ក្រុមហ៊ុន​ចិន​មួយ បណ្តាក់ទុន​២០​លាន​ដុល្លារ វិនិយោគ​លើ​ការដាំ​ឈើ​ធ្នង់​យក​ខ្លឹម​

3169
ចែករម្លែក
  • 730
    Shares

​ដោយៈ សុផល / ភ្នំពេញៈ វិនិយោគិន​ចិន បាន​បណ្តាក់ទុន​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក ដើម្បី​ដាំ​ឈើ​ធ្នង់ ដែលជា​ប្រភេទ​ឈើ​មានតម្លៃ​ខ្ពស់​ចំនួន​៥០០​ហិកតា នៅ​ខេត្តពោធិសាត់​។ សម្រាប់​ដំណាក់កាល​ដំបូង នឹង​ដាំ​ចំនួន​២០០​ហិកតា​។​

​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន Harmony Shield International Group ​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ លោក​លី មីង​យ៉ាង នាយករង​ក្រុមហ៊ុន Harmony Shield ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ក្រុមហ៊ុន​បាន​បណ្តាក់ទុន​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក ដើម្បី​ដាំ​ឈើ​ធ្នង់​យក​ខ្លឹម ចំនួន​៥០០​ហិកតា​នៅ​ខេត្តពោធិសាត់​។ សម្រាប់​ដំណាក់កាល​ដំបូង នឹង​ដាំ​ចំនួន​២០០​ហិកតា ហើយនឹង​ពង្រីក​ជា​បន្តបន្ទាប់​។​

​លោក​បាន​បន្តថា តាម​ធម្មតា​ឈើ​ធ្នង់​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ទើប​ប្រមូល​ផល​បាន តែ​ខាង​ក្រុមហ៊ុន​មាន​អ្នកជំនាញ និង​បច្ចេកទេស ពិសេស​ខាង​បង្កាត់​ពូជឈើ ដោយ​ដាំ​តែ​ក្នុង​រយៈពេល​១០​ទៅ​១៥​ឆ្នាំ នឹង​ទទួលបាន​ផល​។​ក្រោយ​ប្រមូល​ផល​បាន ក្រុមហ៊ុន​នឹង​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​លោក លី មីង​យ៉ាង បាន​បញ្ជាក់ថា​៖ នៅ​ទីផ្សារ​ប្រទេស​ចិន ខ្លឹម​ធ្នង់​១​តោន​មានតម្លៃ​១​លាន​ដុល្លារ​អាមេរិក ដែល​ខ្លឹម​នេះ​គេ​យកទៅ​ធ្វើ​អង្កាំ និង​គ្រឿង​លំអ​មានតម្លៃ​ផ្សេងៗ​។​

​ទាក់ទង​នឹង​ក្រុមហ៊ុន​ទើបនឹង​បើក​ថ្មី​នៅ​កម្ពុជា​នេះ លោក​បានឱ្យដឹង​ផងដែ​រថា ក្រុមហ៊ុន Harmony Shield Group មាន​បុត្រ​សម្ព័ន្ធ​នៅ​១១​ប្រទេស ដែល​ក្នុងនោះ​មាន​ស្វី​ស ជប៉ុន ចិន អាមេរិក អាហ្វ្រិក​។​

​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ដែល​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន Harmony Shield បាន​ថ្លែងថា​៖ ការសម្រេច​មក វិនិយោគទុន​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​នេះ បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ។​ការវិនិយោគទុន​នេះ​ទៀតសោធ​កើតឡើង​ស្របពេល​រាជធានី​ភ្នំពេញ​កំពុងតែ​អភិវឌ្ឍ​និង​ត្រូវការ​ការវិនិយោគ​បន្ថែម​។​

​លោក​អភិបាលរង បាន​បន្ថែមទៀតថា ៖​កម្ពុជា សូម​ស្វា​គម​រាល់​ការវិនិយោគ​និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​និង​បរទេស និង​ការពារ​អ្នក​វិនិយោគិន​ស្របច្បាប់​៕L