ក្រុមបាល់ទាត់​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

1603
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: ក្រុមបាល់ទាត់​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា បាន​កក់​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី​យកឈ្នះ​ក្រុម​សឹង្ហ​បូរី ១​ទល់​០​។​

​មួយ​ប្រកួត​ដំបូង​ក្រុម​កម្ពុជា​មិនមាន​សំណាងល្អ​ឡើយ ដោយសារតែ​លេង​ចាញ់​ក្រុម​ឡាវ ១​ទល់​២ តែ​សម្រាប់​ការប្រកួត​លើក​ទី​២ ក្រុម​កម្ពុជា​បាន​យកឈ្នះ​ក្រុម​សឹង្ហ​បូរី ១​ទល់​០ ហើយ​ជ័យជំនះ​នេះ បានធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ដណ្ដើមបាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

​នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ពានរង្វាន់​ព្រះមហាក្សត្រ​ប្រ៊ុយណេ Hassanal Bolkiah Trophy 2018 ដែល​ការប្រកួត​នេះ ធ្វើឡើង​នៅ​យប់​ថ្ងៃទី​៣០​មេសា នាទី​លាន Track & Field Sport Complex នៃ​ប្រទេស​ប្រ៊ុយណេ​។​

​លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​គ្រូបង្វឹក​បានផ្ដល់​ព័ត៌មាន​មក​ថា ជាមួយនឹង​ជ័យជំនះ​នេះ កីឡាករ កម្ពុជា​ម៉ាត់ ណូ​រុន សមាជិក​ក្លឹប​អគ្គិសនី​កម្ពុជា បាន​រងរបួស​ធ្ងន់ ដោយ​បែក​ចង្ការ ហើយ​ដេរ ជាង ២០​ថ្នេរ​ឯណោះ បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡាករ​សិង្ហ​បុរី Irfan Fandi ដែល​លើកជើង​ធាក់​រារាំង​ការ​បណ្ដើរ​បាល់​ចូល​ប្រអប់​គ្រោះថ្នាក់​របស់​សិង្ហ​បុរី នៅ​នាទី​៣៤​។​

​សូមបញ្ជាក់ថា គ្រាប់​បាល់​ជ័យជម្នះ​របស់​កម្ពុជា រកបាន​ដោយ​កីឡាករ សុះ ស៊ូ​ហា​ណា បន្ទាប់ពី​លេង​បាន​១០​នាទី​។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់ Hassanal Bolkiah Trophy 2018 ក្រុម U21​កម្ពុជា​(​លេខ​២ ពូ​ល​B) ត្រូវ​ជួប​ក្រុមយុវជន​មី​យ៉ាន់​ម៉ា​(​លេខ​១ ពូ​ល​A) និង​ក្រុមយុវជន​សិង្ហ​បុរី​(​លេខ​១ ពូ​ល​B) ត្រូវ​ជួប​ក្រុមយុវជន​ទី​ម័​រ​ខាងកើត​(​លេខ​២ ពូ​ល​A)៕

#