ក្រុមប្រឆាំង​ថៃ​និយាយថា​«​មិនទាន់​យឺត​ពេល​»​ទេ ខណៈ​កិច្ចពិភាក្សា​បង្កើត​ក្រុមចំរុះ​គាំទ្រ​យោធា​ជាប់គាំង​

638
ចែករម្លែក

​បក្ស​ភឿ​ថៃ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​របស់​ថៃ​កាលពី​ថ្ងៃ​ពុធ​ទី​២៩​ឧសភា​បាន​អំពាវនាវ​ទៅ​គណបក្ស​ផ្សេងៗ​ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​២៤​មីនា​អោយ​​ច្រានចោល​សំណើ​របស់​គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​តរបស់​ក្រុម​យោធា​សំរាប់​បង្កើត​ក្រុមចំរុះ​មួយ​ដើម្បី​រក្សា​ទុក​ប្រមុខ​របប​សឹក​ជា​នាយករដ្ឋមន្ត្រី​ដដែល​។​

​ការអំពាវនាវ​នេះ​កើតឡើង​នៅពេល​គណបក្ស​ផា​ឡាំង​ ​ប្រា​ចា​រ៉ា​ត​ ​ព្យាយាម​បញ្ចុះបញ្ចូល​គណបក្ស​ធំៗ​យ៉ាងតិច​២​អោយ​ចូលរួម​ក្នុង​ក្រុម​ចំរុះ​មួយ​សំរាប់​បង្កើត​រដ្ឋាភិបាល​ថ្មី ទោះ​​ជា​យ៉ាង​ណា​គណបក្ស​ប្រជាធិបតេយ្យ​និង​ឆាត ថៃ ផាត​តា​ណា បាន​ដាក់​លក្ខខណ្ឌ​សំរាប់​ខ្លួន​ចូលរួម​ជាមួយ​ក្រុម​យោធា​។​

​ការចរចា​ផ្តល់​អំណាច​កំពុង​ប្រព្រឹត្តទៅ​នៅ​២​ខែ​ក្រោយ​ការបោះឆ្នោត​សកល ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ជិត​៥​ឆ្នាំ​ក្រោយ​ពី​មេទ័ព​ប្រា​យុទ្ធ ចាន​អូ​ចា ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ដឹក​​នាំ​ដោយ​បក្ស​ភឿ​ថៃ ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​ភឿ​ថៃ ដែល​ដឹកនាំ​ក​ក្រុមចំរុះ​៧​គណបក្ស បាន​ឆ្លៀតពេល​ដែល​គណបក្ស​ទាំង​ពីរ​នៅ​ស្ទាក់ស្ទើរ ដោយ​អំពាវនាវ​អោយ​មាន​ការ​រួមដៃគ្នា​ប្រឆាំងនឹង​ឧត្តមភាព​យោធា​លើ​រដ្ឋាភិបាល​។​

​អគ្គលេខា​គណបក្ស​នេះ លោក ភូម​ថា​ម វេ​ចាយ៉ា​ឆៃ បាន​និយាយថា​«​វា​មិនយឺត​ពេល​ពេក​ទេ​ដែល​គណបក្ស​ណាមួយ​ផ្លាស់ប្តូរ​ចិត្ត​»​។​

​សូមបញ្ជាក់​ថា​ក្នុង​ការបោះឆ្នោត​កាលពី​ខែ​មីនា​សំរាប់​សភា​ជាន់​ទាប មិន​មាន​គណបក្ស​ណាមួយ​ឈ្នះ​បាន​សម្លេងគាំទ្រ​ដាច់​ទេ តែ​គណបក្ស​ផា​ឡាំង ប្រចា​រ៉ាត​មាន​ប្រៀបដោយ​​សារ​តែ​រដ្ឋធម្មនុញ្ញ​ដែល​ក្រុម​យោធា​តាក់តែងឡើង​តំរូវ​អោយ​ព្រឹទ្ធសភា​ចូលរួម​បោះឆ្នោត​ជាមួយ​សភា​ក្នុង​ការជ្រើសតាំង​នាយករដ្ឋមន្ត្រី ខណៈ​សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​ត្រូវ​​បាន​ជ្រើសតាំងឡើង​ដោយ​ក្រុម​យោធា​ដោយ​ផ្ទាល់​ដៃ​។​

​នេះ​មានន័យថា គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ា​ត ឈ្នះ​បាន​សម្លេង​២៥០​មុន​ជា​ស្រេច​នៅក្នុង​ការបោះឆ្នោត​ដែល​ទាមទារ​សម្លេង​ភាគច្រើន​៣៧៦​ពី​សភា​ទាំង​ពីរ​ថ្នាក់​។​តែ​ដើម្បី​ដឹកនាំ​​រដ្ឋាភិបាល វា​ទាមទារ​សម្លេង​ភាគច្រើន​នៅក្នុង​សភា​ផងដែរ ដូច្នេះ​គណបក្ស​នេះ​ត្រូវការ​សម្លេង​២៥១​ឡើង​ក្នុង​សភា​ជាន់​ទាប​។​

​ពួក​គណបក្ស​ប្រជាធិបតេយ្យ ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ជាមួយ​ភឿ​ថៃ បាន​និយាយថា ការកែប្រែ​រដ្ឋធម្មនុញ្ញ​ក្រោយ​រដ្ឋប្រហារ​នឹង​ជា​លក្ខខណ្ឌ​មួយ​ដើម្បី​ខ្លួន​ចូលរួម​ក្នុង​ក្រុម​ចំ​​រុះ​ដឹកនាំ​ដោយ​ផា​ឡាំង ប្រា​ចា​រ៉ា​ត​។​

​ចំណែក​សមាជិក​សភា​បក្ស ឆាត ថៃ ផាត​តា​ណា ម្នាក់​បាន​និយាយថា គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត​មិនទាន់​បាន​ឆ្លើយតប​ឬ​យល់​ស្រប​តាម​លក្ខខណ្ឌរ​បស់​គណបក្ស​របស់​លោក​​នៅឡើយ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​គនបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា គណបក្ស​លោក​ចង់​រង់ចាំ​កិច្ចព្រមព្រៀង​មួយ​និង​«​យើង​មាន​ជំនឿ​ថា​​យើង​នៅតែ​អាច​បង្កើត​រដ្ឋាភិបាល​មួយ តែ​ពេល​នេះ​ជា​ពេល​ពិភាក្សា​គ្នា​ជាមួយ​គណបក្ស​ផ្សេងៗ​។​នៅ​ចុងបញ្ចប់ ខ្ញុំ​ជឿថា​នឹង​មាន​កិច្ចព្រមព្រៀង​គ្នា​មួយ​»៕​ដោយ​៖​វាសនា​

​មេដឹកនាំ​បក្ស​ភឿ​ថៃ​(​ស្តាំ​)​និង​អគ្គលេខា​បក្ស លោក ភូម​ថា​ម វេ​ចាយ៉ា​ឆៃ​នៅក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​២៧​មីនា ឆ្នាំ​២០១៩