ក្រុមប្រឹក្សាយោធាថៃ​ចោទប្រកាន់​ប្រឆាំង​អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ​

296

​ប្រភពព័ត៌មាន​ពី​ប៉ូលិស​បានឱ្យដឹង​កា​លព​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ធ្នូ​ថា ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្ដាប់ធ្នាប់​ថៃ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​លោកស្រី ស៊ូ​នីសា ឡឺត​ផា​កា​វ៉ា​ត់ (Sunisa Lertpakawat) អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ​ចំពោះ​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ដោយ​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការដាក់ទណ្ឌកម្ម​រាងកាយ​និង​ការប្រព្រឹត្ត​មិន​ស្មើភាព​គ្នា​រវាង​តារាចម្រៀង អា​ទី​វ៉ា​រ៉ា ទូ​ន គង់​ម៉ាឡៃ និង​ពួក​អ្នកភូមិ​។

​លោក បូ​រិ​ន ថោ​ម​ប្រា​ប៉ៃ អ្នកតស៊ូ​មតិ​ចៅក្រម​នៃ​បុគ្គលិក​យោធា កាលពី​ថ្ងៃ​ពុធ​បានដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង លោកស្រី​ស៊ូ​នីសា នៅឯ​នាយកដ្ឋាន​ទប់​
​ស្កាត់​ឧក្រិដ្ឋកម្ម​បច្ចេកវិជ្ជា (TCSD) ដោយ​ចោទប្រកាន់​លោកស្រី​អំពី​ការបញ្ចូល​ព័ត៌មាន​ក្លែងក្លាយ​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែលជា​ការរំលោភ​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ និង ច្បាប់ព្រហ្មទណ្ឌ​។​

​លោកបូ​រិ​ន​បានធ្វើ​ក្នុងនាម​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ដើម្បី​សន្តិភាព​និង​សណ្ដាប់ធ្នាប់ ដែល​បានចេញ​បទបញ្ជា​នៅ​ថ្ងៃ​ដដែល​នោះ ដើម្បី​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​លោកស្រី​។​

​ចំណាត់ការ​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​លោកស្រី​ស៊ូ​នីសា​បាន​បង្ហោះ​សារ​ជាច្រើន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​រិះគន់​របប​ដឹកនាំ​ដោយ​យោធា​នេះ​
​អំពី​បញ្ហា​ជាច្រើន​។​

​លោកស្រី​ស៊ូ​នីសា​បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ដោយបាន​រិះគន់​ខ្លាំង​ទៅលើ​កងទ័ព​ចំពោះ​ការស្លាប់​ទាហាន​និង​សិស្ស​ទាហាន​ច្រើន​នាក់ ដោយសារតែ​ការដាក់ទណ្ឌកម្ម​លើ​រាងកាយ​នៅក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ ដែល​អាច​ប៉ះពាល់​ដល់​ការចូល​បម្រើកងទ័ព​។​

​លោកស្រី​បាន​អះអាងថា ក្រុមគ្រួសារ​នៃ​អ្នកស្លាប់​ដែល​មិន​បិទ​ភ្នែក​ចំពោះ​ភាពអយុត្តិធម៌​នៅ​ពីក្រោយ​ការស្លាប់​នោះ អាច​ត្រូវបាន​កោះហៅ​សម្រាប់​ជំនួប​
​កែតម្រូវ​អាកប្បកិរិយា​របស់​ពួកគេ បើ​មិន​ដូច្នេះ​ទេ ពួកគេ​អាច​ប្រឈម​នឹង​ការកាត់ទោស​។​

​នៅ​ថ្ងៃទី​៣​ខែធ្នូ លោកស្រី​ស៊ូ​នីសា​បាន​សរសេរ​នៅលើ​ទំព័រ​របស់​លោកស្រី ដោយបាន​រិះគន់​រដ្ឋាភិបាល​ចំពោះ​ភាព​ខ្ជិលច្រអូស​ដែលជា​ភាព​អសកម្ម​របស់ខ្លួន​។ មន្ត្រី​នោះបាន​និយាយថា​រដ្ឋាភិបាល​បាន​រង់ចាំតែ​ការបរិច្ចាគ​ពី​អង្គការ​សប្បុរសធម៌រ​បស់​តារាចម្រៀង អា​ទី​វ៉ា​រ៉ា នៃ​ក្រុម​ចម្រៀង Bodyslam ប៉ុណ្ណោះ​។​

​លោកស្រី​បាន​និយាយថា រដ្ឋាភិបាល​គួរតែ​រក​វិធី​បង្កើន​ប្រាក់ចំណូល​រដ្ឋ ដូច្នេះ​វា​មិនចាំបាច់​ប្រើ​ជំនួយ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​ទេ​។​

​នៅ​ថ្ងៃ​បន្ទាប់ លោកស្រី​បាន​បង្ហោះ​សារ​ម្តងទៀត​ដោយ​ចោទប្រកាន់ នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ថា​បានធ្វើ​រឿង​អយុត្តិធម៌ នៅពេល​លោក​បាន​ប្រៀបធៀប​តារាចម្រៀង​រ៉ុ​ក​នេះ​ជាមួយ​កសិករ​ដាំ​កៅស៊ូ នៅ ខេត្ត​សុង​ក្លា និង ក្រុម​អ្នកនេសាទ​នៅ​ខេត្ត​ប៉ាត់​តានី​។​

​កាលពីពេល​មុននេះ អ្នកភូមិ​នៅ​ខេត្ត​សុង​ក្លា​ច្រើន​នាក់ ដែល​តវ៉ា​ប្រឆាំងនឹង​រោងចក្រ​ថាមពល​ធ្យូងថ្ម​មួយ​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុងអំឡុងពេល​ប៉ះទង្គិច​ជាមួយ​ក្រុម​អាជ្ញាធរ​៕ ដោយ៖ សុខា

លោកស្រី ស៊ូ​នីសា ឡឺត​ផា​កា​វ៉ា​ត់ អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ