ក្រុមហ៊ុន​ក្នុងស្រុក​និង​អន្តរជាតិ​មកពី​១៩​ប្រទេស​ចូលរួម​តាំងពិព័រណ៍​ដេរ​គ័​រ​និង​សំណង់​ស្ថាបត្យកម្ម​នៅ​កម្ពុជា​

586
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ម៉ាក​យីហោ​ល្បីៗ​ចំនួន​១៨០​មកពី​ក្រុមហ៊ុន​ក្នុងស្រុក​និង​អន្តរជាតិ​ចំនួន​១៩ បាន​ចូលរួម​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ដេរ​គ័​រ​និង​សំណង់​ស្ថាបត្យកម្ម​នៅ​កម្ពុជា​ដែល​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​នេះ​ជា​លើក​៤​ហើយ​ដែល​ព្រឹត្តិការណ៍​នៃ​ការដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​សេវាកម្ម​ស្ថាបត្យកម្ម​និង​បច្ចេកវិទ្យា​នៃលក្ខណៈ​អន្តរជាតិ​។​

ពិព័រណ៍​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​៨​ខែមិថុនា​ឆ្នាំ​២០១៩​និង​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co., Ltd ក្នុង​កិច្ចសហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា​(CSA) ។​ពិព័រណ៍​មានការ​ប្រកួត​ការតាំងពិព័រណ៍​ការជួប​ពិភាក្សា​និង​កម្មវិធី​សិក្ខាសាលា​ជាច្រើន​មុខ​ជុំវិញ​ស្នាដៃ​ដែល​ប៉ិនប្រសព្វ​បំផុត​ក្នុង​ការច្នៃ​វិស័យ​ស្ថាបត្យកម្ម​និង​ទីក្រុង​ឆ្លាត​វៃ​ព្រមទាំង​មាន​វាគ្មិន​កិត្តិយស​ល្បីៗ​ជាច្រើន​អញ្ជើញ​ចូលរួម​។​

​ចាប់តាំងពី​ការចាប់បដិសន្ធិ​ដំបូងបង្អស់​កាលពី​ឆ្នាំ​២០១៦​ពិព័រណ៍​ផ្នែក​ដេ​គ័​រ​និង​ស្ថាបត្យកម្ម​កម្ពុជា​នេះ​បានទទួល​នូវ​គាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុមហ៊ុន​ចូលរួម​ពិព័រណ៍​និង​ភ្ញៀវកិត្តិយស​។​តំណាង​មកពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​និង​អាគារ​បានមក​ចូលរួម​ជាថ្មី​ម្តងទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងឆ្នាំនេះ​រួមមាន​ទាំង​ក្រុមហ៊ុន​មកពី​អាស៊ី ឥណ្ឌា អ៊ីតាលី ហូ​ឡង់ ណ័​រវេ​ស សហរដ្ឋអាមេរិក ស្វី​ស និង​ប្រទេស​ជាច្រើន​ទៀត​។​

លោក ឈី​ណា​គីត វី​ផា​វា​គីត ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ICVeX Co., Ltd ដែលជា​អ្នករៀបចំ​កម្មវិធី​ព័រ​ណ៍​បាន​ថ្លែងថា​៖«​ក្រោយពី​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំមុនៗ​កន្លង​ទៅហើយ​ក្តី​យើង​មាន​ក្តី​សោមនស្ស​យ៉ាងខ្លាំង​ក្នុងការ​ត្រឡប់មកវិញ​ម្តងទៀត​សម្រាប់​ឆ្នាំ​ទី​៤​នេះ​ក្រោម​ប្រធានបទ​៖«​ការ​រចនា​សម្រាប់​ការិយាល័យ​និង​លំនៅដ្ឋាន​កាន់តែ​ល្អប្រសើរ​»​។​

លោក​ឈី​ណា​គិត​បាន​ថ្លែងបន្ត​ទៀតថា​៖«​យើង​ជឿជាក់ថា​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​រស់នៅ​និង​ធ្វើការ​ប្រកបដោយ​ផាសុកភាព​និង​មាន​បរិស្ថាន​ជុំវិញ​ល្អ​»​។​

​លោក​ឡៅ​ទិព្វ​សីហា​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ថា​៖​ការរៀបចំ​វេទិការ​ពិព័រណ៍​នេះ​គឺជា​ឱកាស​ដ៏​ប្រសើរ​មួយ​សម្រាប់​អ្នក​វិជ្ជាជីវៈ​ស្ថាបត្យករ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ក្រុមហ៊ុន​សាងសង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អ្នក​អភិវឌ្ឍន៍​បុរី​លំនៅស្ថាន​ទីក្រុង​រណប​និង​អគារ​ខ្ពស់ៗ​។​

​អ្នករៀបចំ​គម្រោង​នគរូបនីយកម្ម​អ្នក​ផ្គត់​ផ្ក​ង់​សម្ភារៈ​សំណង់​បរិក្ខារ​សំណង់​ផលិតផល​សំណង់​។​អ្នកប្រើប្រាស់​ព្រមទាំង​អ្នក​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​ដើម្បី​បាន​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក​ស្វែងយល់​ពី​ដំណើរការ​សិក្សា​គម្រោង​ប្លង់​និង​ដំណោះស្រាយ​នានា​ក្នុង​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​ជាមួយ​ក្រុមហ៊ុន​និង​អ្នកជំនាញ​ការបរទេស​ដែល​មកពី​ប្រទេស​នានា​ក្នុង​តំបន់​និង​ពិភពលោក​។​

​តាមរយៈ​អ្នក​តាំងពិព័រណ៍​និង​អ្នកទស្សនា​មកពី​ក្នុង​តំបន់​និង​អន្តរជាតិ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នេះ​នឹង​ឆ្លើយតប​តម្រូវការ​សម្ភារៈ​សំណង់​និង​បរិក្ខារ​សំណង់​ក្នុង​ទីផ្សារ​សំណង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​លូតលាស់​ដ៏​ឆាប់រហ័ស​។​

ម្យ៉ាងវិញទៀត​អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​បទពិសោធន៍​ថ្មីៗ​ពី​គំនិត​ថ្មីៗ​បាន​ស្គាល់​និង​យល់ដឹង​ច្បាស់​អំពី​អត្តសញ្ញាណ​ស្ថាបត្យកម្ម​ជាតិ​និង​អាច​យកទៅ​ប្រើប្រាស់​ឲ្យ​សមស្រប​តាម​មុខងារ​អគារ​ប្រភេទ​អគារ​និង​ទីតាំង​ដែល​អគារ​នោះ​ស្ថិតនៅ​សំដៅ​រួមចំណែក​លើកស្ទួយ​ការប្រកប​វិជ្ជាជីវៈ​លើ​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​ប្រកបដោយ​សោភណភាព​គុណភាព​សុវត្ថិភាព​និង​ការទទួលខុសត្រូវ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើងថា​៖​ការរៀបចំ​ពិព័រណ៍​នាពេលនេះ​ក៏ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ស្នាដៃ​ស្ថាបត្យករ​និង​ការជួបជុំ​ដ៏​ធំ​រវាង​ស្ថាបត្យករ​ក្នុង​និង​ក្រៅប្រទេស​អតិថិជន​និង​អ្នកផ្គត់ផ្គង់​ក្នុងឱកាស​អភិវឌ្ឍន៍​គុណភាព​និង​សោភណភាព​ស្ថាបត្យកម្ម ការពង្រឹង​ទំនាក់ទំនង​រវាង​អ្នក​ប្រកប​វិជ្ជាជីវៈ ។​

ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សិក្សា​គម្រោង​ប្លង់​ជាមួយ​អ្នក​អភិវឌ្ឍ​វិស័យ​សំណង់​និង​អ្នក​ចែកចាយ​ផលិតផល​សំណង់​នានា​រួមទាំង​ការផ្តោត​បន្ថែម​លើ​ទស្សនទាន​នៃ​ការរកឃើញ​ថ្មីៗ​សម្ភារៈ​បរិក្ខា​ទំនើបៗ​ដែល​នឹង​ផ្តល់នូវ​ផលិតផល​ថ្មី​ចំណាយ​ថាមពល​តិច​ប្រកបដោយ​ប្រសិទ្ធភាព​និង​គាំពារ​បរិស្ថាន​។​

​លោក ឡៅ ទិព្វ​សីហា បាន​រំពឹងទុក​ផងដែរ​ថារ​តាមរយៈ​ពិព័រណ៍​«Cambodia Architect &Décor 2019​នេះ​ការតាំង​បង្ហាញ​ផលិតផល​សេវាកម្ម​និង​បច្ចេកវិទ្យា​ថ្មីៗ​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​ស្ថាបត្យកម្ម​និង​សំណង់​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ទីផ្សារ​ថ្មី​នៃ​វិស័យ​សំណង់​ហើយក៏​នឹង​ជួយ​ទាក់ទាញ​វិនិយោគ​គិ​ន​បរទេស​មក​វិនិយោគ​ក្នុង​វិស័យ​សំណង់​និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​នេះ​ផងដែរ​៕S/