ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​អំពាវនាវ​ឱ្យមាន​ចំណាត់ការ​បន្ទាន់​ដើម្បី​បញ្ចប់​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​

97

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ​ទី​១៣​កញ្ញា បាន​អំពាវនាវ​ឱ្យមាន​ចំណាត់ការ​ជាបន្ទាន់​ដើម្បី​បញ្ចប់​អំពើហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ស្របពេល​ដែល​លោក​អង់​តូ​នី​ញ៉ូ គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​និយាយថា យុទ្ធនាការ​វាយ​បង្ក្រាប​ដោយ​កងទ័ព គឺ​ទំនងជា​សំដៅលើ​ការ​បោសសម្អាត​ក្រុម​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​។​

​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​មក​នោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែលមាន​ប្រទេស​ជា​សមាជិក​១៥ ដែល​រួមទាំង​ចិន​ដែលជា​អ្នកគាំទ្រ​អតីត​របប​ដឹកនាំ​ដោយ​យោធា​មី​យ៉ាន់​ម៉ា​នោះបាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការប្រើ​កម្លាំង​ទ័ព​ខ្លាំង​ជ្រុល​ក្នុងអំឡុង​ប្រតិបត្តិ​ការការពារ​សន្តិ​សុខ​នៅ​រដ្ឋ​រ៉ា​ឃី​ន និង បាន​អំពាវនាវ​ឱ្យមាន​ចំណាត់ការ​បន្ទាន់​ដើម្បី​បញ្ចប់​អំពើហិង្សា​នេះ​។​

​វា​ជា​លើកទីមួយ​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ព្រមព្រៀង​ក្នុងការ​ឆ្លើយតប​រួមគ្នា​ចំពោះ​វិបត្តិ​នេះ ដែល​បណ្តាលមកពី​ការ​វាយ​បង្ក្រាប​ដោយ​យោធា បន្ទាប់ពី​មានការ​វាយប្រហារ​ជាច្រើនលើក​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា កាលពី​ចុងខែ​មុន​។​

​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ជិត​៣៨០.០០០​នាក់ បាន​រត់​ភៀសខ្លួន​ចេញពី​អំពើហិង្សា ហើយ​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​

​នៅ​ស​ន្នី​សីទ​កាសែត​មួយ នៅ​ទីក្រុង​ញូវយ៉ក លោក គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​យុទ្ធនាការ​យោធា​នៅ​រដ្ឋ​រ៉ា​ឃី​ន ហើយ​បាន​និយាយថា ការរត់​ភៀសខ្លួន​ដ៏​ច្រើន​នៃ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា គឺ​អាចជា​សញ្ញា​នៃ​ការ​បោសសម្អាត​ក្រុម​ជនជាតិភាគតិច​៕ ដោយ៖ សុខា

​ប៉ូលិស​មី​យ៉ាន់​ម៉ា ឈរ​យាម​ការពារ​សន្តិសុខ​នៅ​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ទីក្រុង​ស៊ីត​វ៉េ នៅ​រដ្ឋ​រ៉ា​ឃី​ន