ក្រុមមន្ត្រី​ចិន​ពន្លះ​អាម៉េរិក​ជុំវិញ​ច្បាប់​ថ្មី​ស្តីពី​ហុងកុង​និង​តំបន់​ស៊ីន​ជាំ​ង​

251
ចែករម្លែក

​ក្រុមមន្ត្រី​ចិន​បាន​ពន្លះ​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​ពុធ ទី​១១ ធ្នូ​នេះ ជុំវិញ​ច្បាប់​ថ្មី​មួយ​ទើប​អនុម័ត​ដោយ​សភា ដែល​បាន​រិះគន់​របប​ប៉េកាំង​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ហុងកុង​និង​តំបន់​ស៊ីន​ជាំ​ង​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន​ក៏ដូចជា​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមាន​។​

​ប៉េកាំង​ចាត់ទុក​ទង្វើ​របស់​អាម៉េរិក​ជា​អរិភាព​មួយ​ធ្វើឡើង​ក្នុង​បំណង​រារាំង​ការអភិវឌ្ឍ​ប្រទេស​ចិន​ដើម្បី​ក្លាយជា​មហាអំណាច​ពិភពលោក​។

​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក ម៉ា ចាវ​ស៊ូ មិនបាន​និយាយ​ចំឈ្មោះ​សហរដ្ឋ​អាម៉េរិក​ទេ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ណាស់​ថា​តើ​ប្រទេស​ណា​ដែល​លោក​ចង់​ដៀមដាម​កាលពី​ថ្ងៃ​ពុធ នៅពេល​លោក​ចាវ​ស៊ូ​និយាយថា “​ប្រទេសមួយ​បានចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ក្លា​ហើយ​ណែនាំ​ជានិច្ច​នូវ​អ្វីដែល​គេ​ហៅថា​ច្បាប់​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ជ្រៀតជ្រែក​ដោយ​ចំហ​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃទៀត​”​។​

​ពួក​អ្នកការទូត​ចិន​បានចាត់ទុក​ច្បាប់​នេះ​ថា​ជា “​ភាព​ល្ងីល្ងើ​” និង “​ព្យាបាត​” ហើយ​បាន​ព្យាយាម​ប្រមូលផ្តុំ​រដ្ឋាភិបាល​បរទេស​អ្នកនយោបាយ​និង​បញ្ញវន្ត​ដែលជា​មិត្ត​ដើម្បី​ថ្កោលទោស​ច្បាប់​របស់​អាម៉េរិក​។​

​លោក​ម៉ា​ក៏បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ផងដែរ​ថា​បានធ្វើឱ្យ​រីក​រាលដាល “​ជម្លោះ​និង​វិបត្តិ​មនុស្សធម៌​នៅ​កន្លែង​ផ្សេងទៀត​ក្រោម​បដា​សិទ្ធិមនុស្ស​” ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​ពី​ការ​ត្អូញត្អែរ​ជាច្រើន​នាពេល​កន្លងមក​ថា អន្តរាគមន៍​និង​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​របស់​អាម៉េរិក​បានធ្វើ​ឱ្យ​ប្រទេស​នានា​ចាប់​ស៊ី​រី​រហូតដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជួប​អស្ថិរភាព​។​

​ចិន​បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ពីបទ​បង្ករឿង​អុជអាល​ឱ្យមាន​បាតុកម្ម​ប្រឆាំង​ទីក្រុង​ប៉េកាំង​នៅ​ហុងកុង​ដែល​បាន​កើតឡើង​ឈានដល់​ខែ​ទី​៧ ព្រោះតែ​ប៉េកាំង​មិន​ទទួលស្គាល់​ការទាមទារ​របស់​ក្រុមបាតុករ​ដើម្បី​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ហុងកុង​និង​សមាជិកសភា​។​

​ច្បាប់​ថ្មី​របស់​អាម៉េរិក​បាន​ថ្កោលទោស​ចំពោះ​ការឃុំខ្លួន​ជនជាតិ​អ៊ុយ​ហ្គួ​រ ជនជាតិ​កា​ហ្សា​ក់​ស្ថាន និង ជនជាតិ​ដទៃទៀត​សរុប​ជាង​១​លាន​នាក់​៕ ដោយ៖ កញ្ញាដាលីស

ច្បាប់​ថ្មី​របស់​អាម៉េរិក​ថ្កោលទោស​ចិន​ចំពោះ​ការឃុំខ្លួន​ជនជាតិ​ដទៃទៀត​ជាង​១​លាន​នាក់