ក្រុមយុវជន​ស្ម័គ្រចិត្ត​ចង់ឱ្យមាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​

611
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: យុវជន ណា​ល់ វិឆៃ តំណាង​ក្រុមយុវជន​ស្ម័គ្រចិត្ត ដើម្បី សុខភាព បានលើកឡើង​អំពី​ស្ថានភាព​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ថា ” ការបើក​ទូលាយ​ហួសហេតុ​ពេក​ដល់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង មាន​លក្ខណៈ​អូសទាញ ពង្វក់ស្មារតី ធ្វើឱ្យ​ប្រជាពលរដ្ឋ និង យុវជន​ខ្មែរ​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង ហើយ​អ្វីដែល​រឹត​ហួសហេតុ​នោះ គឺ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង​ខ្លះ ថែមទាំង​ភ្ជាប់​នូវ​មោទនភាព​ជាតិ និង បេតិកភណ្ឌ​ជាតិ ក្នុងការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​របស់​ពួកគេ​ទៀតផង​។ ហេតុនេះ​យើងខ្ញុំ​ជា​យុវជន ចង់ឱ្យមាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​ប្រកបដោយ​ប្រសិទ្ធភាព​”​។

យុវជន ណា​ល់ វិឆៃ ( កណ្តាល ) ថ្លែង​ទៅកាន់​អង្គ​សន្និសីទ​ស្តីពី​ផលប៉ះពាល់ នៃ គ្រឿង​ស្រវឹង ( រូបៈ មេសា )

​យុវជន ណា​ល់ វិឆៃ ថ្លែង​ប្រកបដោយ​ការមិន​ពេញចិត្ត​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ផលប៉ះពាល់​របស់​គ្រឿង​ស្រវឹង រៀបចំ​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត ដើម្បី សុខភាព នៅឯ​សកល​វិទ្យាល័យ​ធនធានមនុស្ស នា​ព្រឹក​ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨​។​

​តាមពិតទៅ​គ្រប់គ្នា​សុទ្ធតែ​ត្រូវ​បានដឹងហើយថា គ្រឿង​ស្រវឹង​មិន​គ្រាន់តែ​បង្ករ​ផលប៉ះពាល់​ដល់​បុគ្គល​អ្នក​សេព​ប៉ុណ្ណោះ​ទេ វា​ក៏​ថែមទាំង​បង្ករ​ផលប៉ះពាល់​ដល់​គ្រួសារ សហគម​មន៍ និង សង្គមជាតិ​ទៀតផង ដោយ​វា​ស្តែងឡើង​តាមរយៈ​ភាពក្រីក្រ ជំងឺ​រ៉ាំ​រ៉ាំ អំពើហិង្សា និង គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ដែល​ក្រុមយុវជន​ទាំងនេះ​ចង់បាន គឺជា​ច្បាប់​ដែល​ផ្តោតលើ​ការតំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង កំហិត​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង កំហិត​កន្លែង​លក់​គ្រឿង​ស្រវឹង កំហិត​អាយុ​អ្នកទិញ និង អ្នក​សេព​គ្រឿង​ស្រវឹង​។​

​គប្បី​រំឭកថា កាលពី​ឆ្នាំ ២០១៥ រាជរដ្ឋាភិបាល បានធ្វើ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង ប៉ុន្តែ​ការអនុម័ត​ច្បាប់​នោះ ត្រូវបាន​អូសបន្លាយរ​ហូត​មកដល់​បច្ចុប្បន្ន ក៏​នៅតែ​មិនទាន់​ឃើញ​ពន្លឺ​នៅឡើយ ហើយ​ត្រូវបាន​គេ​ជឿថា ការអូសបន្លាយ ឬ ការ​កក​គាំង​នេះ គឺ​ដោយសារ​ការជ្រៀតជ្រែករ​បស់​ក្រុមហ៊ុន​គ្រឿង​ស្រវឹង ។ ហេតុនេះ ក្រុមយុវជន ដើម្បី សុខភាព បានប្រកាសថា ពួកគេ​គាំទ្រ និង សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ព​ន្លឿ​ន​អនុម័ត​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​នោះ​ឡើងវិញ​៕