ក្រុមយុវជន​អះអាងថា​ពួកគាត់​ទទួលបាន​បទពិសោធន៍​ច្រើន​ពី​ការបោះ​ជុំរំ​នៅ​ខេត្ដ​សៀមរាប​

1261
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​តំណាង​ក្រុមយុវជន​បានលើកឡើង​ថា​ក្នុងឱកាស​នៃ​ការបោះ​ជុំរំ​យុវជន​សាកល​លើក​ទី​៥ ដែលមាន​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ ដែលមាន​យុវជន​ប្រមាណ​ជា​៣០០​នាក់ មកពី​បណ្តា​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​និង​សមាគម​នានា​ចំនួន​៤១​គ្រឹះស្ថាន​។​

​ពួកគាត់​ទទួលបាន​នូវ​បទពិសោធន៍​និង​ចំណេះដឹង​ជាច្រើន​ដោយ​ពួកគាត់​ទាំងអស់គ្នា​បានធ្វើ​កិច្ចការ​ជាច្រើន​ដែល​អ្នកខ្លះ​មិន​ធ្លាប់​បានធ្វើ​ទាស់​តែ​សោះ​កាលពីពេល​កន្លងទៅ​ដូចជា​ការងារ​ដាំ​ស្ល​ជាដើម​ដោយ​ពីមុន​គឺ​សំអាង​ទៅលើ​ឪពុកម្តាយ​ទាំងស្រុង ។​

​តំណាង​ក្រុមយុវជន​បានលើកឡើង​ទៀតថា​ជាមួយគ្នានេះ​ពួកគាត់​បាន​ស្វែងរក​រូបចម្លាក់​ដែល​បរិយាយ​ពី​ទេវ​កថា​សាសនា នៅតាម​គោលដៅ​ដែល​ពួកគេ​បាន​អត្ថាធិប្បាយ​ពី​ខ្លឹមសារ​នៃ​ទេវ​កថា​នោះ ដើម្បី​ឲ្យ​យុវជន​បាន​ស្គាល់​ពី​អត្ថ​សញ្ញាណ​របស់ខ្លួន ។​សិក្សា​ស្វែងយល់​និង​បណ្ដុះ​ស្មារតី​ក្ដី​ស្រឡាញ់ ការពារ​ថែរក្សា​មរតក​ប្រពៃណី​ទំ​លៀម​ទម្លាប់​និង​ចូលរួម​ថែរក្សា​ការពារ​វប្បធម៌​ផូរផង​របស់​ខ្មែរ​ដែលមាន​តាំងពី​យូរលង់​មកហើយ​។​

មានដូចជា​ការ​ដាល់អំបុក ធ្វើ​ស្លាធម៌​ចេក ស្លាធម៌ដូង វិធី​ចងក្បិន និង​ការ​រាំក្បាច់​របាំ​បាត​ផងដែរ ដែលជា​ការលើកស្ទួយ​វិស័យ​ទេសចរណ៍​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចាត់ទុកជា​វិស័យ​ទេសចរណ៍​អាទិភាព​ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ។​​លោកស្រី ស្រូ​យ សុជាតិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​យុវជន របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា មានប្រសាសន៍ថា​ការបោះ​ជំរុំ​នេះ​បានទទួល​លទ្ធផល​គួរ​ជា​មោទនៈ​និង​បានផ្ដល់​ចំណេះដឹង​ដល់​យុវជន នូវ​ចំណេះដឹង​បទពិសោធន៍​ថ្មីៗ​។

​ចេះ​រៀន​រស់នៅ​ជាមួយគ្នា​ជាមួយ​ធម្មជាតិ​ជាមួយ​មនុស្ស​ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់គ្នា​ពីមុនមក​ជាពិសេស​បាន​បង្កើត​បណ្ដាញ​មិ​ត្ដ​មានគំនិត​ច្នៃប្រឌិត​ចេះ​ដោះស្រាយ​បញ្ហា​ចំពោះមុខ ស្រលាញ់​ធម្មជាតិ សម្បត្ដិ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី បរិស្ថាន ចូលរួម​អភិរក្ស និង​លោក​ស្ទួយ​អត្ដ​សញ្ញាណ​ជាតិ និង​មាន​មោទនៈភាព ដែល​ខ្លួន​បានកើត​លើទឹក​ដី​ខ្មែរ ។

​សូមបញ្ជាក់ថា ការបោះ​ជំរំ​យុវជន​ជា​សាកល​នេះ ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣​និង​២៤ ខែតុលា​និង​បន្ត​មក​ខេត្ដ​សៀមរាប​ចាប់ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ ”​សុ​បិ​ន្ដ​ខ្ញុំ​” ៕S/

​រូបភាពៈ ក្រុមយុវជន​អះអាងថា ពួកគាត់​ទទួលបាន​បទពិសោធន៍​ច្រើន ពី​ការបោះ​ជុំរំ​នៅ​ខេត្ដ​សៀមរាប​៕​គូលែន​