ក្រុមប្រឹក្សាធម្មនុញ្ញ ថ្កោលទោស​ចំពោះ​ការ​មួលបង្កាច់​ដោយ​ចេតនា​ទុច្ចរិត​របស់​បុគ្គល ប្រ៊ែ​ដ អាដាម ​

1215
ចែករម្លែក

(​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ បានចេញ សេចក្តីថ្លែងការណ៍​ថ្កោលទោស​និង​បដិសេធ​​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​មួលបង្កាច់ ដោយ​ចេតនា​ទុច្ចរិត​របស់​បុគ្គល ប្រ៊ែ​ដ អាដាម នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​បានលើកឡើង​តាម​វិទ្យុ​អាស៊ីសេរី​ធ្វើ​ឲ្យ​ប៉ះពាល់​មកលើ​​ស្ថាប័ន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ស្ថាប័ន​កំពូលៗ​ដទៃ​របស់​កម្ពុជា​។ ​

​តាមរយៈ​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​សង្កត់ធ្ងន់ថា “​ការលើកឡើង​របស់ លោក ប្រ៊ែ​ដ អាដាម នេះ​ជាការ​រំលោភ​​លើ​ឯករាជ្យ អធិបតេយ្យ រំលោភ​លើក​រដ្ឋធម្មនុញ្ញ និង​កិច្ចការ​ផ្ទៃក្នុង របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រុមប្រឹក្សាធម្មនុញ្ញ​សូម​ថ្កោលទោស និង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ ការ​មួលបង្កាច់​ដោយ​ចេតនា​ទុច្ចរិត​របស់​បុគ្គល​នេះ ដែល​បាន​រំលោភបំពាន​ធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ​”​។​
​ ​
​គួររំលឹកថា នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) លោក ប្រ៊ែ​ដ អាដាម (Brad Adams) តាមរយៈ​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ កក្កដា បាន​អំពាវនាវ​ឲ្យ​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​ភាពក្លាហាន​ហ៊ាន​ចុះ​ចេញពី​តំណែង​ជាបន្ទាន់​ព្រោះ​អ្នក​ទាំង​​នោះ​មិនបាន​បំពេញការងារ​របស់ខ្លួន​ជា​អ្នកការពារ​កុំ​ឲ្យ​មានការ​រំលោភ​រដ្ឋធម្មនុញ្ញ​។​
​ ​
​លោក​អាដាម បាន​លើកឡើងថា “​សមាជិក​ទាំង​អស់នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​នាំគ្នា​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ​គួរ​នាំគ្នា​លាឈប់​ពី​​តំណែង​ក្រុមប្រឹក្សា​នេះ​ភ្លាម ព្រោះ​ពួកគេ​មិនបាន​បំពេញការងារ​ឲ្យ​ស័ក្ដិសម​នឹង​ឈ្មោះ​ជា​អ្នករក្សា និង​ការពារ​រដ្ឋធម្មនុញ្ញ​កុំ​ឲ្យ​មានការ​​រំលោភបំពាន​នោះទេ​។ រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។ ក្នុង​របប​ប្រជាធិបតេយ្យ​សេរី​​ពហុបក្ស គេ​មិនដែល​ធ្វើ​ច្បាប់​ណា​ហាមឃាត់​មេដឹកនាំ​បក្សប្រឆាំង​មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​នោះទេ​។​ដូច្នេះ​សមាជិក​គ្រប់រូប​​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ គួរ​មាន​សេចក្ដីក្លាហាន និង​ចេះ​មានការ​ខ្មាសអៀន ហ៊ាន​ចុះ​ចេញពី​តំណែង​ភ្លាម​កុំ​នៅ​បន្ត​រួមគ្នា​ធ្វើ​​បំពាន​បែបនេះ​តទៅទៀត​”៕​ដោយ​៖​វិបុល​