ក្រុមមន្ត្រី​ជាន់ខ្ពស់​ថៃ​នាំគ្នា​ដង​យក​ទឹកអម្រឹត​ពី​ទូទាំងប្រទេស​សម្រាប់​ពិធី​ឡើង​សោយរាជ្យ​របស់​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន​

435
ចែករម្លែក

ថៃ​បានចាប់ផ្តើម​ពិធីបុណ្យ​តាម​សាសនា​នៅ​ថ្ងៃ​សៅរ៍​ទី ៦ ខែមេសា​នេះ​សម្រាប់​ពិធី​ឡើងគ្រងរាជ្យសម្បត្តិ​របស់​ព្រះមហាក្សត្រ​មហា វិ​ជ្ជ​រ៉ា​ឡុងកន នៅ​ខែក្រោយ ជាមួយ​ក្រុមមន្ត្រី​ជាច្រើន​នាំគ្នា​ដង​យក​ទឹកអម្រឹត​នៅក្នុង​ពិធី​នានា​នៅ​ទូទាំងប្រទេស​សម្រាប់​ប្រើប្រាស់​ក្នុង​ពិធី​លាង​ព្រះកាយ​របស់​ព្រះមហាក្សត្រ​។​

​ពិធី​គ្រង​រាជសម្បត្តិ​ដ៏​ខ្ពង់ខ្ពស់​សម្រាប់​ព្រះមហាក្សត្រ​វិ​ជ្ជ​រ៉ា​ឡុងកន​នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៤ ដល់​ថ្ងៃទី ៦ ខែឧសភា​នៅ​ទីក្រុង​បាងកក ជាមួយ​ពិធីបុណ្យ​បែប​ព្រះពុទ្ធសាសនា​និង​ព្រហ្មញ្ញសាសនា​ជាច្រើន​ធ្វើឡើង​ក្នុង​មួយខែ​មុន​ព្រឹត្តិការណ៍​នេះ​ចាប់ផ្តើម​។​

​ព្រះមហាក្សត្រ​វិ​ជ្ជ​រ៉ា​ឡុងកន​ព្រះជន្ម​៦៦​វស្សា​បាន​ក្លាយជា​ព្រះមហាក្សត្រ​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ថៃ​បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះបិតា​ទ្រង់ ព្រះ​ចៅ​ភូមិបុល​អាឌុលយ៉ាដេត​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់ពី​គ្រងរាជ្យសម្បត្តិ ៧០ ឆ្នាំ​។​

​ពិធី​ឡើង​សោយរាជ្យ​របស់​ព្រះអង្គ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ក្រោយពេល​កាន់ទុក្ខ​សម្រាប់​ព្រះ​ចៅ​ភូមិបុល ដែល​ត្រូវបាន​បូជា​កាលពី​ខែតុលា​ឆ្នាំ ២០១៧​។​

​ការគោរព​ខ្ពស់​ខ្ពស់​ចំពោះ​ព្រះមហាក្សត្រ ដែលជា​អ្នកគាំទ្រ​ព្រះពុទ្ធសាសនា​មួយអង្គ​នៅក្នុង​ប្រទេស​ថៃ​ដែរនោះ គឺជា​កត្តា​សំខាន់​នៃ​វប្បធម៌​ប្រពៃណី​ថៃ​។​

​សម្រាប់​ប្រជាជន​ថៃ​ភាគច្រើន ការធ្វើ​ពិធី​ឡើង​សោយរាជ្យ​នេះ​នឹង​ក្លាយជា​ពិធី​លើកដំបូង​នៅក្នុង​មួយជីវិត​របស់​ពួកគេ​។​

​ទឹកអម្រឹត ដែល​បាន​ដង​បាន​នៅ​ថ្ងៃ​សៅរ៍​នេះ នឹងត្រូវ​ប្រើ​សម្រាប់​លាង​សម្អាត​កាយ​ថ្វាយ​ព្រះមហាក្សត្រ​ក្នុង​ពិធី​លាង​បន្សុទ្ធ និង ពិធី​ដុះលាង​ព្រះកាយ​ជាមួយ​ប្រេង​ធម្មជាតិ​នៅ​ថ្ងៃទី ៤ ខែឧសភា នៅមុន​ពិធី​គ្រងរាជ្យសម្បត្តិ​។​

​ការប្រើប្រាស់​ទឹកអម្រឹត​គឺ​ផ្អែកលើ​ប្រពៃណី​ព្រា​ហ្ម​ញ្ញ​សាសនា ដែលមាន​តាំងពី​ពិធី​ឡើង​សោយរាជ្យ​សម្បត្តិ​ក្នុង​សតវត្សរ៍​ទី ១៨ មកម្ល៉េះ ចាប់តាំងពី​ការបង្កើត​រជ្ជកាល​ចក្រី​។​

​ថ្ងៃ​សៅរ៍​គឺជា​ទិវា​ចក្រី​នៅក្នុង​ប្រទេស​ថៃ ដែលជា​ការចាប់ផ្តើម​នៃ​រជ្ជកាល​នេះ​ផ្ទាល់​។​

​ស្ដេច​វិ​ជ្ជ​រ៉ា​ឡុងកន​មាន​គោ​រម្យ​ងារ​ថា ស្តេច​រាមា​ទី​១០ ឬ ស្ដេច​ទី ១០ នៃ​រជ្ជកាល​ចក្រី​។​

​ទឹកអម្រឹត​ត្រូវបាន​ប្រមូល​មក​ក្នុងពេល​ដំណាលគ្នា​នៅ​ចន្លោះ​ម៉ោង ១១:៥២​នាទី​ព្រឹក​ដល់​ម៉ោង ១២:៣៨​ថ្ងៃត្រង់​នៅ​ថ្ងៃ​សៅរ៍​នេះ ដែលជា​អំឡុងពេល​មួយ ត្រូវបាន​គេ​ចាត់ទុកថា​ស័ក្តិ​សិទ្ធ​បំផុត​ក្នុង​ក្បួន​ហោរាសាស្ត្រ​ថៃ​។ ទឹកអម្រឹត​នេះ​ត្រូវបាន​ដង​យកមក​ដោយ​ក្រុមមន្ត្រី​ជាន់ខ្ពស់ ពី​ប្រភពទឹក​ជាង​១០០​កន្លែង​នៅ​ទូទាំង​ខេត្ត​ទាំង ៧៦ របស់​ថៃ​។​

​ទឹកអម្រឹត​នឹងត្រូវ​រក្សាទុក​នៅក្នុង​ថូ​បុរាណ​និង​ត្រូវ​ប្រសិទ្ធ​ពរជ័យ​ក្នុង​ពិធី​បែប​ពុទ្ធសាសនា​នៅ​វត្ត​ធំៗ​នៅ​ជុំវិញ​ប្រទេស​នៅ​ថ្ងៃទី ៨ ដល់ ៩ មេសា មុនពេល​ចាក់​បញ្ចូល​គ្នា​នៅក្នុង​ពិធី​ឧទ្ទិស​មួយ​ផ្សេងទៀត​នៅ​វត្ត​ស៊ូ​ថា​ត ដែលជា​វត្ត​ចំណាស់​បំផុត​មួយ​នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី ១៨ មេសា​៕ ដោយ៖ កញ្ញាដាលីស

ក្រុមមន្ត្រី​ជាន់ខ្ពស់​ថៃ​នាំគ្នា​ដង​យក​ទឹកអម្រឹត​ពី​ទូទាំងប្រទេស​សម្រាប់​ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្តេច​វិ​ជ្ជ​រ៉ា​ឡុងកន