ក្រុមយុវជន​ព្រមាន​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​អាមេរិក​ចំពោះ​ការ​លូកដៃ​របស់​អាមេរិក​

678

(​ភ្នំពេញ​)៖ បន្ទាប់ពី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុ​ជាក​ដូចជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ប្រតិកម្ម​មកលើ​រាជ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការបិទ​និង​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់ NDI និង​ព្រមាន​កាសែត​The Cambodia Daily ក្រុម​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ដែលមាន​គ្រប់​សាខា​ទូទាំងប្រទេស​ប្រកាស​ព្រមាន​ធ្វើបាតុកម្ម​នៅមុខ ស្ថានទូត​អាមេរិក ប្រសិន​​បើ​អាមេរិក​បន្ត​លូកដៃ​ចូល​កិច្ចការ​កម្ពុជា​មិន​បញ្ឈប់​នោះ​។​

​ប្រធាន​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព លោក ប៉ាន់ ខែម​ប៊ុនថន បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​វ​កាលពី​យប់​ឈានចូល​​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​នេះ​យ៉ាង​ដូច្នេះ​ថា «​ជម្រាប​ទៅ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា​,​យើង​ជា​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​​សន្តិភាព សូមបញ្ជាក់ថា បានជា​យើង​ដាក់ថា ស្រលាញ់​សន្តិភាព ព្រោះតែ​យើង​មិន​ចង់​បាត់បង់​សន្តិភាព​ដែល​កំពុងមាន​បច្ចុប្បន្ន សូម​រំ​ព្ញ​កថា ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ខ្មែរ​អាមេរិក​ធ្លាប់បាន​បង្ក​វិនាសកម្ម មកលើ​ទឹកដី​១​នេះ​ម្តង​រួចមកហើយ កាលពី​ទសវត្ស​៧០​រណ្តៅ​​គ្រាប់​នៅ​បន្សល់ទុក​ដល់​បច្ចុប្បន្ន​នៅឡើយ ហេតុដូច្នេះ​ហើយ​សូម​ស្ថានទូត​អាមេរិក​កុំ​លូកដៃ​រហូត​ហួស​ព្រំដែន​ភារកិច្ច​ចំពោះ​ការងារ​ដឹកនាំ​របស់​កម្ពុជា បើសិនជា​ស្ថានទូត​អាមេរិក​នៅតែ​បន្ត​លូកដៃ​មិន​បញ្ឈប់​នោះទេ សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​គ្រប់​សាខា​ទូទាំង​​ប្រទេស នឹង​ប្រើ​សិទ្ធិ​ស្របច្បាប់ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រលាញ់​សន្តិភាព ការពារ​សន្តិភាព​រប​ស់​កម្ពុជា នៅ​ចំពោះមុខ​ស្ថានទូត​អាមេរិក ជាក់​ជាមិនខាន​»​។​

​ប្រតិកម្ម​របស់​ស្ថានទូត​អាមេរិក នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា​នេះ ក្រោម​ចំណងជើង​ថា​«​តើ​ប្រទេស​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​​លទ្ធិប្រជាធិបតេយ្យ ដែរឬទេ​? អ្នកជា​អ្នក​ស​ម្រេ​ចិត្ត​» ឬ «Is Cambodia committed to democracy? You decide»​។​ភា​​សា​ទាំងនេះ​ត្រូវបានអ្នកគាំទ្ររាជរដ្ឋាភិបាល​ចាត់ទុកថាបង្ហាញ​ពី​ភាព​ញុះញុង អុជអាល ពីព្រោះ​ទង្វើ​នេះ មិនបាន​គោរព​ចំពោះ​ប្រជាជាតិ​មួយ​ដែលមាន​អធិបតេយ្យ​វា​ជាដើម​ចម​​នៃ​ការត្រៀម​ផ្ទុះ​បាតុកម្ម​។

​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ឈប់​សកម្ម​ភាព វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI)​ហើយ​​បណ្តេញ​បុគ្គលិក​បរទេស​នៃ​វិទ្យាស្ថាន​នេះ​ចេញពី​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​៧​ថ្ងៃ​។ សេចក្តីប្រកាស​របស់​ក្រសួងការបរទេស បានបញ្ជាក់​​ថា មូលដ្ឋាន​ដែល​ឈានដល់​ការសម្រេច​ឱ្យ​បិទ​វិទ្យាស្ថាន​នេះ​គឺ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ មិនមែន​រដ្ឋាភិបាល​​នៅ​កម្ពុជា​។​

​ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ម្នាក់​កាលពី​ម្សិលមិញ បាន​និយាយ​ដូច្នេះ​ថា​«​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អង្គការ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI និង​កាសែត The Cambodia Daily ហើយនឹង​អង្គការ​ព័ត៌មាន និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​ផ្សេងទៀត បន្តសកម្មភាព​ដ៏​មាន​សារៈសំខាន់​របស់​ពួកគេ​។ ដូច្នេះ ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨ អាច​ប្រ​ពឹ​ត្ត​ទៅ​ដោយមាន​បរិយាកាស​សេរី និង​បើក​ទូ​លា​យ‍​»​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ម្នាក់ គឺ​អ្នកស្រី Heather Nauert​ថា​ស្រី​មិន​ចង់​ទស្សន៍ទាយ​ពី​ល​វិបាក​ឬ​ចំណាត់ការ​នោះទេ​។ តែ​លោកស្រី​ថា ស​.​រ​.​អា នៅមាន​កិច្ចពិភាក្សា​បន្ត​៕​ដោយ​វាសនា​