ក្រុមហ៊ុន​ចិន​ឈ្មោះ “​រ៉ុង ឆេង​” កំពុង​បំផ្លាញ​ផ្លូវ​ថែមទាំង​សង្ស័យថា ជា​អ្នក​បង្ហូរ​កាកសំណល់​គីមី បណ្តាល​ឲ្យ​ពុល​ប្រជាពលរដ្ឋ​នៅ​ក្រចេះ​

2250
ចែករម្លែក

​ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: សហគមន៍​រ៉ែ​មាស​សម្តែង​ក្តី​សោកស្តាយ ក្នុងពេលដែលមន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​រ៉ែ និង​ថាមពល មិនបាន​ធ្វើដំណើរ​មក​ដល់ទី​តាំង​ស្វែងរក​រ៉ែ​មាស​របស់​សហគមន៍ និង​ទីតាំង​រុករក​រ៉ែ​មាស​របស់​ក្រុមហ៊ុន “​រ៉ុង ឆេង​” គ្រា​ដែល​ទីតាំង​ទាំងពីរ​នេះ កំពុងស្ថិត​ក្នុងការ​សង្ស័យ​ថា ប្រើប្រាស់​សា​ធាតុគីមី​ពុល ធ្វើការ​ចម្រាញ់​មាស ហើយ​ហូរ​កាកសំណល់​ចូល​ទឹក​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ ពុល​រហូត​មានការ​ស្លាប់​ជាច្រើន​នាក់​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៩​ខែឧសភា មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​កងកម្លាំង ប្រដាប់ អាវុធ​ជា ច្រើន​នាក់​ចុះទៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់​(​តំបន់​ព្រៃ​មាស​) ដើម្បី​ស្វែង​រកសា​ធាតុ​ពុល​ឈ្មោះ​(​សានី​ត​) ដែល​បង្ក​ឲ្យ​មាន​ការពុល​តាមរយៈ​ទឹក ប៉ុន្តែ​ក្រុម​កា​ងារ​បាន​ត្រឡប់ក្រោយ​វិញ ដោយសារតែ​ផ្លូវ​មិនអាច​ធ្វើដំណើរ​បាន​ព្រោះ ក្រុមហ៊ុន​បាន​ប្រើ​រថយន្ត ប៉ា​កុង ជាច្រើន​គ្រឿង​ដឹក​ប្រេង​ជាង​១​សប្តាហ៍​នេះ បំផ្លាញ​ផ្លូវលំ​ទាំង ស្រុង​តែម្តង​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​នោះដែរ ប្រជា​សហគមន៍​រ៉ែ​មាស​ក៏បាន​មកជួប​ជុំគ្នា​នៅ​សាលាឃុំ​ចុង​ផ្លាស់​ប្រមាណ​ជា​៣០០​នាក់ ក្នុង​គោលបំណង ស្វែងរក​ការជួយ​អន្តរាគមន៍​លើ​ការ​រុក​រា​ន្ត​រណ្តៅ​រ៉ែ​មាស​របស់​សហគមន៍ ពី​សំណាក់​ក្រុមហ៊ុន ចិន​ឈ្មោះ​រ៉ុង ឆេង និង​សូម​ក្តី​អនុគ្រោះ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ផងដែរ​លើ​ការ បន្ថែម​ជម្រៅ​រណ្តៅ​លើសពី ២០ ម៉ែត្រ​។​

​តំណាង​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​លោក​ពៅ សា​វាត បានលើកឡើង​ក្នុងពេល​ជួបជុំគ្នា​នោះ​ថា ក្រុមហ៊ុន​រ៉ុង​ឆេង បាន​បំពាន​រណ្តៅ​រ៉ែ​មាស​របស់​សហគមន៍​ចំនួន​០៤​អណ្តូង ប៉ុន្តែ​មិនមាន​វិធានការណ៍​ទប់ស្កាត់​ណាមួយ​ពី​អាជ្ញាធរ​នោះទេ​។ ក្រុមហ៊ុន​ដដែល​បាន​ប្រើ​គ្រប់​រូបភាព​ញុះញុង​គ្រប់​រូបភាព ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រំលាយ​សហគមន៍​រ៉ែ​មាស​របស់​ពលរដ្ឋ​ចោល​។ តំណាង​សហគមន៍​ដដែល​បន្តថា ក្រុមហ៊ុន​កំពុង​ស្តុក​កាកសំណល់​សា​ធាតុ​ពុល​រាប់លាន​តោន ក្នុង​ក្រុមហ៊ុន ហើយ​បាន​ហូរ​ជាតិគីមី​ពុល​ចូល​ទឹកអូរ​ក្លរ បង្ក​ការពុល​ពលរដ្ឋ​ថែមទៀត​។ ក្រុម​សហគមន៍​បញ្ជាក់ថា ទោះបីជា​ក្រសួង​រ៉ែ​និង​ថាមពល ចុះ​ពិនិត្យ​ស្វែងរក​ជាតិពុល​ក្នុង​រណ្តៅ ឬ​រ៉ែ​មាស​របស់​សហគមន៍ ពលរដ្ឋ​មាន តែ​សប្បាយចិត្ត ត្បិត​ការ​ចម្រាញ់​យក​កម្ទិច​រ៉ែ​មាស​គឺ​ប្រើ​អាស៊ីត​សរ តែប៉ុណ្ណោះ មិនបាន​ប្រើ​គីមី​អ្វី​នោះទេ​។ ទោះយ៉ាងណា​ពលរដ្ឋ​មានការ​សោកស្តាយ​ថា ក្រសួង​ខកខាន​មិនបាន​ចូលមក​ពិនិត្យ​ក្នុង​សហគមន៍ និង​ក្រុមហ៊ុន រ៉ុង​ឆេង​។​

​ប្រភព​មួយ​ពី​អ្នកកា​ពារ​បរិស្ថាន​បាន​បង្ហើប​ថា ក្រុម​កា​ងារ​របស់គេ​កាលពី​ជាង​១០​ថ្ងៃមុន (​ក្រោយ​ពុល​ទឹក​នៅ​ក្រចេះ​) បាន​យក​ទឹកអូរ​ក្លរ ក្បែរ​ក្រុមហ៊ុន​រ៉ុង​ឆេង ទៅ​ពិសោធន៍​នៅក្នុង​មន្ទីរពិសោធន៍ ហើយ​លទ្ធផល គឺ​បាន​រកឃើញ​ជាតិគីមី​ពុល​ឈ្មោះ “​សានី​ត​” មាន​កម្រិតជាតិពុល​ដ​ល់​ទៅ​៣០០ ដែលជា​កម្រិត​មួយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​បាន​ភ្លាមៗ ពេល​ផឹក​ទឹកអូរ​ក្លរ​នេះ​។ ក្រុម​កា​ងារ​ខាងលើ​បញ្ជាក់ថា ជាតិពុល​ឈ្មោះ​សានី​ត ស្ថិតក្នុង​អូរ​ក្លរ​ជាប់​ទីតាំង របស់​ក្រុមហ៊ុន​រ៉ុង ឆេង ហើយ​មិនបាន​ហូរ​ចេញពី​រ៉ែ​មាស​របស់​សហគមន៍​នោះទេ​។​

​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី លោក សាន់ ដា​រឹទ្ធ ថ្លែង​នៅ​ថ្ងៃទី​២០​ឧសភា​នេះ​ថា លោក​ក៏​កំពុង​ព្រួយ​បារ​ម្មណ៍​អំពី​លទ្ធភាព​ប្រជា​សហគមន៍​រ៉ែ​មាស​ចុង​ផ្លាស់​ដែរ ព្រោះ​ធនធាន​រ៉ែ​ដែល​នៅក្រោម​ដី​នោះ ពួកគាត់​គ្មាន​លទ្ធភាព​ទាញយក ដោយ​ច្បាប់​កំណត់​តែត្រឹម​ម្ភៃ​ម៉ែត្រ​។ លោក​ថា ប្រហែលជា​មិនអាច​នោះទេ ចំពោះ​ការស្នើ​សូម​ជម្រៅ​លើស​នេះ ព្រោះ​អាច​ប្រឈម​និង​គ្រោះថ្នាក់ ហើយ​អ្នក​ដែល​ទទួលខុសត្រូវ​គឺ​ខាង​មន្ទីរ​តែម្តង​។

​ប្រធាន​មន្ទីរ​ដដែល​បន្តថា ចំពោះ​ព័ត៌មាន​សា​ធាតុគីមី​ពុល​ដែល​ក្រសួងពាណិជ្ជកម្ម​លើកឡើង​នោះ គឺ​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ចុះមក​ពិនិត្យ​ដែរ​តែ​ផ្លូវ​លំបាក​ទើប​ត្រឡប់​ទៅវិញ តែ​ប្រហែលជា​ទៅ​ម្តងទៀត​នៅ​ថ្ងៃទី​២១​ឧសភា​។ ពាក់ព័ន្ធ​និង​សា​ធាតុគីមី​ពល​នេះដែរ ប្រសិនបើ​រកឃើញថា​ទីតាំង​ក្រុមហ៊ុន​រ៉ុង ឆេង និង​សហគមន៍​រ៉ែ​មាស​ប្រើប្រាស់ បណ្តាលឱ្យ​ពុល​ពិតមែន​អ្នក​ទាំងនោះ​និង​ទទួលទោស​តាមច្បាប់​ហើយ​។ នៅ​ថ្ងៃ​ដដែល​នេះ​តំណាង​ក្រម​ហ៊ុន​រ៉ុង ឆេង រស្មី​កម្ពុជា​មិនអាច​សូម​ការបំភ្លឺ​បាន​នោះទេ​។

​កាលពី​ថ្ងៃទី​១៦​ឧសភា​កន្លងទៅ​ក្នុង​ស​ន្និសិទ​កាសែត​មួយ​លោក​ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​និង​សិប្បកម្មបាន​ថ្លែងថា កម្រិតជាតិពុល​ដែល​បង្ករ​អោយមាន​មនុស្ស​ស្លាប់​នៅ​ស្រុក​ចិត្ត​បុរី​ខេត្តក្រចេះ​នោះ បង្ក​ឡើង​ដោយសា​ធាតុគីមី​ម្យ៉ាង​ឈ្មោះ​សានី​ត ជាតិគីមី​នេះ​គេ​ប្រើ​ក្នុងការ​ប​ន្សុ​តយ​កមាស​នៅតាម​ទីតាំង​រ៉ែ​មាស​ជាដើម​។ លោ​កថា​ធុង​ដាក់​សា​ធាតុគីមី​ឈ្មោះ​សានី​ត នេះ​ត្រូវ​រកឃើញ​មាន​ច្រើន​ក្នុង​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។

​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​និង​រំពឹងថា​ក្រសួងពាណិជ្ជកម្ម ក្រសួង​រ៉ែ​ថាមពល​និង​អង្គភាព​ពាក់ព័ន្ធ​ច្រើន​ទៀត​និង​ពិនិត្យ​ចំណុច​អូរ​ក្លរ ដែល​សង្ស័យ​បូករួម​និង​កាកសំណល់​រាយប៉ាយ​ជា​ច្រើ​ក្នុង​ក្រុមហ៊ុន​រ៉ុង​ឆេង ថា​មាន​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​សា​ធាតុគីមី​ឈ្មោះ​សានី​ត នេះដែរ​ឬទេ​?៕ ល​