ក្រុមហ៊ុនស្រា​បៀរ​យក្ស​ថៃ​ពង្រីក​ទីផ្សារ​អាស៊ីអាគ្នេយ៍ ជាមួយ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​វៀតណាម Sabeco តម្លៃ ៤,៨ ពាន់​លាន​ដុល្លារ​

272

​ក្រុមហ៊ុន Thai Beverage (TBEV.SI) បានឈ្នះ​ការដេញថ្លៃ​មួយ​ដើម្បី​ទិញយក​ភាគហ៊ុន​ភាគច្រើន ដែលមាន​តម្លៃ​ដល់​ទៅ ៤,៨៤ ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុនផលិតស្រាបៀ​រវៀត​ណា​ម Sabeco SAB.HM ដែលជា​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​នឹង​បន្ថែម​ទ្រព្យសកម្ម​ដ៏​សំខាន់​ទៅក្នុង​អាណាចក្រ​ស្រា​បៀរ​និង​អចល​ទ្រព្យ​របស់​មហាសេដ្ឋី​ថៃ លោក ចា​រឿន វតនៈ​ឌី​។​

​កិច្ចព្រមព្រៀង​នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយ​សម្រាប់​លោក​ចា​រឿន កូនប្រុស​អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ​នៅ​ទីក្រុង​បាងកក ដែល​ប្រែក្លាយជា​តួអង្គ​ដ៏​មានអំណាច​បំផុត​មួយ​នៅ​អាស៊ី​ក្នុង​ផ្នែក​ផលិត​ស្រា​បៀរ​។ គាត់​បាន​ក្តោប​ក្តាប់​ទីផ្សារ​ក្នុង​ស្រុកថៃ​ជាមួយនឹង​ស្រា​បៀរ Chang និង​ជា​ម្ចាស់​ក្រុមហ៊ុន Fraser and Neave (FRNM.SI) នៃ​ប្រទេស​សិង្ហ​បុរី​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន Sabeco នឹង​ផ្តល់ឱ្យ​គាត់​នូវ​ការ​គ្រប់​គ្រង់​លើ​យីហោ​ដូចជា ស្រា​បៀរ Saigon Beer និង ស្រា​បៀរ 333​។​

​កិច្ចព្រមព្រៀង Sabeco នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន Thai Beverage ហក់​ចូលក្នុង​ទីផ្សារ​ស្រា​បៀរ​វៀតណាម ដែលមាន​តម្លៃ​ប្រហែល ៦,៤៨ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ជាទី​ដែលមាន​ប្រជាជន​វ័យក្មេង​និង​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​គួរឱ្យ​ទាក់ទាញ ទោះបីជា​មានការ​លំបាក​ផ្នែក​នយោបាយ តម្លៃ​ដេញថ្លៃ​អប្បបរមា​ទាប​ជ្រុល និង​ការ​រឹតត្បិត​កម្មសិទ្ធិ​បរទេស​។​

​ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​វៀតណាម Bev ឬ Vietnam Beverage Co Ltd ត្រូវបាន​ប្រកាសថា​ជា​អ្នកដេញថ្លៃ​ឈ្នះ​លើ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Sabeco ចំនួន ៥៤ ភាគរយ​នៅក្នុង​ការដេញថ្លៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​ធ្នូ បន្ទាប់ពី​បណ្តា​ក្រុមហ៊ុនផលិតស្រាបៀរ​ពិភពលោក​មិន​ហ៊ាន​ចូលមក​ដេញថ្លៃ​។ វា​ស្ទើរតែ​គ្មាន​ការប្រកួតប្រជែង​តែម្តង ខណៈដែល​វិនិយោគិន​ផ្សេងទៀត​ដែលជា​ជនជាតិ​វៀតណាម​ម្នាក់​គត់​នោះ គឺ​បាន​ដេញថ្លៃ​តែ ០,០០៣ ភាគរយ​ប៉ុណ្ណោះ​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ក្រុមហ៊ុន Thai Bev ដែល​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​បានឱ្យដឹងថា ក្រុមហ៊ុន​នៅ​វៀតណាម​មួយ​នេះ​បានដាក់​ស្នើ​បែបបទ​ចុះឈ្មោះ​ចូលរួម​ក្នុងការ​ដេញថ្លៃ​នេះ​។​

​ក្រុមហ៊ុន Vietnam Beverage ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Vietnam F&B Alliance Investment Company ដែលមាន​ភាគហ៊ុន ៤៩ ភាគរយ​កាន់កាប់​ដោយ​ក្រុមហ៊ុន BeerCo Limited ដែលជា​ភាគទុន​ផ្ទាល់​ក្តោប​ក្តាប់​ទាំងស្រុង​ដោយ​ក្រុមហ៊ុន Thai Bev៕ ដោយ៖ កញ្ញាដាលីស

ក្រុមហ៊ុន Thai Beverage នឹង​ក្តោប​ក្តាប់​យីហោ​ស្រា​បៀរ​ល្បី​របស់​វៀតណាម Saigon Beer និង 333 បន្ទាប់ពី​ដេញថ្លៃ​បាន​ភាគហ៊ុន​តម្លៃ ៤,៨ ពាន់​លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន Sabeco របស់​វៀតណាម