ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្តីបន្ទោស​ខ្លាំងៗ​លើ​សហរដ្ឋ​អាម៉េរិក​ជុំវិញ​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​

161
ចែករម្លែក

​ក្នុងការ​ស្តីបន្ទោស​ខ្លាំងៗ​ចំពោះ​រដ្ឋបាល​ត្រាំ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចំនួន ១៤ ផ្សេងទៀត​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា​បាន​ជំទាស់​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស​របស់​សហរ​ដ្ឋ​អាម៉េរិក​ថា​ខ្លួន​លែង​ចាត់ទុក​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​ជា​ការបំពានច្បាប់​អន្តរជាតិ​។​

​ពួកគេ​បាន​ព្រមាន​ថា​គោលនយោបាយ​អាម៉េរិក​ថ្មី​ធ្វើឱ្យ​អន្តរាយ​ដល់​ដំណោះស្រាយ​រដ្ឋ​ពីរ​ចំពោះ​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​ពីរ​ថ្ងៃ​បន្ទាប់ពី​ការប្រកាស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ កិច្ចប្រជុំ​ប្រចាំខែ​អំពី​តំបន់​មជ្ឈិមបូព៌ា​របស់​ក្រុមប្រឹក្សាសន្តិសុខ​ត្រូវបាន​គ្របដណ្តប់​ដោយ​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​គោលនយោបាយ​អាម៉េរិក​ថ្មី​ពី​បណ្តា​ប្រទេស​ដែល​តំណាងឱ្យ​តំបន់​ទាំង​អស់នៃ​ពិភពលោក ដែល​បាន​និយាយថា ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​ទាំងអស់​គឺ​ខុសច្បាប់​ក្រោម​ច្បាប់​អន្តរជាតិ​។

​មានតែ​ឯកអគ្គរដ្ឋទូត​អ​.​ស​.​ប​របស់​អ៊ីស្រាអែល​គឺ​លោក ដាន​នី ដា​ណុន ប៉ុណ្ណោះ ដែល​មិនមែនជា​សមាជិក​ក្រុមប្រឹក្សា បាន​និយាយ​គាំទ្រ​ដល់​សកម្មភាព​របស់​ស​ហ​រដ្ឋ​អាម៉េរិក ដោយ​និយាយថា “​វា​បាន​កែ​កំហុស​ប្រវត្តិសាស្ត្រ​ឱ្យ​ត្រូវ​”​។ លោក​ក៏បាន​ហៅ​ការ​រិះគន់ថា​ជា “​ឧបសគ្គ​ចំពោះ​សន្តិភាព​” ផងដែរ ដែល “​រារាំង​ការចរចា​ដោយផ្ទាល់​” រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​លោក​ដា​ណុន​និយាយថា “​នៅពេល​សហគមន៍​អន្តរជាតិ​ព្យាយាម​បង្ខំ​ឱ្យមាន​ដំណោះស្រាយ​របស់ខ្លួន វា​នឹង​ទទួលបាន​លទ្ធផល​ផ្ទុយ​។ នៅពេល​ប៉ា​ឡេ​ស្ទី​ន​ដឹងថា​ការប្រយុទ្ធ​តស៊ូ​របស់​ពួកគេ​កំពុង​ត្រូវបាន​គេ​ជួយ​ប្រយុទ្ធ​ជំនួស តើ​ពួកគេ​ចាំបាច់​អី​មក​តុ​ចរចា ដែល​ពួកគេ​ត្រូវតែ​សម្របសម្រួល​នោះ​?”​។​

​នៅមុន​កិច្ចប្រជុំ​នេះ​ចាប់ផ្តើម សម្ព័ន្ធមិត្ត​អឺរ៉ុប​ចំនួន ៥ របស់​សហរដ្ឋ​អាម៉េរិក​ដូចជា​អង់គ្លេស​បារាំង​អាល្លឺម៉ង់​បែ​ល​ហ្សិ​ក​និង​ប៉ូឡូញ​បានបញ្ជាក់​ជាថ្មី​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា “​រាល់​សកម្មភាព​តាំង​ទីលំនៅ​ទាំងអស់​គឺ​ខុសច្បាប់​នៅក្រោម​ច្បាប់​អន្តរជាតិ​”​។​

​ក្រុម​ប្រទេស​អឺរ៉ុប​ទាំងនេះ​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល “​បញ្ចប់​សកម្មភាព​តាំងទី​លំនៅ ដើម្បីឱ្យ​ស្របតាម​កាតព្វកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​រដ្ឋអំណាច​កាន់កាប់​” ដោយ​និយាយថា​សកម្មភាព​បែបនេះ “​បាន​បំផ្លាញ​លទ្ធភាព​ជោគជ័យ​នៃ​ដំណោះស្រាយ​រដ្ឋ​ពីរ​និង​ការរំពឹងទុក​អំពី​សន្តិ​ភាព​យូរអង្វែង​”៕ ដោយ៖ កញ្ញាដាលីស

ក្រុមប្រឹក្សាសន្តិសុខ​រៀបចំ​កិច្ចប្រជុំ​អំពី​មជ្ឈិមបូព៌ា​កាលពី​ថ្ងៃ​ពុធ