ក្រុមហ៊ុន​ចិន​សាងសង់​រោងចក្រ កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ​លើកដំបូង​លើ​ទឹកដី​ខេត្តក្រចេះ​

1094
ចែករម្លែក
  • 3
    Shares

​ដោយ : សេង​ឃួន/ ​ក្រចេះ​៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន GreenLeader បានចាប់ផ្ដើម​បញ្ចុះ បឋមសិលា​បើក​ការ​រដ្ឋា​ន​សាងសង់​រោងចក្រ​កែច្នៃ​ផលិត​ម្ស៉ៅ​ដំឡូង​មី​ទី​១ ដែលមាន​សម​ត្ភា​ព កែច្នៃ​ដំឡូង​មី ជា​ម្សៅ ប្រមាណ​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ នៅលើ​ទឹកដី​ស្រុក​ស្នួល ខេត្តក្រចេះ ក្រោម​អធិបតីភាព​លោក យឹម ឆៃលី ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ ។​

​លោក Michael Tse នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន GreenLeader ដែលជា​ក្រុមហ៊ុន​មួយ បាន​បោះទុន​និ​វិយោគ ក្នុង​កម្រិត​ធំ​លើ​ការកែច្នៃ ផលិតផល​ដំឡូង​មី បាន​លើកឡើងថា ក្រុមហ៊ុន​បាន​ចំណាយ​អស់​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​វិភាគ​យ៉ាង​លំអិត​ទៅលើ​ទីផ្សា​វិស័យ​កសិកម្ម​ដាំ​ដុះ និង​កែច្នៃ​ផលិតផល​ដំឡូង​មី​របស់​ប្រទេស​កម្ពុជា​។ ដោយមាន​ការ គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា រោងចក្រ​ទីមួយ​ដែលមាន​សមត្ថភាព​ផលិត​ម្ស៉ៅ​ដំឡូង​មី ១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ និង​ម្ស៉ៅ​ដំឡូង​មី​កែប្រែ ៣​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ។

​លោក Michael Tse បាន​បន្តទៀតថា ផែនការ​ពាណិជ្ជកម្មរ​បស់​ក្រុមហ៊ុន គឺ​បង្កើត​រោង ចក្រ​ដូច​ខាងលើនេះ​ឲ្យ​បាន ចំនួន​២០​រោងចក្រ នៅតាម​តំបន់​និង​បណ្ដារ​ខេត្ត​ផ្សេងៗ​គ្នា នៃ​ប្រទេស​។ ក្រុមហ៊ុន GreenLeader មាន​ផែនការ ធ្វើការ​ផ្លាស់ប្ដូរ​វិស័យ​កសិកម្ម​ដំឡូង​មី កម្ពុជា​ឲ្យ​ទៅជា​វិស័យ​ផលិតកម្ម​កែច្នៃ​ដំឡូង​មី​ពិតប្រាកដ​។

​លោក Tse បាន​បញ្ជាក់ថា ដើម្បី​អាច​ទទួលបាន​ផល​កែច្នៃ ក្នុង​ទ្រង់ទ្រាយ​ដូចខាងលើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូង​មី​ជា​វត្ថុធាតុដើម​យ៉ាងតិច ៥០​ម៉ឺន​តោន ក្នុង​មួយឆ្នាំ ហើយ​ដើម្បី ទ្រទ្រង់​កម្រិត​ផលិត​កម្មនេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ កិច្ចព្រមព្រៀង​កសិកម្ម ជាមួយនឹង​កសិករ ដោយ​ផ្ដល់ជូន​នូវ​ឥណទាន​សំរាប់​ការដាំដុះ បច្ចេកទេស​ដាំ​ដុះ គ្រឿងចក្រ​កសិកម្ម ធ្វើ​ឲ្យ​កសិករ​គ្មាន​ក្តីបារម្ភ​ណ៍ ទៅលើ​ការលក់​ផលិតផល​មិន​ចេញ និង​ជួយ​ទ្រ​ទ្រ​ង​ចំពោះ​ចំណូល​ជីវភាព របស់​ប្រជាកសិករ យ៉ាងពិត​ប្រាកដ​។

លោក​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ក៏មាន​គម្រោង​បង្កើត រោងចក្រ​ចំនួន​៥​ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​រោងចក្រ​ទី​ពីរ​អាច​នឹង​សាងសង់ នៅ​ប៉ែក​ខាង​ខេត្តបាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ។

​លោក យឹម ឆៃលី ឧ​ប​នាយ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន GreenLeader ដែល​បានមក​បោះទុន​កម្រិត​ធំ​នេះ​នៅ​កម្ពុជា ជាពិសេស​គឺ​វិនិយោគ លើ​វិស័យ​កសិកម្ម ដែលជា​វិស័យ​មួយ​ដ៏​សំខាន់​របស់​កម្ពុជា​។ ជាមួយនឹង​ផលិតផល​ដំឡូង​មី ឯកឧត្តម​បាន​មានប្រសាសន៍ថា ដំឡូង​មី​គឺជា​ផលិតផល​កសិកម្ម​ធំ​ទី​ពីរ របស់​កម្ពុជា បន្ទាប់ពី​ស្រូវ ហើយក៏​ជា​ផលិតផល​មួយ ដែលមាន​សក្ដានុពល​ខ្ពស់ សម្រាប់​កែច្នៃ និង​នាំចេញ​ដោយ​ដំឡូង​មី អាច​កែច្នៃ​ទៅជា​មុខទំនិញ ជាច្រើន​ដូចជា ម្សៅ​មី ប្រេងឥន្ធនៈ​អេតាណុល គ្រាប់​ថ្នាំពេទ្យ គ្រឿងឧបភោគ បរិភោគ​ដទៃទៀត​។​

​លោក សង្ឃឹមថា ការវិនិយោគ​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ជាច្រើន ដល់​កសិករ​កម្ពុជា ជាពិសេស​បង្កើន​ចំណូល របស់​ពួកគាត់ កាត់បន្ថយ​ចំណាកស្រុក និង​រួមចំណែក ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។ ឯកឧត្តម​ឧ​ប យឹម ឆៃលី ជម្រាបជូន​ថា ក្រុមហ៊ុន GreenLeader អាច​ពិចារណា​ចាប់​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​ជាការ​ផ្ទេរ​ចំណេះដឹង និង​បច្ចេក វិទ្យា ហើយ​ជម្រាប​ដែរ​ថា ក្រសួងពាណិជ្ជកម្ម នឹង​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ជួយ​សម្រួល​ដល់ ដំណើរការ​ធុរកិច្ច​របស់​ក្រុមហ៊ុន​៕​B