ក្រុមហ៊ុន​ចិន​គ្រោង​បណ្ដាក់ទុន​បង្កើត​សួន​ឧស្សាហកម្ម​កសិកម្ម​ធំ​បំផុត​មួយ​នៅ​កម្ពុជា ​

698

(​ភ្នំពេញ​) ៖ សួន​ឧស្សាហកម្ម​កសិកម្ម​ដំណាំ​ស្រូវ​ធំ​បំផុត​មួយ បាននិងកំពុង​រៀបចំ​បង្កើតឡើង​ដើម្បី​ផលិត​ស្រូវ​ដែលមាន​គុណភាព​​តម្រូវ​ទៅនឹង​ទីផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ការវិនិយោគ​រួមគ្នា​រវាង​អ្នកវិនិយោគ​ក្នុងស្រុក​និង​អ្នកវិនិយោគ​មក​​ពី​ប្រទេស​ចិន​។​
​ ​
​នាយក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ក្សេត្រសាស្ត្រ​ក្រុមហ៊ុន​ហ្គោ​ហុង នៃ​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន លោក លី ផៃ​លីន​បានលើកឡើង​នៅក្នុង​​ការចុះ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ស្ថិតនៅក្នុង​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​បានបញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ក្នុងការ​ចាប់ផ្តើម​ដំបូង​នៅ​កម្ពុជា ក្រុមហ៊ុន​ហ្គោ​ហុង​គឺជា​អ្នកប្រមូល​ទិញស្រូវ​ដើម្បី​នាំទៅ​លក់​នៅ​ទី​​ផ្សារ​ប្រទេស​ចិន ប៉ុន្តែ​សម្រាប់​គោលការណ៍​នេះ​មិនសូវ​ទទួលបាន​ជោគជ័យ​នោះឡើយ​ដូចនេះ​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​រក​ទីតាំង​​ណាមួយ​ឲ្យ​បានជា​ក់លាក់ ដើម្បី​ផលិត​ស្រូវ​ដែលមាន​គុណភាព​ជាពិសេស​ជា​ស្រូវ​ដែល​មានពូជ​សុទ្ធ​ល្អ​ដើម្បី​ជំរុញ​ការនាំចេញ​ឲ្យ​កាន់​​តែ​ប្រសើរឡើង ក្នុងនោះ​ក្រុមហ៊ុន​ហ្គោ​ហុង​បាន​សិក្សា​នៅក្នុង​ខេត្ត​ដែលមាន​សក្តានុពល​ដំណាំ​ស្រូវ​មួយចំនួន ប៉ុន្តែ​ពុំមាន​គម្រោង​​ណាមួយ​បានបង្ហាញ​ពី​ភាព​វិជ្ជមាន​ល្អ​ជាង​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​នេះឡើយ ក្នុង​ការផលិត​ស្រូវ​តម្រូវ​ទីផ្សារ​នាំចេញ​។​
​ ​
​លោក​បន្តថា ក្រោយពី​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្លាស់ប្តូរ​បទពិសោធ និង​បច្ចេកទេស​គ្នា​ទៅវិញទៅមក ហើយ​បច្ចុប្បន្ន​ក្រុម​​ហ៊ុន​ទាំងពីរ​កំពុង​លើក​គម្រោង​របស់ខ្លួន​ដ៏​ធំ​បំផុត​មួយ ដើម្បី​បង្កើត​សួន​ឧស្សាហកម្ម​កសិកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ជា​ទិសដៅ​ស្វែង​​រក​ភាពជោគជ័យ​ឲ្យ​កាន់តែ​ល្អប្រសើរ ដែលជា​ផលប្រយោជន៍​រួម​របស់​ក្រុមហ៊ុន​ទាំងពីរ​ជាពិសេស​ការផ្តល់​ផលប្រយោជន៍​រវាង​ប្រ​​ទេស​ទាំងពីរ​ផងដែរ​។​
​ ​
​លោក តាំង សុខ​ឃី ជំនួយការ​ក្រុមហ៊ុន អេង ឌី​ប៉ូ​អភិវឌ្ឍន៍ បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា មុននឹង​ក្រុមហ៊ុន​ហ្គោ​ហុង​នៃ​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន​​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិឌ្ឍន៍ ក្រុមហ៊ុន​មួយ​នេះ​បាន​សិក្សា​ជាច្រើន​ឆ្នាំ ទើប​សម្រេចចិត្តថា មានតែ​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​តែមួយគត់​ដែលមាន​ចង្វាក់​ផលិតកម្ម​តម្រូវ​ទៅនឹង​ទីផ្សារ​ប្រទេស​ចិន​បាន ព្រោះ​បច្ចុប្បន្ន​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​​កំពុង​ចាប់ផ្តើម​នៅក្នុង​គម្រោង​ជំហាន​ទី​២​។​

​សម្រាប់​គម្រោង​ជំហាន​ទី​២ ដែល​កំពុង​សហការ​មួយក្រុម​ហ៊ុន​ហ្គោ​ហុង​នេះ​បានចាប់ផ្តើម​ហើយ នៅលើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជាង ២​ម៉ឺន​ហិកតា ក្នុង​គម្រោង​ផលិត​ស្រូវ​ក្រអូប​ធម្មជាតិ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ស្របតាម​ស្តង់ដារ​អន្តរជាតិ​មួយ​ជាពិសេស​ស្របទៅនឹង​គោល​​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ដោយ៖វិបុល

ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ផលិត​ស្រូវ​តម្រូវ​ទីផ្សារ​នាំចេញ​