ក្រុមហ៊ុន​ខ្មែរ​-​ថៃ រួមគ្នា​បង្កើន​សុវត្ថិភាព​កសិកម្ម និង​ជំរុញ​កសិផល​ខ្មែរ​ឱ្យ​កើនឡើង​

1083
ចែករម្លែក

​ភ្នំពេញ​៖ ដើម្បី​ជំរុញ​កំណើន​កសិផល និង​បំពេញតម្រូវការ​ទីផ្សារ​ក្នុងស្រុក ក្រុមហ៊ុន​ខ្មែរ​-​ថៃ ពីរ បានរួម​គ្នា​បង្កើត​កិច្ចសហប្រតិបត្តិការ​យោគយល់​គ្នា ដោយ​នាំចូល​ជី និង​ថ្នាំ​កសិកម្ម​សម្រាប់ ផ្តល់​សុវត្ថិភាព​ផលិតកម្ម​កសិកម្ម និង​ជំរុញ​ទិន្នផល​។​

​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រុមហ៊ុន សីហា ផៅ​វើ​រី​ច និង​ក្រុមហ៊ុន​ថៃ ផៅ​វើ​រី​ចនេ​ត​វើក កាលពី​ថ្ងៃអាទិត្យ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក​សាង អ៊ា​ប បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​រួមគ្នា​លើក​នេះ រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះ ធ្វើឡើង​ក្នុង​គោលបំណង នាំចូល​ផលិតផល​នៃ​ជី និង​ថ្នាំ​កសិកម្ម​ក្រុមហ៊ុន ផៅ​វើ​រី​ចនេ​ត​វើក ក្នុងការ​ជំរុញ​កំណើន​កសិផល និង​បំពេញតម្រូវការ​ទីផ្សារ ក្នុងប្រទេស​កម្ពុជា ឱ្យ​កាន់​ទូលំទូលាយ និង​ពង្រីក​វិសាលភាព ឱ្យ​កាន់​ធំ​ជាង​មុន សម្រាប់​ប្រជាកសិករ​ខ្មែរ​យើង យល់ដឹង និង​ជឿជាក់​នូវ​ជី​និង​ថ្នាំ​របស់ ក្រុមហ៊ុន​ទាំងពីរ ដែលមាន​សុវត្ថិភាព និង​ជា​ផលិតផល​មានគុណ​ភាព​ក្នុងការ​ផ្តល់​កំណើន កសិផល​របស់​ខ្មែរ​។

​លោក សាង អ៊ា​ប បាន​បញ្ជាក់ថា ដោយសារ​ទីផ្សារ និង​តម្រូវការ​ផ្គត់ផ្គង់​ជី​លើ​ដំណាំ​កសិកម្ម ខ្មែរ​យើង មាន​តម្រូវការ​ខ្ពស់ ដែលជា​ហេតុ​ឱ្យ​ផលិតផល​របស់​ក្រុមហ៊ុន គឺ​ជី “​សាន​សេត​” មានការ​កើនឡើង​។ ស្ថានភាព​កសិកម្ម​ខ្មែរ បច្ចុប្បន្ននេះ មាន​ភាពល្អ​ប្រសើរឡើង​ច្រើន ដែលនាំឱ្យ​តម្រូវការ​ជី ដើម្បី​បង្កើន​ទ​ន្និ​ផល មានការ​កើនឡើង​ផងដែរ​។ ជី​នេះ​ក្រុមហ៊ុន​មាន អ្នកលក់ និង​ចែកចាយ​គ្រប់ ២៥ រាជធានី ខេត្ត នៃ​ប្រទេស​កម្ពុជា​។

​ជាមួយគ្នានេះ តំណាង​រាជរដ្ឋាភិបាល លោក ឡោ រស្មី អនុរដ្ឋលេខាធិកា នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្តែង​ការអបអរ​នូវ​ក្រុមហ៊ុន​ទាំងពីរ ដៃ​ល​រួមគ្នា​ក្នុងការ​បម្រើ ទីផ្សារ​កសិកម្ម​កម្ពុជា ឱ្យទទួល​ភាពល្អប្រសើរ ទៅ​ថ្ងៃ​ខាងមុខ​បន្តទៀត ខណៈ​ប្រជាជន​កម្ពុជា ប្រមាណ​ជិត ៨០ ភាគរយ ជា​អ្នក​ប្រកបមុខរបរ​កសិកម្ម​៕ ដោយ​: បូ​រិ​ន​