ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ជួបប្រជុំ​បិទទ្វារ​ស្តីពី​វិបត្តិ​នៅ​ស៊ូដង់

710
ចែករម្លែក

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ជួបប្រជុំ​បិទទ្វារ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​មិថុនា ​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ស៊ូដង់ បន្ទាប់ពី​មេដឹកនាំ​យោធា​របស់​ទីក្រុង​ខា​ទុំ​ បានប្រកាស​ផែនការ​រៀបចំ​ការបោះឆ្នោត​បន្ទាប់ពី​មានការ​បង្ក្រាប​មួយ​ដែល​សម្លាប់​មនុស្ស​ជិត ៤០ នាក់​។​

​អាល្លឺម៉ង់​និង​អង់គ្លេស​បានស្នើ​សុំឱ្យ​មាន​ការពិភាក្សា​បន្ទាន់​ក្នុង​គ្រា​មានការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​ជុំវិញ​អំពើហិង្សា​នៅ​ទីក្រុង​ខា​ទុំ កន្លែង​ដែល​កម្លាំង​សន្តិសុខ​បាន​បំបែក​ការតវ៉ា​ជាច្រើន​សប្តាហ៍​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ពួកយោធា​។​

​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ លោក គ្រី​ស្តូប ហ៊ូ​ស​ហ្គេ​ន (Christoph Heusgen) បាន​និយាយថា “​យើង​ត្រូវការ​ការវិលត្រឡប់​ទៅកាន់​តុ​ចរចា​ជាបន្ទាន់​។ ភាពស្របច្បាប់​​មិនអាច​កើតចេញពី​ចុង​កាំភ្លើង​នោះទេ​”​។​

​អ្នកការទូត​អាល្លឺម៉ង់​រូបនេះ​បាន​ច្រានចោល​ផែនការ​មួយ​ដោយ​ក្រុមប្រឹក្សា​យោធា​ស៊ូដង់​ដើម្បី​រៀបចំ​ការបោះឆ្នោត​ក្នុង​រយៈពេល​៩​ខែ​ទៀត ដោយ​លើកឡើងថា លក្ខខណ្ឌ​មិន​ស្ថិត​នៅនឹងកន្លែង​សម្រាប់​ការបោះឆ្នោត​នៅ​ទូទាំងប្រទេស​ទេ​។​

​លោក​ហ៊ូ​ស​ហ្គេ​ន ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ឥឡូវនេះ ការអំពាវនាវ​ឱ្យមាន​ការបោះឆ្នោត​បន្ទាន់ គឺ​ស្មើនឹង​បដិសេធ​លទ្ធិប្រជាធិបតេយ្យ​”​។​

​ក្រុមប្រឹក្សា​យោធា​បាន​គ្រប់គ្រង​ប្រទេស​ចាប់តាំងពី​ការទម្លាក់​ប្រធានាធិបតី​អូ​ម៉ា អាល់​បា​សៀរ កាលពី​ថ្ងៃទី ១១ មេសា បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំងនឹង​ការគ្រប់គ្រង​​​ផ្តាច់ការ​របស់គាត់​ជាច្រើន​ខែ​។​

​ការចរចា​រវាង​មេដឹកនាំ​យោធា​និង​មេដឹកនាំ​បាតុកម្ម​បា​នប​រា​ជ័យ​ដោយសារតែ​ការខ្វែងគំនិត​គ្នា​លើ​ថា​តើ​ស្ថាប័ន​អន្តរ​កាលដែល​បានគ្រោង​ទុក នឹងត្រូវ​ដឹកនាំ​ដោយ​ស៊ីវិល​ឬ​មេដឹកនាំ​យោធា​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​​ លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​របស់​ភ្នាក់ងារ​សន្តិសុខ​ស៊ូដង់ ហើយ​បាន​និយាយថា ​លោក​មានការ​ព្រួយបារម្ភ​ចំពោះ​របាយការណ៍​ដែលថា កងកម្លាំង​បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​មន្ទីរពេទ្យ​មួយ​។​

​ប្រមុខ ​អ​.​ស​.​ប ​រូបនេះ​អំពាវនាវ​ឱ្យមាន​ការចរចា​ដើម្បី​បន្ត​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​ទៅកាន់​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​ស៊ីវិល​៕ ដោយ៖ កញ្ញាដាលីស/Ha

អាល្លឺម៉ង់​និង​អង់គ្លេស​ស្នើឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​កោះប្រជុំ​បន្ទាន់​ស្តីពី​វិបត្តិ​នៅ​ស៊ូដង់