុវត្ត​ន៍សិទ្ធិអំណាច​សាធារណៈ​៕ ដោយ៖ កញ្ញាដាលីស/Ha

បាតុករ​អាវកាក់​ពណ៌​លឿង​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ក្រុងប៉ារីស​កាលពី​ថ្ងៃអាទិត្យ