ក្រុមហ៊ុន​ក្នុងស្រុក​ពីរ វិនិយោគ​រួមគ្នា​លើ​វិស័យ​អប់រំ​

1461
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ក្នុងស្រុក​ពីរបាន​វិនិយោគ​រួមគ្នា​លើ​វិស័យ​សិក្សាអប់រំ ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​អប់រំ និង​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អប់រំ​ដ៏​ល្បី​នៅក្នុង​រាជធានី​ភ្នំពេញ​មួយ គឺ វេស​ឡាញ អេ​ឌ្យូ​ខេ​ស្ហិ​ន​គ្រុប (WEG)​បាន​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ សាលារៀន​វ៉េ​សឡា​ញន៍​សាខា​ថ្មី សាខា​ទី​១០ នៅតាម​បណ្តោយ​ផ្លូវជាតិ​៦​អា ភូមិ​កៀន​ឃ្លាំង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

សម្ពោធ​ដាក់​ដំណើរការ​សាលារៀន​វ៉េ​សឡា​ញន៍​សាខា​ថ្មី សាខា​ទី​១០ នៅតាម​បណ្តោយ​ផ្លូវជាតិ​៦​អា ភូមិ​កៀន​ឃ្លាំង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​

​អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​ស្ហិ​ន គ្រុប លោក ប៉ិច បូ​ឡែ​ន បាន​មានប្រសាសន៍ថា ៖​សាខា​ថ្មី​លើ​ទឹកដី​ខណ្ឌ​ជ្រោយចង្វារ​មាន​៥០ បន្ទប់​នេះ បាន​បង្កើតឡើង​ដោយ​ការវិនិយោគ​រួមគ្នា​រវាង WEG និង​ក្រុមហ៊ុន MGD ដែល​ការ​បោះទុន​រួមគ្នា​និង បង្កើតជា​ក្រុមហ៊ុន​ថ្មី​មួយ​ដើម្បី​ងាយស្រួល​គ្រប់គ្រង​នូវ​ការលក់​កម្មសិទ្ធិ​ពាណិជ្ជកម្ម (Franchise)​របស់​WEG ដែល​បាន​នាំចូល​សិទ្ធិផ្តាច់មុខ​កម្មវិធីសិក្សា​ពី​បរទេស​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​វេស​ឡាញ បានឱ្យដឹងថា “WEG​របស់​យើង​វិនិយោគ​តែ​៣០​ភាគរយ​ចូល​ទេ​នៅក្នុង​អគារ​នេះ​។ វា​ជា​ម៉ូ​ឌែ​ល​គម្រូរ​អាជីវកម្ម​មួយ ហៅថា​ភាពជា​ដៃគូ​និង Franchise ផងដែរ ហើយ​ស្តង់​គុណភាព ការគ្រប់គ្រង​គឺ​ក្រុម​របស់​យើង​ដដែល​ទេ ប៉ុន្តែ​គ្រាន់តែ​អ្នកវិនិយោគ​ហ្នឹង​គឺមាន​ចម្រុះ​គ្នា មាន​ភាគី​៣-៤​នាក់​ទៀត​ហ្នឹង​ដែល​គាត់​ចាប់អារម្មណ៍ ស្រឡាញ់​វិស័យ​អប់រំ ហើយ​គាត់​ស្រឡាញ់​កិត្តិនាម​របស់ សាលា​វេស​ឡាញ​ន៍​របស់​យើង​”​។​

​លោក ប៉ិច បូ​ឡែ​ន បាន​លើកឡើងថា​៖​សម្រាប់​គម្រោង​អាជីវកម្ម​នាពេល​អនាគត WEG ចង់​ក្លាយជា​សាលា​ជាតិ​មួយ​ដែល​នៅតាម​បម្រើ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំដាប់​កណ្តាល ដោយ​ចង់​នៅ​រីកចម្រើន​ជាមួយគ្នា ដោយ​បន្ត​ការអនុវត្ត​សម្រាប់​តាម​កម្មវិធីសិក្សា​របស់​ក្រសួង​អបរំ​ជា​ភាសា​ខ្មែរ​និង​បន្ថែម​នូវ​ភាសា​អង់គ្លេស​និង​ចិន​។ ក្រៅពីនេះ​ក៏មាន​កម្មវិធី​បណ្តុះបណ្តាល​ជាច្រើន​ទៀត​ដែល​ក្រុមហ៊ុន​បាន​ទិញ​ពី​បរទេស​»​។

​លោក ប៉ិច បូ​ឡែ​ន​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង Franchise ថ្មីៗ​នេះ​WEG បាន​លក់​និង​ផ្តល់ទៅឱ្យ​សាលារៀន​៣​ចំនួន ដោយ​ទី​១​ជា​សាលារៀន​អន្តរជាតិ​នៅក្នុង​រាជធានី​ភ្នំពេញ ទី​២​សាលារៀន​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ទី​៣ បានផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ដល់​សាលារៀន​មួយ​របស់​សម្តេច​ព្រះមហា​សង្ឃរាជ ប៊ូ គ្រី ហើយ​នៅ​ឆ្នាំក្រោយ​យ៉ាងហោចណាស់​នឹងមាន​សាលារៀន​ឯកជន​២​បន្ថែមទៀត​ទទួលបាន Franchise ពី WEG​។

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សាលា​វេស​ឡាញ​ព្រែក​លាភ​នោះ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បានចាត់ទុក​«​ការវិនិយោគ​របស់​សាលា​វេស​ឡាញ គឺជា​ការចូលរួមចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ល្អប្រសើរ​»​។​

​លោកស្រី​បាន​បន្ថែមថា ការវិនិយោគ​លើ​វិស័យ​អប់រំ ជាការ​ចូលរួមចំណែក​ដ៏​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​និង​បង្កើន​ធនធាន​អប់រំ​ឱ្យ​កាន់តែខ្លាំង​។​

​គួរ​ជម្រាប​ថា​វេស​ឡាញ អេ​ឌ្យូ​ខេ​ស្ហិ​ន គ្រុប បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៨ មកដល់​បច្ចុប្បន្នកាល​នេះ បាននិងកំពុង​វិនិយោគ ប្រតិបត្តិការ​សាលារៀន​វ៉េ​សឡា​ញន៍ សាលារៀន​ណ​ត្ស​ឡា​ញន៍ វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ មជ្ឍមណ្ឌល ភាសា​ចិន​ឆាង ឆឹង សាលារៀន​អន្តរជាតិ​ហ្វ​រ៉េ​ស​ហៀ​ល សាលារៀន ចំណេះ​ទូទៅ​អង់គ្លេស​-​ចិន​អែប​ភល​ទ្រី ក្រុមហ៊ុន​បណ្តុះបណ្តាល និង​ចែកចាយ​សិទ្ធ​ផ្តាច់មុខ​កម្មវិធី 7 Habits of Highly Effective People និង Leader in Me ព្រមទាំង​បាន​វិនិយោគ​ជាមួយ​ស្ថាប័ន​អប់រំ មួយចំនួន​បន្ថែមទៀត​។​

​វត្ថុបំណង​គោល​នៃ​កម្មវិធីសិក្សា​របស់​បណ្តា​ញ​សាលារៀន ផ្តោតលើ​ការអភិវឌ្ឍ​កុមារ​និង​យុវជន​ទាំងអស់​តាម​ប្រព័ន្ធ​អប់រំ​ពេញលេញ​មួយ​។ កម្មវិធីសិក្សា​ត្រូវបាន​រៀបចំ​ជារួម​តាម​បទដ្ឋាន​អប់រំ​ជាតិ និង ដោយឡែក​តាម​ប្រភេទ និង​បេសកកម្ម​សាលារៀន​នីមួយៗ​។ កម្មវិធី សិក្សា​ចម្រុះ​ដែលមាន​ប្រ​យា​ជន៍ ដូចជា​បំ​ណិ​ន​ជីវិត​ក្នុង​សតវត្ស​ទី​២១ ចំណេះដឹង​ជំនាញ​លើ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា កីឡា សិល្បៈ ផ្នត់គំនិត​និង​ឥរិយាបទ​ភាពជា​អ្នកដឹកនាំ បរិយាកាស​សប្បាយ រីករាយ និង​សុវត្ថិភាព ជា​មូលដ្ឋានគ្រឹះ​រួម​នៃ​ការអប់រំ​របស់​បណ្តាញ សាលារៀន វេស​ឡាញ អេ​ឌ្យូ​ខេ​ស្ហិ​ន គ្រុប​។​

​បច្ចុប្បន្ននេះ វេស​ឡាញ អេ​ឌូ​ខេ​ស្ហិ​ន គ្រុប ជា​សមាជិក​នៃ​បណ្តាញ​សាលារៀន​អន្តរជាតិ International School to School Experience បណ្តាញ​សាលារៀន​អន្តរជាតិ​ដែល​ប្រើប្រាស់​កម្មវិធី 7 Habits និង LeaderinMe ជាង​៣០០០​សាលារៀន​ក្នុង​ពិភពលោក បណ្តាញ​សាលារៀន ដែល​ប្រើប្រាស់​កម្មវិធី​អប់រំ​ចំណេះដឹង​ហិរញ្ញវត្ថុ Moneytree ព្រមទាំង​ដៃគូ​អប់រំ​ជាច្រើន​ទៀត​នៅ​ប្រទេស​អាមេរិក កាណាដា អូស្ត្រាលី សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ថៃ ចិន និង​ជប៉ុន​ជាដើម​៕ ល​