ក្រុមហ៊ុន​ចំនួន​៩០​ត្រៀម​ចូលរួម​តាំង​បង្ហាញ​ក្នុង​ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​ឆ្នាំ​២០១៨​នេះ​

930
ចែករម្លែក
  • 9
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: នា​ខែកញ្ញា​ខាងមុខនេះ តាម​ការគ្រោងទុក​ពិ​ព័រ​ណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៥ នឹង​រៀបចំឡើង​នៅ​ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ សម្រាប់​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​ឯកជន​ប្រមាណ​៩០​នឹងចូលរួម​តាំង​បង្ហាញ​ផងដែរ ក្នុង​គោលបំណង​ដើម្បី​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​ពង្រីក​គោលដៅ​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

រូបភាពពិព័រណ៍ពាណិជ្ជកម្មនាពេលកន្លងមក (រូបឯកសារ)

​លោក ស៊ា​ង ថៃ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ​ថា ស្រប​ពេលដែល​កម្ពុជា​នឹងធ្វើ​ជា​ប្រទេស​កិត្តិយស​ក្នុង​ពិ​ព័រ​ណ៌​ខាងលើ គិត​រហូតមក​ដល់ពេលនេះ​កម្ពុជា​ទទួលបាន​ស្តង់​សម្រាប់​តាំង​បង្ហាញ​សរុប​ចំនួន​១៤៦​ស្តង់ កើនឡើង​ប្រមាណ​២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​មាន​ស្តង់​សរុប​១២៦​។

​លោក​អគ្គនាយក​លើកឡើង​បន្តថា កា​រៀបចំ​តាំង​បង្ហាញ​របស់​កម្ពុជា​នៅ​ប្រទេស​ចិន ជាការ​កត់សម្គាល់ឃើញ​ថា ប្រជាជន​ចិន​មាន​ចំណាប់អារម្មណ៍​និង​ពេញ​ចិត្តច្រើន​លើ​ផលិត​របស់​កម្ពុជា ដូច្នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែមាន​កម្លាំង​ចិត្ត​ផលិត​នូវ​ផលិតផល​មានគុណ​ភាព​កាន់តែ​ខ្ពស់ជាង​មុន មាន​ស្តង់ដារ​ល្អ​ជាង​មុន ដើម្បី​មានលទ្ធភាព​អាច​ជ្រៀតចូល​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ចិន​តែម្តង​។ លោក​បញ្ជាក់ទៀតថា ពិ​ព័រ​ណ៌​នេះ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ការទូត​ព្រមទាំង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ជាមួយគ្នានេះ លោកស្រី អ៊​ន់ ច​ន្ធី នាយិកា​ក្រុមហ៊ុន អឹម​ខេ កាហ្វេ​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ​ជា​លើក​ទី​៨​ហើយ ដែល​ក្រុមហ៊ុន​លោកស្រី​នឹងចូលរួម​ក្នុង​ពិ​ព័រ​ណ៌​នេះ ដោយ​ឆ្នាំ​កន្លងៗ​មក​គឺ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកចូលរួម​គ្រប់​ជាតិ​សាសន៍ ពិសេស​ប្រជាជន​ចិន​។ លោកស្រី​បន្តថា ក្នុងឱកាស​ចូលរួម​ពិ​ព័រ​ណ៌​ម្តងៗ កំណើន​ពី​ការលក់​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដោយ​ឆ្នាំ​២០១៧​កន្លងទៅ​អាច​លក់​កាហ្វេ​បាន​ប្រមាណ​ជា​០២​តោន​ឯណោះ​។​

​សូមជម្រាបថា ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៥ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ប្រទេស​ចិន ក្នុងនោះ​កម្ពុជា​នឹង​ធ្វើជា​ប្រទេស​កិត្តិយស ស្របពេល​ទំនាក់ទំនង​ការទូត កម្ពុជា​-​ចិន នឹង​ឈានចូល​គម្រប់​ខួប​លើក​ទី​៦០ ក៏ដូចជា​គម្រប់​ខួប​លើក​ទី​១៥​ក្នុងការ​បង្កើត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ចិន​-​អាស៊ាន​៕ ល​