ក្រុមប្រឹក្សា​និង​គណៈ​អភិបាល​ត្រូវ​បង្កើន​កិច្ចសហការ​ ដើម្បី​អភិវឌ្ឍ​ខេត្ត​បន្ថែមទៀត​

279
ចែករម្លែក

ដោយ:បូកគោ​/​កំ​ពត ៖ ទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត ក៏ដូចជា​គ្រប់​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាលខេត្ត​ត្រូវ​បង្កើន​កិច្ចសហការ​ក្នុងការ​បំពេញ​កិច្ចការងារ​ ដើម្បី​អភិវឌ្ឍ​ខេត្តកំពត​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្តកំពត​ពីររូប កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ លោក​ លេង វី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​មកដល់ពេលនេះ រយៈពេល​ជិត​មួយខែ​ហើយ​ដែល​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣​បាន​បង្កើតឡើង​ក្រោយ ដំណើរការ​បោះឆ្នោត​ដោយ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​តំណាងឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​។

ដូច្នេះ​ដើម្បីឱ្យ​ខេត្តកំពត​មានការ​អភិវឌ្ឍ​ខេត្ត​កាន់តែ​រីកចម្រើន​ថែមទៀត ទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏ដូចជា​គណៈ​អភិបាលខេត្ត ព្រមទាំង​មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាលខេត្ត​ត្រូវ​បង្កើន​កិច្ចសហការ​ក្នុងការ​បំពេញ​កិច្ចការងារ​លើ​គ្រប់​វិស័យ​ទាំងអស់​។

លោក​រដ្ឋ​លេខ​ធិ​ការ​បាន​បន្តថា​ដោយឡែក​សម្រាប់​អភិបាលរង​ខេត្ត​ដែល ប្រកាស​ចូលកាន់​មុខតំណែង​នា​ថ្ងៃនេះ​ត្រូវមាន​សាមគ្គី​ល្អ​ទាំង​ជាមួយ​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និង​ខិតខំ​បំពេញភារកិច្ច​ស្របតាម​ការផ្តល់​ទំនុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន​។ សម្រាប់ រដ្ឋបាលខេត្ត​ទាំងមូល​ត្រូវ​បន្ត​យកចិត្តទុកដាក់ ពិសេស​បង្ការ​ទប់ស្កាត់​ភាពអវិជ្ជា​មាន​កំពុង​កើតឡើង​ដូចជា ករណី​នាំ​សត្វ​មាន​ជំងឺ​ចូលមកក្នុង​ខេត្ត​ជាដើម​។ គិត​ត្រឹម​ថ្ងៃនេះ ខេត្ត​ចំនួន​បួន​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​មានការ​នាំ​សត្វ​ចូល​នូវ​ជ្រូក​ផ្ទុក​ជំងឺ​ដែល​បង្កក្តី​បារម្ភ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទៅ​។​

សូមបញ្ជាក់ថា​យោងតាម​អនុក្រឹត្យ​លេខ​៩០៦.​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ខ្លឹមសារ​ថា ត្រូវបានតែងតាំង​មន្ត្រី​ពីររូប គឺ​លោក សេង សិរី​បុត្រ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ និង​លោក ភូ លិ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ឱ្យ​កាន់តំណែង​ជា​អភិបាលរង​ខេត្តកំពត​។​

ជាមួយនឹង​ការប្រកាស​តែងតាំង​អភិបាលរង​ខេត្ត​នាពេលនេះ លោក​ជាវ តា​យ អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា​ខេត្តកំពត​មាន​ប្រជាពលរដ្ឋ​ចំនួន​៦៩០.៩២០​នាក់​។ ក្នុងនោះ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មាន ២៥​រូប ស្រី​៤​រូប​។ ដោយឡែក​គណៈ​អភិបាលខេត្ត​មាន​ចំនួន​៧​រូប ស្រី​មួយរូប​៕​B/