ក្រុមយុវជន​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ជួបជុំ​និង​ដង្ហែ​ក្បួន​រាប់ពាន់​ម៉ូតូ​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ភ្នំពេញ​

541
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ ៖ ក្រុមយុវជន​រាប់ពាន់នាក់​និង​រាប់ពាន់​ម៉ូតូ​ដោយបាន​ចាក​ចេញពី​ទីលាន​សួនច្បារ​មុខ​វត្ត​បទុម​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​នេះ​ដែលមាន​ក្បួន​នៃ​ការ​ដង្ហែ​នៅ​ថ្ងៃ​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយ​ហែ​ទៅតាម​តម្រាយ​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ប្រមាណ​១១​គីឡូម៉ែត្រ​ហើយ​នៅ​ម៉ោង​៥​ល្ងាច ទើប​មកជួប​ជុំគ្នា​នៅ​នៅ​ទីលាន​សួនច្បារ​មុខ​វត្ត​បទុម វិញ​។​ក្បួន​នេះ​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ដ្រ​, លោក សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស និង​លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​គណបក្ស​កម្ពុ​ជា​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ក្បូន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាប់ពាន់នាក់ ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចុងក្រោយ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។​
​មុន​ចេញដំណើរ​លោក ហ៊ុន ម៉ា​នី ក្នុងឱកាស​ដែល​លោក​ដឹកនាំ​ដែល​ដឹកនាំ​យុទ្ធនា​ការឃោសនា​នេះ បាន​លើកឡើងថា​៖ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​បាន​ងើបឡើង​តស៊ូ​លះបង់​ជីវិត ដើម្បី​រំដោះ​ប្រទេសជាតិ ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​បាន​ស្តារ និង​កសាង​ប្រទេសជាតិ​ចាប់ពី​បាតដៃ​ទទេរ​រហូត​មាន​អ្វីៗ មកដល់​សព្វថ្ងៃនេះ​។​លោក​បាន​បន្ថែម​ពីនេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការបង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ព្រមទាំង​បានធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​កំណើន​ល្អ ក្នុង​២​ទសវត្សរ៍​ចុងក្រោយ​នេះ ពិសេស​បានធ្វើ​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ​-​កម្ម​ការី​នី និង​ប្រជាពលរដ្ឋ កាន់​តែមាន​ជីវភាព​ធូរធា​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
​ក្នុងឱកាស​នោះ​សមាជិក​-​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តេជ្ញា​ចូលរួម​ថែរក្សា និង​ការពារ​នូវ​រាល់​ស្នាដៃ និង​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​កសាងឡើង ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​នៅ​កម្ពុជា​ឲ្យ​បាន ពិសេស​បន្ត​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី​៦ និង​អាណត្តិ​ក្រោយៗ​ទៀត​។​ទាំងអស់គ្នា​បាន​ស្រែក​បន្លឺ​ថា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី កម្ពុជា​នឹង​បន្ត​ឈានទៅ​មុខ​យ៉ាង​ស្វាហាប់​ឥត​រាថយ ដើម្បី​សន្តិភាព​ដ៏​រឹងមាំ ដើម្បី​អភិវឌ្ឍន៍​ដ៏​រុងរឿង និង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ សន្តិភាព​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​សន្តិភាព យើង​នឹង​ទៅ​បោះឆ្នោត​ទាំងអស់គ្នា បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​រូប​សញ្ញា​ទេវតា និង​មាន​លេខ​រៀង​ទី​២០​ហើយ​គូស​ឱ្យចំ​លេខ​រៀង​ទី​២០​។​យុវជន​ក្នុង​ក្បួន​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​បាន​ស្រែក​ឃោសនា​ថា បើ​ស្រឡាញ់​សន្តិភាព សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។ គាំទ្រ​ការអភិវឌ្ឍ សូម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​
​គួរបញ្ជាក់​ផងដែរ​ថា​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​ប្រកួតប្រជែង​។​ក្រៅពីនេះ​នៅតាម​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ទាំង​១២​ចំណុច​ឱ្យ​រាជធានី​ក៏បាន​ដង្ហែ​ក្បួន​ឃោសនា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ផងដែរ ដោយ​គ្រោង​ដង្ហែ​និង​ជួបគ្នា​រហូតដល់​ម៉ោង​១០​យប់​ទើប​បញ្ចប់​៕