ក្រុមប្រទេស G20 សន្យាបញ្ចេញប្រាក់ ៥ លានលានដុល្លាររួមគ្នាដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ១៩

87
ចែករម្លែក

ក្រុមប្រទេស G20 បានសន្យា “រួបរួមគ្នាជាធ្លុងមួយ” កាលពីថ្ងៃព្រហស្បតិ៍ទី២៦មីនាដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយនិយាយថាពួកគេនឹងចាក់បញ្ចូលប្រាក់ចំនួន ៥ លានលានដុល្លារទៅក្នុងសេដ្ឋកិច្ចពិភពលោកដើម្បីទប់ទល់នឹងជំងឺរាតត្បាត ចំពេលមានការព្យាករណ៍អំពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ។

ប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំនិងប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនបានចូលរួមក្នុងកិច្ចប្រជុំបន្ទាន់តាមរយៈវីដេអូខុនហ្វើរិនដឹកនាំដោយស្តេចអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ ដែលអំពាវនាវឱ្យមានចំណាត់ការសម្របសម្រួលខណៈកំពុងប្រឈមមុខនឹងសម្ពាធដើម្បីបញ្ចប់សង្រ្គាមតម្លៃប្រេងរវាងរបបក្រុងរីយ៉ាដនិងមូស្គូ ដែលបានរំខានទីផ្សារថាមពល។

កិច្ចពិភាក្សានេះកើតឡើងចំពេលមានការរិះគន់ថា ក្រុមប្រទេស G20 មានភាពយឺតយ៉ាវក្នុងការដោះស្រាយជំងឺរាតត្បាតកូវីដ១៩ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ជាង ២១.០០០ នាក់នៅទូទាំងពិភពលោកនិងបង្កឱ្យមានរលកវិបត្តិហិរញ្ញវត្ថុ នៅពេលមនុស្សជាង ៣ ពាន់លាននាក់ត្រូវបង្ខាំងខ្លួនឯងនៅក្នុងផ្ទះ។

ក្រុមមេដឹកនាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំកំពូលនេះថា “យើងប្តេជ្ញាយ៉ាងមុតមាំដើម្បីបង្ហាញនូវការរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងរួមមួយនេះ។ យើងនឹងចាក់បញ្ចូលទឹកប្រាក់ជាង ៥ លានលានដុល្លារទៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលជាផ្នែកមួយនៃគោលនយោបាយសារពើពន្ធ វិធានការសេដ្ឋកិច្ច និង ផែនការធានាការពារដើម្បីទប់ទល់នឹងផលប៉ះពាល់សង្គមសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីជំងឺរាតត្បាត”។

ក្រសួងការបរទេសចិនបាននិយាយថា តួលេខនេះគឺជាផលបូកសរុបនៃកញ្ចប់ថវិកាជំរុញសារពើពន្ធ ដែលបានអនុម័តដោយបណ្តារដ្ឋ G20 នីមួយៗ ហើយរបបក្រុងប៉េកាំងរួមចំណែក ៣៤៤ ពាន់លានដុល្លារ។

ខណៈមានក្តីកង្វល់ខ្លាំងឡើងចំពោះបណ្តាប្រទេសក្រីក្រដែលគ្មានលទ្ធភាពចូលទីផ្សារមូលធនឬគ្មានមណ្ឌលសុខភាពគ្រប់គ្រាន់ មេដឹកនាំ G20 ក៏បានសន្យាផងដែរថានឹងធ្វើការជាមួយស្ថាប័នមួយចំនួនដូចជាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីដាក់ពង្រាយកញ្ចប់ហិរញ្ញវត្ថុ “រឹងមាំ” ដើម្បីគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។

ស្តេចសាល់ម៉ាន់បានមានបន្ទូលថា “វាគឺជាការទទួលខុសត្រូវរបស់យើងក្នុងការជួយជាជំនួយដល់ប្រទេសកំពុងអភិវឌ្ឍ និង ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត”។

លោកពូទីនបានអំពាវនាវឱ្យផ្អាកទណ្ឌកម្មក្នុងពេលកំពុងមានជំងឺរាតត្បាត ដោយប្រាប់មេដឹកនាំ G20 ថា វាជាបញ្ហា “ស្លាប់រស់”។

ប្រធានាធិបតីបារាំងលោកអេមម៉ានូអែល ម៉ាក្រុងបាននិយាយនៅលើបណ្តាញសង្គម Twitter ថា “គំនិតផ្តួចផ្តើមដ៏រឹងមាំមួយ” នឹងត្រូវចាប់ផ្តើមដើម្បីជួយប្រទេសអាហ្វ្រិកដោះស្រាយវិបត្តិនេះ។

លោកមិនបានបញ្ជាក់ថាតើប្រទេសណាគួរទទួលបានការបន្ធូរបន្ថយទណ្ឌកម្មនោះទេ។ រុស្ស៊ីបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចជាច្រើនលើកបន្ទាប់ពីកាត់យកតំបន់គ្រីមេក្នុងឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

ស្តេចសាល់ម៉ាន់ធ្វើជាប្រធានរៀបចំកិច្ចប្រជុំ G20 តាមរយៈវីដេអូខុនហ្វើរិន