ក្រុមហ៊ុនចិនមួយនិយាយថាខ្លួនអាចផលិតថ្នាំប្រឆាំងវីរុសកូរ៉ូណាដែលពិសោធន៍រួចពីក្រុមហ៊ុនរបស់អាម៉េរិក

230
ចែករម្លែក

ក្រុមហ៊ុនផលិតឱសថចិនមួយនិយាយថាខ្លួនបានចាប់ផ្តើមផលិតថ្នាំពិសោធន៍ទ្រង់ទ្រាយធំពីក្រុមហ៊ុនឱសថអាម៉េរិក Gilead Sciences Inc ដែលមានសក្តានុពលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ខណៈចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្វែងរកការព្យាបាលសម្រាប់វីរុសកូរ៉ូណា។

ក្រុមហ៊ុន BrightGene Bio-Medical Technology Co ដែលមានមូលដ្ឋាននៅទីក្រុងស៊ូចូវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ផ្សារហ៊ុនសៀងហៃកាលពីយប់ថ្ងៃអង្គារទី ១១ ខែកុម្ភៈថា ខ្លួនបានបង្កើតបច្ចេកវិជ្ជាដើម្បីធ្វើសំយោគគ្រឿងផ្សំឱសថសកម្មនៃថ្នាំប្រឆាំងវីរុសថ្មី Remdesivir ដែលជាថ្នាំរបស់ក្រុមហ៊ុន Gilead។ ថ្នាំរបស់ក្រុមហ៊ុន Gilead គឺជាបេក្ខជនឈានមុខគេក្នុងការព្យាបាលវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ១.១០០ នាក់។

ថ្នាំនេះមិនទាន់មានច្បាប់អនុញ្ញាតឬអនុម័តនៅទីកន្លែងណាមួយក្នុងពិភពលោកនៅឡើយទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុន BrightGene បានកើនឡើង ២០ ភាគរយនៅក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនៅទីក្រុងសៀងហៃ។

ខណៈក្រុមហ៊ុន BrightGene និយាយថាខ្លួនមានបំណងផ្តល់អាជ្ញាប័ណ្ណដល់ថ្នាំពីក្រុមហ៊ុន Gilead ចំណាត់ការរបស់ក្រុមហ៊ុនចិននេះដើម្បីចាប់ផ្តើមផលិតនៅដំណាក់កាលដំបូងបែបនេះគឺជារឿងមិនធម្មតាទេ និង អាចជាការរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាម៉េរិក។

ដំណឹងនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវចិនបានដាក់ពាក្យសុំប៉ាតង់ដើម្បីផលិតថ្នាំនេះដើម្បីព្យាបាលវីរុសកូរ៉ូណា ដែលអង្គការសុខភាពពិភពលោកដាក់ឈ្មោះផ្លូវការថា Covid-19។ ការប្រឹងប្រែងនេះអាចផ្តល់ឱ្យចិននូវលទ្ធភាពព្យាបាលជាសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

តំបន់ធំៗនៃប្រទេសចិនត្រូវបានបិទដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ហើយថ្នាំរបស់ក្រុមហ៊ុន Gilead ត្រូវបានគេមើលឃើញថាជារបកគំហើញដ៏មានសក្តានុពលមួយបន្ទាប់ពីវាបានបង្ហាញសញ្ញានៃប្រសិទ្ធភាពចំពោះអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិក៕ ដោយ ៖ កញ្ញាដាលីស

ក្រុមហ៊ុន BrightGene ថាខ្លួនកំពុងផលិតថ្នាំ Remdesivir ដែលពិសោធន៍រួចពីក្រុមហ៊ុនឱសថអាម៉េរិក Gilead Sciences Inc