ក្រុមយុវជន​ស្ម័គ្រចិត្ត​សិក្សា​ស្វែងយល់​ពី​កុលាលភាជន៍​ខ្មែរ​និង​ការអភិរក្ស​

178
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៩​នេះ​ដើម្បី​ស្វែងយល់​ពី​កុលាលភាជន៍ កិច្ចការ​អភិរក្ស​និង​ចងក្រង​ឯកសារ​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​បាន​ចូលរួម​សិក្សា​កុលាលភាជន៍​ធ្វើ​បទ​បង្ហាញ​ដោយ​លោក​បណ្ឌិត​អ៊ា​ដា​រិ​ទ្ធ​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​។​

​តម្កល់​ឯកសារ​អង្គរ​និង​ជា​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​និង​អនុវត្ត​ជាក់ស្តែង​អំពី​ការជួសជុល​អភិរក្ស​និង​រក្សាទុក​ទិន្នន័យ​នៅ​អង្គភាព​កុលាលភាជន៍​អង្គរ​ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​សម្រាប់​សិក្សា​ស្វែងយល់​នូវ​សកម្មភាព​អភិរក្ស​និង​គ្រប់គ្រង​រមណីយដ្ឋានរ​បស់​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​។​

​លោក​បណ្ឌិត​អ៊ា​ដា​រិ​ទ្ធ​បានឱ្យដឹងថា​ការបង្រៀន​យុវជន​ឱ្យ​យល់ដឹង​ពី​កុលាលភាជន៍​មាន​សារៈសំខាន់​ណាស់ ដើម្បីឱ្យ​យុវជន​បាន​យល់ដឹង​ពី​កុលាលភាជន៍ កុលាលភាជន៍​ខ្មែរ​ដែល​ផលិត​នៅតាម​ឡ និង​ប្រភេទ​កុលាលភាជន៍​ខ្មែរ​ទាំងអស់​ដែល​បាន​កំណាយ​ឃើញ​នៅតាម​ឡ​ក្នុង​តំបន់​អង្គរ​និង​តំបន់​ផ្សេងៗ​។

លោក​បន្តថា​នៅក្នុងពេល​នេះដែរ​យុវជន​ក៏បាន​អនុវត្ត​បច្ចេកទេស​ជួសជុល​និង​ចុះបញ្ជី​សារពើ​ភណ្ឌ​ហើយ​កិច្ចការ​ទាំងអស់នេះ​អាច​បណ្តុះ​គំនិត​យុវជន​ឱ្យ​ចាប់អារម្មណ៍​វត្ថុ​បុរាណ​ដើម្បី​ចូលរួម​ថែរក្សា​និង​ធ្វើឱ្យ​យុវជន​យក​បទពិសោធន៍​នេះ​ទៅ​អនុវត្ត​ការងារ​របស់ខ្លួន​ប្រចាំថ្ងៃ និង​ទៅ​អនាគត​។​

​លោក​បណ្ឌិត​ក៏បាន​សំណូមពរ​ដល់​យុវជន​ទាំងអស់​ចូលរួម​ថែរក្សា​នូវ​រាល់​បេតិកភណ្ឌ​ដែលជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​និង​ពិភពលោក​។​សូម​បញ្ចាក់​ថា​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​រៀបចំឡើង​ដោយមាន​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ​អាជ្ញាធរ​ជាតិ​អប្សរា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ​ដើម្បី​បេតិកភណ្ឌ​។

ក្នុង​គោលបំណង​ឱ្យ​យុវជន​ចូលរួម​ការងារ​ពាក់ព័ន្ធ​នឹង​បេតិកភណ្ឌ​តាមរយៈ​ការបង្កើត​កិច្ចទំនាក់ទំនង​រវាង​យុវជន​នឹង​យុវជន​យុវជន​និង​សហគមន៍​មូលដ្ឋាន​។​ជំរុញ​យុវជន​ឱ្យដឹង​កាន់តែច្បាស់​នូវ​សកម្មភាព​គ្រប់គ្រង​ថែរក្សា​អភិរក្ស​បេតិកភណ្ឌ​។​

នេះ​ជា​លើក​ទី​៣​ហើយ​នៃ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​បេតិកភណ្ឌ​ពិភពលោក​-​យូណេស្កូ នៅ​រមណីយដ្ឋាន​អង្គរ ដែលមាន​យុវជន​ចូលរួម​១៨​នាក់ មកពី​៨​ប្រទេស គឺ​កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូ​ឡុំ​ប៊ី ប៊ុល​ហ្ការី ឥណ្ឌា និង​ចិន​។ កម្មវិធី​នេះ​មាន​រយៈពេល​១៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៩៕S/

​រូបភាព​÷ ក្រុមយុវជន​ស្ម័គ្រចិត្ត​សិក្សា​ស្វែងយល់​ពី​កុលាលភាជន៍​ខ្មែរ និង​ការអភិរក្ស​៕ បាយ័ន​