ក្រុមហ៊ុន​ចិន​សៀង​ហៃ​គួ​ស៊ី​គ្រុប នឹង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​

986
ចែករម្លែក

​ដោយ : ​សុផល​​/​ភ្នំ​ពេញ ​៖ ក្រុមហ៊ុន សៀង​ហៃ​គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​មានទ្រព្យ​សម្បត្តិ​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក បានបង្ហាញ​ពី​គោលបំណង​ចង់​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​បើតាម​គម្រោង​ក្រុមហ៊ុន​ចិន សៀង​ហៃ គួ​ស៊ី​គ្រុប នឹង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ឈ្មោះ ឆាយ ឆាយ អ៊ិន​វេស​ម៉េ​ន ក្នុង ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​។​
​ ​

ជាមួយគ្នានេះ​លោក កឺ ឈួន​បាវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន ក៏បាន​ស្នើសុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រ និង​ផ្តល់​កិច្ចសហការ​ដល់​ក្រុមហ៊ុន​របស់លោក ដែលមាន​បំណង​យ៉ាង​មុះ​មុត នៅក្នុង​ការវិនិយោគ​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ ចូលរួមចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ការផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

លោក​កឺ ឈួន​បាវ បាន​លើកសំណើ​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​ទទួលបាន​ការអនុញ្ញាត​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋសភា​។​
​នៅក្នុង​ឱកាស​នោះ លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន បាន​ជម្រាប​សម្តេច​ប្រធាន​ថា បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​បាន​សង្កេតឃើញ​ពី​សក្តានុពល​យ៉ាងខ្លាំង​របស់​កម្ពុជា​ហើយ​នៅពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ ក្រុមហ៊ុន​លោក​នឹង​ទាក់ទាញ​អ្នកវិនិយោគ​នានា​មក​បណ្តាក់ទុន​នៅ​កម្ពុជា​។​

​លោក​កឺ ឈួន​បាវ បានបញ្ជាក់​បន្ថែមថា​ក្រុមហ៊ុន​សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ គឺជា​ក្រុមហ៊ុន​ធំ​របស់​ចិន ដែលមាន​ទុនវិនិយោគ​មកពី​ប្រទេស​សឹង្ហ​បុរី និង​សហរដ្ឋអាមេរិក ដែលមាន​ទុនវិនិយោគ​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​។ ការវិនិយោគ​នៅ​កម្ពុជា ជា​ផ្នែក​មួយ​ក្នុងការ​អនុវត្តតាម​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​នេះ ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា ទាំង​រដ្ឋសភា និង​រាជរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់ និង​ជំរុញ​លើកទឹកចិត្ត ចំពោះ​វិនិយោគ​ផ្ទាល់​ពី​បរទេស​លើ​គ្រប់​វិស័យ ហើយ​ទទួលបាន​ការចាប់អារម្មណ៍​និង​ការគាំទ្រ​ដោយមាន ក្រុមហ៊ុន​ធំៗ​ពី​បរទេស​ជាច្រើន បាន​នឹង​កំពុង​អនុវត្ត​ផែនការ​វិនិយោគ​របស់​ពួកគេ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​បន្តថា ការភ្ជាប់​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ពី​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ផ្សេងៗ​វា​បាន​ជំរុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍ និង​ការវិនិយោគ​ផ្ទាល់ ពី​បរទេស​មកកាន់​កម្ពុជា​កាន់តែច្រើន​រៀងរាល់ឆ្នាំ ជាពិសេស​ប្រទេស​ចិន​ផ្ទាល់​តែម្តង​។​ចំណែក​ប្រទេស​ចិន ចិន​គឺជា​ដៃគូរ​វិនិយោគ​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​។ គិត​មកដល់​ឆ្នាំ​២០១៧ ទុនវិនិយោគ​របស់​ចិន​ឈរ​នៅ​លេខ​រៀង​លំដាប់ ទី​១ គឺមាន​ទឹកប្រាក់​ប្រមាណ​ជា​១៦​ពាន់​លាន​ដុល្លារ​អាមេរិក​៕B

សម្តេច​ប្រធានរដ្ឋសភា អនុញ្ញាត​លោក កឺ ឈួន​បាវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន ជួប​សវនាការ​នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា នៅ​រដ្ឋសភា​ (រូបថត ៖ សុផល)