ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ ក្រុមហ៊ុនចិនGungxi Six Brother import and Export Trade Co LTDបានទទួលការអនុញ្ញាតពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងឱ្យចូលជួបសម្តែងការគួសម និងជម្រាបអំពីគោលបំណងនៃការវិនិយោគធ្វើរោងចក្រកែច្នៃផ្លែឈើនៅសាលប្រជុំសាលា
ខេត្តបាត់ដំបង។
លោក ថាន ហឺ (Tan He) អ្នកគ្រប់គ្រងក្រុមហ៊ុនGungxi six Brother import and export Trade Co LTD នៃខេត្តGungxi ប្រទេសចិនបានជម្រាបថា ក្រុមហ៊ុនរបស់លោកមានគោលបំណងវិនិយោគទុនសាងសង់រោងចក្រកែឆ្នៃផ្លែឈើស្រស់ទៅជាដំណាប់ក្រៀមហើយមានការវេចខ្ចប់ត្រឹមត្រូវមានអនាម័យល្អ សម្រាប់លក់ក្នុងស្រុកនិងនាំចេញទៅលក់នៅក្រៅប្រទេស។
លោក ថាន ហឺ បានបន្តថា លោកសុំឲ្យអាជ្ញាធរខេត្តជួយគាំទ្រផ្នែកច្បាប់និងដោះស្រាយបញ្ហាផ្សេងៗចាប់ពីពេលដំបូងរហូតដល់រោងចក្របានដំណើរការ។ ហើយរោងចក្រនេះមានទីតាំងស្ថិតក្នុងស្រុករតន:មណ្ឌលខេត្តបាត់ដំបង សាងសង់លើផ្ទៃដីទំហំ៥ហិកតា។ ពេលដំណើរការរោងចក្ររបស់លោកហើយរោងចក្រត្រូវការកម្លាំងពលកម្មពី៤០០ទៅ៥០០នាក់ដើម្បីធ្វើការប្រចាំនៅក្នុងរោងចក្រ ដោយមិនគិតកម្មករចល័តផ្សេងទៀតសម្រាប់ដើរបេះផ្លែឈើផង។
លោកបានបន្តទៀតថារោងចក្រនេះជារោងចក្រផលិតដំណាប់ចេញពីផ្លែឈើស្រស់ក្នុងនោះមានផ្លែស្វាយ ម្នាស់ ល្ហុង ស្វាយចន្ទី និងមានឡសម្ងួតផ្លែតាង៉ែនទៀត។ក្រោយរោងចក្របាននិងកំពុងដំណើរការហើយ រោងចក្រមានសមត្ថភាពផលិតជាភេសជ្ជៈបន្ថែមទៀតផង។
លោកងួន រតនៈ អភិបាលខេត្តបានសម្តែងនូវការស្វាគមន៍និងគាំទ្រទាំងស្រុងដែលក្រុមហ៊ុននេះបានវិនិយោគធ្វើរោងចក្រនិងបានត្រៀមសាងសង់រោងចក្ររហូតដល់បានដំណើរការល្អគឺបានចំណេញទាំងអស់គ្នាគឺខាងក្រុមហ៊ុនបានចំណេញលុយ។ ឯអាជ្ញាធរខេត្តបាត់ដំបងបានចំណេញនោះ គឺមានទីផ្សារខាងផ្លែឈើដល់អ្នកដាំនៅតាមចម្ការនានានិង ប្រជាពលរដ្ឋមានការងារធ្វើនៅជិតផ្ទះក្នុងស្រុកមានប្រាក់ចំណូលមានជីវភាពធូរធាផងដោយមិនបាច់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រេទេសឃ្លាតឆ្ងាយពីក្រុមគ្រួសារ។
លោកអភិបាលខេត្តបានជម្រាបទៅក្រុមហ៊ុនវិញថា សូមឲ្យក្រុមហ៊ុនណែនាំអ្នកវិនិយោគឬក្រុមហ៊ុនផ្សេងៗទៀតមកវិនិយោគឲ្យបានច្រើននៅលើទឹកដីខេត្តបាត់ដំបងជាបន្តបន្ទាប់ទៀត ដើម្បីធ្វើឱ្យខេត្តដ៍ចំណាស់មួយនេះមាន
ការអភិវឌ្ឍន៍កាន់តែមានការរីកចំរើនទៅមុខ៕B/