ក្រុមប្រឹក្សា​ជនពិការ​សាទរ​ការផ្តល់​អាហារូបករណ៍​ដល់​ជនពិការ​ជាប់​បាក់​ឌូ​ប​

465
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ លោក ឯម ច័ន្ទ​មករា បាន​សាទរ​យ៉ាងខ្លាំង​ចំពោះ​ការប្រកាស់​ផ្តល់ អាហារូបករណ៍​ស្វ័យប្រវត្តិ​ដល់​សិស្ស​មាន​ពិការភាព ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា ឬ បាក់​ឌូ​ប ថា ការផ្តល់​អាហារូបករណ៍​ស្វ័យប្រវត្តិ​ដល់​សិស្ស​ដែលមាន​ពិការភាព​នេះ ស្របទៅនឹង​ផែនការ យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ពិការភាព​ផង គឺជា​ការយកចិត្តទុកដាក់​ចំពោះ​ជន​មាន​ពិការភាព ឱ្យទទួល​បានការ​អប់រំ​ថ្នាក់​ឧ​ត្ត​ម ដូច​ជន​ទូទៅ​ផង ដែល​ប្រការនេះ ធ្វើឱ្យ​ជន​មាន​ពិការភាព ទទួលស្គាល់ថា ពួកគាត់​មិនត្រូវ​បាន​សង្គម​ព្រងើយកន្តើយ ហើយ​ថែមទាំង​ផ្តល់​អាទិភាព​ទៀតផង ហើយក៏​ជាការ​បញ្ជាក់​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុង​ការធ្វើសមាហរណកម្ម ពោលគឺ​ការដាក់ ជន​មាន​ពិការភាព និង សិស្ស​ទូទៅ ឱ្យ​សិក្សា​ជាមួយគ្នា ផង ។ វិធាន​ការដែល​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​អប់រំ​ប្រកាស​នេះ គឺជា​សារ​នយោបាយ​ដ៏​មាន​សារសំខាន់​ខ្លាំងណាស់ គឺ​ផ្ទុក​ទៅ អត្ថន័យ​យ៉ាង​ពិសេស​ពិសាល ហើយ​នេះ​គឺជា​វឌ្ឍនភាព ថ្មី​មួយទៀត​សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា ។​


​សូម​រំឭកថា តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រសួង​អប់រំ​យុវជន និង កីឡា លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានប្រកាសថា ” ជន​មាន​ពិការភាព ដែល បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌូ​ប នឹង​ទទួលបាន​អា​រូបករណ៍​ដោយ​ស្វ័យប្រវត្តិ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ” ។ ប្រការនេះ បានសេចក្តីថា អំណឹះតទៅ​សិស្ស​ដែលមាន​ពិការភាព មិនបាច់​បារម្ភ​ថា​គ្មាន​លទ្ធភាព​សិក្សា​នៅ​មហាវិទ្យាល័យ​ទៀត​ទេ ។​


​លោក ឯម ច័ន្ទ​មករា បាន​សំណូមពរ​ដល់​ជន​មាន​ពិការភាព​ទាំងអស់ ឱ្យខិត​ខំរៀន​សូត្រ បង្កើន​សមត្ថភាព​រប​ស់​ខ្លួន ចាប់យក​ឱកាស​ដ៏​ល្អ​វិសេសវិសាល​នេះ​ឱ្យបាន​ច្រើន ដើម្បី ប្រកួតប្រជែង​ដណ្តើម​ទីផ្សារការងារ ។


​ឆ្នាំ​សិក្សា ២០១៩ នេះ សិស្សានុសិស្ស​ដែលជា​ជន​មាន​ពិការភាព​សរុប ៦០.៦១០ នាក់ ក្នុងនោះ កម្រិត​វិទ្យាល័យ ៥.៤១៩ និង កម្រិត​ឧ​ត្ត​មសិ​ក្សា ៣៥៣ នាក់ ៕ Kh

​វិស័យ​ពិការភាព​នៅ​កម្ពុជា ត្រូវបាន​យកចិត្តទុកដាក់ និង លើកកម្ពស់ គួរឱ្យកត់សម្គាល់ ( រូបៈ ឯកសារ )
#