ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បណ្តុះបណ្តាល​អ្នកសង្កេតកា​រណ៍​ជាង​មួយ​ពាន់​នាក់​

734

​ដោយ : មុនី​រ័ត្ន / ​ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​សង្កេតការណ៍​សង្គម​ស៊ីវិល​ជាតិ ជាង​១០០០​នាក់ មកពី​អង្គការ សមាគម​ចំនួន​៩៤ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨។ពិធីប្រារព្ធ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា នេះ​។​

​លោក​ កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​ថ្លែងថា ការរៀបចំឲ្យមាន​វគ្គ​បណ្តុះបណ្តាល​អ្នកសង្កេតការណ៍​សង្គម​ស៊ីវិល​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​យ៉ា​ច្បាស់​អំពី​ការយកចិត្តទុកដាក់​អំ​ពី​តួនាទី​របស់​អង្គការ សមាគម ក្នុងការ​ចូលរួម​ពង្រឹង​ដំណើរការ នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា តាមរយៈ​ការបង្ហាញ​អំពី​គោលជំហរ​អ​ព្យា​ក្រឹត្យ​ផ្អែកលើ​ការវាយតម្លៃ​របស់ខ្លួន​ដោយ​សុ​ក្រឹត្យ និង​អ​ព្យា​ក្រឹត្យ ចំពោះ​ដំណើរ​​​នៃ​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត នា​ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ អ្នកសង្កេត​ការណ៍​ទាំងអស់​នឹងចូលរួម​ដោយផ្ទាល់​ផងដែរ ដល់​ការធានាបាន​នូវ​អធិបតេយ្យភាព និង​ភាពជា​ម្ចាស់ការ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​។

​លោក​បន្តថា ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ ការចូលរួម​សង្កេតការណ៍​ក្នុងការ​បោះឆ្នោត​ពី​សំណាក់​អ្នកសង្កេត​ការណ៍​សង្គម​ស៊ីវិល​ជាតិ គឺជា​ការចាំបាច់​ណាស់ ដើម្បី​ចូលរួម​ពិនិត្យ​ដោយផ្ទាល់​អំពី​ដំណើរការ​បោះឆ្នោត ប្រកប​ដោយ​តម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត​។​

​លោក​បញ្ជាក់ថា អ្នកសង្កេតការណ៍​ជាតិ​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ រួមមាន​អង្គការ សមាគម ចំនួន​៩៤ ដែលមាន​អ្នកសង្កេតការណ៍​សរុប​ចំនួន​១០៣៨​នាក់ មកពី​២៥​រាជធានី ខេត្ត និង​បាន​ចុះឈ្មោះ​ជា​អ្នក​សង្កេតការណ៍ និង​បានទទួល​ស្គាល់​ដោ​យគ​.​ជ​.​ប. រួចហើយ​៕B/សរន

​លោក​ កឹម​រ័ត្ន វិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល