ក្រុមប្រឹក្សាធម្មនុញ្ញ​យល់​ស្រប​ចំពោះ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​

848
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​នេះ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ដើម្បី​ពិនិត្យ​និង​សម្រេច​សំណើ​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំ​ពិនិត្យ​ធម្មនុញ្ញភាព​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្រោម​អធិបតីភាព​លោក​អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ឲ្យ​ដឹងថា​ក្រុមប្រឹក្សាធម្មនុញ្ញ​បានសម្រេច​ជា​ឯកច្ឆ័ន្ទ​ដោយ​ចំនួន​៨​សំឡេង​នៃ​ចំនួន​សមាជិក​​ក្រុមប្រឹក្សាធម្មនុញ្ញ​ទាំងមូល​(​អង្គ​វត្តមាន​មួយអង្គ​ដោយ​មូលហេតុ​ប្រឈួន​)​ថា ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ស្របតាម​ធម្ម​ន​ញ្ញ​ភាព​។​

​ព្រឹទ្ធសភា បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នេះ​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​ដោយ​សម្លេង ៥៦​លើ​៥៦ នៃ​វត្តមាន​សមាជិក​ព្រឹទ្ធសភា ចូលរួម​ប្រជុំ ដែលជា​សំ​ឡេ​គាំទ្រ​ភាគច្រើន​លើសលុប​។​

​គួររំលឹកថា​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ សេចក្តីស្នើច្បាប់​នេះ ជាការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូល​រួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្ម​ភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោ​បាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល​ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​

​គួរ​បញ្ជាក់ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​រដ្ឋសភា ព្រឹទ្ធសភា ពិភាក្សា និង​អនុម័ត​ដំបូង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ ដោយ​ច្បាប់​នេះ​ដំបូង​មានតែ​៤៥​មាត្រា និង​បានធ្វើ​វិសោធនកម្ម​ចំនួន​ពីរលើក​រួចមកហើយ គឺ​វិសោធនកម្ម​លើក​ទី​១ នៅ​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៧ និង​វិសោធនកម្ម​លើក​ទី​២ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​។ ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅពេលនេះ គឺជា​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ជា​លើក​ទី​៣ ដែល​បាន​ធ្វើជា​សេចក្តីស្នើច្បាប់ ចេញពី​ការប្រជុំ​ត្រួតពិនិត្យ​នៃ​អ្នកតំណាងរាស្ត្រ​ក្នុង​រដ្ឋសភា អាណត្តិ​ទី​៦ នេះ​។​
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប រយៈពេល ៥​ឆ្នាំ​៕​សរន​