ក្រុមហ៊ុន​កសិកម្ម​អាម៉េរិក​ចាប់អារម្មណ៍​ពង្រីក​បច្ចេកវិទ្យា​ទំនើប​នៅ​វៀតណាម​

650
ចែករម្លែក

​ក្រុមហ៊ុន​កសិកម្ម​អាម៉េរិក Corteva Agriscience បាន​សម្តែង​ការចាប់អារម្មណ៍​ក្នុង​ការពង្រីក​វិធីសាស្ត្រ​ធ្វើ​កសិកម្ម​ថ្មី​នៅ​ប្រទេស​វៀតណាម ដែល​អាច​បង្កើន​ផលិតភាព​​របស់​កសិករ​។​

​លោក Peter Ford ប្រធាន​ក្រុមហ៊ុន​នេះ បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ ថា​ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ធ្វើ​ការវិនិយោគ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​កសិករ​និង​ឱ្យ​ពួកគេ​​សាកល្បង​គ្រាប់ពូជ​ថ្មី​និង​វិធីសាស្ត្រ​ថ្មី​ដោយ​រួមទាំង​ការពិនិត្យ​ដី​កសិកម្ម​ជា​មួយ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​អាច​បង្កើន​ផលិតភាព​បាន​១៥​ភាគរយ​។​

​លោក Peter Ford បាន​និយាយថា​ប្រទេស​វៀតណាម​គឺជា​ទីផ្សារ​សក្តានុពល​ដែល​មាន​កម្លាំង​ពលកម្ម​ដ៏​ធំ​និង​អាកាសធាតុ​ល្អ ជាពិសេស​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​សម្រាប់​​ដំណាំ​ស្រូវ​និង​ពោត​។​

​កាលពី​ឆ្នាំមុន ប្រទេស​វៀតណាម​និង​បណ្តា​ប្រទេស​នៅ​អាស៊ី​ផ្សេងទៀត​បាន​រួមចំណែក​ជាង​១០​ភាគរយ​នៃ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​នេះ ឬ​ស្មើនឹង​១,៤​ពាន់​លាន​ដុល្លារ​។​​លោក​បាន​និយាយថា​ប្រទេស​វៀតណាម​គឺជា​ទីផ្សារ​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​កសិកម្ម​អាម៉េរិក​និង​ក្រុមហ៊ុន​កសិកម្ម​ជប៉ុន​ក្នុង​ការវិនិយោគ​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​​កសិកម្ម​ទំនើប​។​

​ក្រុមហ៊ុន​កសិកម្ម​អាម៉េរិក​នេះ កំពុង​មាន​វត្តមាន​នៅ​ជាង​១៤០​ប្រទេស​នៅ​លើ​ពិភពលោក និង​មាន​ការិយាល័យ​២​និង​មណ្ឌល​ស្រាវជ្រាវ​មួយ​នៅ​ប្រទេស​វៀតណាម​៕ដោយ៖សុខា/sn

ការនាំ​ចេញ​កសិផលរ​បស់​វៀតណាម​កាលពី​ឆ្នាំមុន​មាន​ចំនួន​៤០​ពាន់​លាន​ដុល្លារ​

#