ក្រុមហ៊ុន​ចិន នៅតែ​បន្ត​រំលោភ​រណ្តៅ​រ៉ែ​មាស​សហគមន៍​ចុង​ផ្លាស់​៤​អណ្តូង

1526
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សហគមន៍​រ៉ែ​មាស ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​សម្តែង​ក្តី​ព្រួយ​បារ​ម្មណ៍​លើ​ការបាត់បង់​ធនធាន​មាស​នៅក្នុង​សហគមន៍ គ្រា​ដែល​ត្រូវបាន​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​រ៉ុង ឈុន ជីក​បំពាន​ចូល​ដី​របស់​សហគមន៍​ដែល មាន​ទំហំ​៥០​ហិកតា​ហើយ​ថា​មិនមាន​ការជួយ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ការសម្តែង​ក្តី​ព្រួយ​បារ​ម្មណ៍​នោះដែរ​គឺ​ខណៈដែល​ក្រុម​ប្រជា​សហគមន៍​ដែលមាន​គ្នីគ្នា​ប្រមាណ​ជាង​២​រយ​នាក់​បានមក​ជួបជុំគ្នា​មុខ​សាលាឃុំ​ចុង​ផ្លាស់​កាលពី​ល្ងាច​ថ្ងៃទី​៨​ឧសភា​២០១៨​ដើម្បី​ស្នើរ​សុំ​ការ​អន្តរា​គម​ន៏​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​

នៅ​ក្នុងការ​មកជួបជុំ​គ្នា​នោះ​សហគមន៍​រ៉ែ​មាស​ក៏បាន​ផ្តោត​សំខាន់​ផងដែរ​អមពី​អាជីវកម្ម​ជីក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​គ្រា​ដែល​ក្រសួង​រ៉ែ​នឹង​ថាមពល​មិន​អនុញ្ញាត​ឲ្យ​មានការ​ជីករណ្តៅ​រ៉ែ​លើសពី​ជម្រៅ​២០​ម៉ែត្រ​ការហាមឃាត់​នេះ​គឺ​បង្ករ​ឲ្យ​ការរក​រ៉ែ​របស់​សហគមន៍​មិនបាន​ប្រ​ទៈ​ឃើញ​ធនធាន​រ៉ែ​នោះឡើយ​។

​មេឃុំ​ចុង​ផ្លាស់ លោក លឹម គុន បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា​បច្ចុប្បន្ន​មាន​អ្នករស់នៅ​ចំនួន​ជិត​២.០០០​គ្រួសារ​ដែល​ពឹង​អាស្រ័យ​លើ​អាជីវកម្ម​ជីក​រ៉ែ​មាស​តាមបែប​ប្រពៃណី​តាំងពី​យូរលង់​ណាស់​មក ហើយ តំបន់​ពួកគាត់​រស់នៅ​នេះ​ជា ប្រភេទ​ដី​ថ្មភ្នំ​សុ​ទ្ឋ គ្មាន​ទឹក គ្មាន​ជីវជាតិ មិនអាច​បង្ករ​បង្កើន​ផល​បាន​នោះទេ គឺអាច​រស់ រាន​បាន​ដោយ​ជីក​រ៉ែ នឹង​របរ​លក់ដូរ​ប៉ុ​ណ្តោះ​។​

​អ្នកភូមិ​និយាយថា ការជួប​ជុំគ្នា​នេះ​មិនមាន​ចេតនា​ណាមួយ​បង្ករ​ការលំបាក​ដល់​អាជ្ញាធរ​នោះទេ គឺ​គាត់​សុំ​ត្រឹម​ការអនុញ្ញាត​ពី​ក្រសួង​រ៉ែ​នឹង​ថាមពល​ជួយ​បង្ករ​ភាពងាយស្រួល​សម្រាប់​ពួកគាត់​អាច​ប្រកប​របរ​ជីក​រ៉ែ​តាមបែប​គ្រួសារ​ដោយ​មិនមាន​ការកំណត់​ជម្រៅ​ត្រឹម​២០​ម៉ែត្រ​ដូច​សព្វថ្ងៃ​ព្រោះ​ក្នុង​ជម្រៅ​នេះ​ត្រូវបាន​គេ​ជីក​អស់​រយៈពេល​២០​ទៅ​៣០​ឆ្នាំ​មកហើយ បើ​នៅតែ​កំណត់​២០​ម៉ែត្រ​គាត់​មិនអាច​ជីក​បានឡើយ​។​

​ក្រុម​អ្នកភូមិ​ដែលមាន​ទាំងចាស់​ក្មេងប្រុស​ស្រី​បាន​ទទូច​ស្នើរ​សុំ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មេត្តាជួយ​ពិនិត្យ​ល​ទ្ឋ​ភាព​ដល់​ប្រជាពលរដ្ឋ​ដែលជា​កូន​ជា​ចៅ​របស់​សម្តេច​ដើម្បី​អាច​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​រលូន​ព្រោះ​បើ​នៅតែមាន​បម្រាម​ទៀត​នោះ​អ្នកភូមិ​ទាំងនេះ​នឹង​ជួប​ការខ្វះខាត​ក្នុង​ជីវភាព​ខ្លាំងណាស់​។​

អ្នកភូមិ​ដដែល​លើកឡើងថា «​ទីកន្លែង​នេះ​ជា តំបន់ ដែល​ពួក​ខ្ញុំ​រស់នៅ និង​ប្រកបមុខរបរ​ធ្វើ​រ៉ែ​មាស តាមបែប​បុរាណ​លក្ខណៈ​គ្រួសារ​តាំងពី​ឆ្នាំ​១៩៨៨​មក​ម្លេះ រហូតដល់ ឆ្នាំ​២០១៥ ទើប​ក្រសួង​រ៉ែ និង​ថាមពល ផ្តល់​សិ​ទ្ឋ​ស្របច្បាប់​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​(​ទ្រង់ទ្រាយ​តូច​)​ដល់ សហគម​ន៏​សិប្បករ រ៉ែ​ចុង​ផ្លាស់​យើងខ្ញុំ ដោយ​កំណត់​ជម្រៅ​មិន​ឲ្យ​លើសពី​២០​ម៉ែត្រ ។​ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​ជាង​មកនេះ ក្រោយពី​ពួកយើងខ្ញុំ អនុវត្ត​ន៏ តាម​ការកំណត់​ជម្រៅ​មិន​ឲ្យ​លើស​២០​ម៉ែត្រ គឺ​ពុំ​ទទួលបាន​ទិន្នផល​រ៉ែ​នោះទេ​»​។​

​ក្រុម​ប្រជា​សហគមន៍​ខាងលើ​បន្តថា​«​ម្យ៉ាងវិញទៀត​ពួកយើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ មុខរបរ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ជា​ចំបង​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ព្រោះថា​ដី​តំបន់​នោះ​ជា​តំបន់​មិន​អាចធ្វើ​កសិកម្ម​បាន ហើយ​ដើម្បី​ឲ្យ​មាន​ថវិកា​ចំនូល ចូលជាតិ និង​ចំនូល​សម្រាប់​ពលរដ្ឋ​ក្នុង​ខេត្ត​»​។​

​កាលពី​ថ្ងៃទី​៨​ឧសភា​២០១៨​នោះដែរ​\​តំណាង​ប្រជាពលរដ្ឋ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​រវាង​អាជ្ញាធរខេត្ត នឹង​សហគម​ន៏ រ៉ែ​ថា​«​សូម​អាជ្ញាធរ​ជួយ​ពិនិត្យ​នឹង​ដោះស្រាយ​លើ​ករណី​ក្រុមហ៊ុន​ចិន ដែល​កំពុង​ធ្វើ​កម្ម​ភាព​ជីក​ខួង​រណ្តៅ​រ៉ែ​មាស ចូលក្នុង តំបន់​ដី ប្រជាពលរដ្ឋ កាន់កាប់​រហូត​មាន​ជម្រៅ​លើសពី​១០០​ម៉ែត្រ ឲ្យ​បញ្ឈប់​សកម្មភាព​ជីក​នោះ ព្រោះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ការរស់នៅ នឹង​កន្លែង​ជីក​រ៉ែ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​»​។​

​តំណាង​ដដែល​បន្តថា​«​ដី​របស់​ក្រុមហ៊ុន​ចិត្ត​មាន​រហូតដល់​ទៅ​ជាង​១ ០០០​ហិច​តា សម្រាប់​ជីក​រក​រ៉ែ​មាស តែ​ពួកគាត់​នៅតែ ទន្ទ្រាន​ចូលក្នុង​ដី​សហគម​ន៏​ដែលមាន​មិន​ដល់​៥០​ហិច​តា​ផង​នោះ តើ​ឲ្យ​អ្នកភូមិ​ដែលមាន​ចំនួន​រាប់ពាន់នាក់​រស់នៅ នឹង​ប្រកប របរ​ចិញ្ចឹមជីវិត​ដោយ​របៀប​ណា​»?

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រជា​សហគម​ន៏​បាន​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ចិន ដែល​បាន​រំលោភ​លើ​អណ្តូង របស់​សហគម​ន៏​ចំនួន​៤​ទីតាំង កាលពី​ឆ្នាំ​២០១៧​រហូតមក ឲ្យ​បញ្ឈប់​ការជីក​រុករ​កទៀត​។​នឹង​សូម​ឲ្យ​ខេត្ត​ជួយ ព​ន្លឿ​ន​ការ ចេញ​អាជ្ញារ​ប័ណ្ណ​ថ្មី​ដល់​សហគមន​ន៏​រ៉ែ​មាស​ចុង​ផ្លាស់​។​

​ក្នុងជំនួប​ដោះស្រាយ​នោះ គេ​សង្កេតឃើញថា អាជ្ញាធរខេត្ត​ដែល​ដឹកនាំ​ដោយ​លោក សុក សេ​រ៉ា នាយរង​សាលាខេត្ត បាន ត្រឹម​សន្យា នាំយក​សំណើរ​របស់​ប្រជាពលរដ្ឋ ដាក់ជូនទៅ​ថ្នាក់ដឹកនាំ​ជា​អ្នកសម្រេច ព្រោះ​អាជ្ញាធរ​គ្មាន​ល​ទ្ឋិ​ភាព​សម្រេច​លើ ការ អនុញ្ញាត ជូន​ប្រជាពលរដ្ឋ​បាន​ឬ​មិនបាន​នោះទេ​។​អ្វីៗ​គឺ​ត្រូវ​រង់ចាំ​មើល​ការ​ច​ម្រេច​ចិត្ត​របស់​ក្រសួង នឹង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​សិន​។​

​តំណាង​ឲ្យ​សហគម​ន៏​រ៉ែ​លោក តែ គីម​សាន្ត បាន​រំពឹងទុក​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នឹងមិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​របស់​សម្តេច​រស់នៅ​ដោយ​ពិបាក​ក្នុងការ ប្រកប​របរ​ចិញ្ចឹមជីវិត​ឡើយ​។

ក្នុងនាម​លោក​តំណាង​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៏ បាន​ផ្ញើរ​ក្តី​ស​ង្ឈឹ​ម​នឹង​ជោគវាសនា​ទាំងស្រុង របស់​ប្រជាជន​ឃុំ​ចុង ផ្លាស់ លើ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ នឹង​ថាមពល នឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ការ​អនុ​ញ្ញា​ឲ្យ​ប្រជា ជន​ក្នុង​មូលដ្ឋាន​អាច​ជីក​រក​រ៉ែ​បាន​បន្តទៅទៀត​៕S/

​ក្រុមហ៊ុន​ចិន នៅតែ​បន្ត​រំលោភ​រណ្តៅ​រ៉ែ​មាស​សហគមន៍​ចុង​ផ្លាស់​៤​អណ្តូង