ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​ពិចារណា​ចាកចេញ​ពី​ចិន ចំ​ពេល​អាម៉េរិក​ដំឡើង​ពន្ធ​

963
ចែករម្លែក

​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើន​កំពុង​រើ​មូលដ្ឋាន​ផលិត​របស់​ខ្លួន​ចេញពី​ចិន​ទៅកាន់​ប្រទេស​ផ្សេងៗ ដោយសារតែ​ខ្លាច​បាត់បង់​ការប្រកួត​ប្រជែង​ថ្លៃ ដែល​បង្កឡើង​ដោយ​ការ​វាយ​​ពន្ធ​ខ្ពស់​របស់​អាម៉េរិក​សំរាប់​ទំនិញ​នាំចូល​ពី​ចិន​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​និង​កំពុង​វាយ​ពន្ធ​ពិន័យ​លើ​ទំនិញ​នាំចូល​ពី​ចិន បើ​ការដំឡើង​ពន្ធ​នេះ​នឹង​ត្រូវ​បន្ថែម​លើ​ទំនិញ​ផលិត​នៅ​ចិន​ភាគច្រើន​បំផុត​នោះ​ទំនិញ​ផលិត​​ដោយ​ក្រុមហ៊ុន​ជប៉ុន​នៅ​ចិន​ជា​ច្រើន នឹង​មុខជា​ឡើងថ្លៃ​និង​កាន់តែ​បាត់បង់​ភាព​ប្រកួតប្រជែង​។​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នេះ​ដែល​បាន​ចាប់ផ្តើម​កាល​​ពី​ឆ្នាំ​២០១៨ ទំនងជា​នឹង​មិន​អាច​ដោះស្រាយ​បាន​ឆាប់ៗ​នេះ​ទេ ក្រោយ​អាម៉េរិក​អនុវត្ត​ការយកពន្ធ​ជុំ​ទី​៣​លើ​ទំនិញ​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​១​មិថុនា​និង​ពិចារណា​យកពន្ធ​ជុំ​ទី​៤​។​

​មុន​ការយកពន្ធ​ថ្មី រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​ផែនការ​ព្រាង​មួយ​កាលពី​ថ្ងៃ​១៣​ឧសភា ដែល​បង្ហាញ​ថា​អាម៉េរិក​នឹង​យកពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​បន្ថែម​៣០០​ពាន់​លាន​ដុល្លារ ជា​ផ្នែក​នៃ​ការយកពន្ធ​ជុំ​ទី​៤​របស់ខ្លួន​។​

​បន្ថែម​លើ​ទូរស័ព្ទ​ចល័ត​និង​កុំព្យូទ័រ​notebook ទំនិញ​ដែល​ជា​គោលដៅ​វាយ​ពន្ធ​បន្ថែម​រួម​មាន​ឧបករណ៍​ហ្គេម នាឡិកាដៃ​និង​សម្លៀក​បំពាក់​ផលិត​ដោយ​បណ្តា​ក្រុមហ៊ុន​ជប៉ុន​នៅ​​ចិន​។​

​ដើម្បី​ដោះស្រាយ​សភាពការណ៍​នេះ ក្រុមហ៊ុន​កាន់តែច្រើន​បាន​ផ្ទេរ​មូលដ្ឋាន​ផលិត​របស់​គេ​មក​កាន់​អាស៊ី​អាគ្នេយ៍​និង​កន្លែង​ផ្សេងទៀត​។​ក្រុមហ៊ុន​Casio Computer​បាន​ចាប់​​ផ្តើម​ការងារ​ផ្ទេរ​ការផលិត​នាឡិកា រួម​មាន​នាឡិកា​ម៉ាក​G-Shock​និង​គ្រឿង​ឧបករណ៍​តន្ត្រី​ទៅកាន់​ប្រទេស​ថៃ​និង​ជប៉ុន​។​Casio​បាន​ប៉ាន់ស្មាន​ថា គ្រាន់តែ​អាជីវកម្ម​ផលិត​នាឡិ​​កា ក្រុមហ៊ុន​អាច​ខាតបង់​៧០០​លាន​យេន​ដោយសារ​ពន្ធ​ថ្មី ហើយ​ការ​រើ​ទីតាំង​ផលិត​នឹង​នាំ​អោយ​ការខាតបង់​ថយ​ពាក់កណ្តាល​។​

​ក្រុមហ៊ុន​Ricoh​ក៏បាន​សំរេច​រើ​ទីតាំង​ផលិត​ម៉ាស៊ីន​ព្រី​ន​និង​ថតចម្លង​(​កូ​ពី​) ស្គែ​ន​នឺ​និង​ហ្វាក់​ពី​ចិន​ទៅ​ថៃ​ផង​ដែរ​។​

​ក្រុមហ៊ុន​លក់រាយ​Fast Retailing ក៏​សម្លឹងមើល​ទីតាំង​នៅ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ី​ខាងត្បូង ដូចជា​បង់​ក្លា​ដែស​និង​វៀតណាម សំរាប់​ការផលិត​សម្លៀក​បំពាក់​។​បច្ចុប្បន្ន ក្រុមហ៊ុន​​នេះ​នាំ​ចេញ​សម្លៀក​បំពាក់​ប្រមាណ​៥០​ភាគរយ​ពី​ចិន​ទៅ​អាម៉េរិក​។​

Panasonic​ក៏​បាន​រើ​ផ្នែក​នៃ​ផលិតកម្ម​ឧបករណ៍​សម្លេង​ស្ទេរី​អូ និង​ឧបករណ៍​យានយន្ត​ចល័ត​ផ្សេង​ទៀត​ពី​ចិន​ទៅកាន់​បណ្តា​រោងចក្រ​នៅ​ថៃ​និង​ម៉ាឡេស៊ី​។​

​ទោះជា​យ៉ាងណា ក្រុមហ៊ុន​ខ្លះ​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការបោះបង់ចោល​មូលដ្ឋាន​ផលិតកម្ម​នៅ​ចិន​ដោយសារ​បារម្ភ​អំពី​ថ្លៃ​រើ​ទីតាំង​និង​សាងសង់​វា​ឡើង​វិញ​។​

​សេចក្តីត្រូវការ​គ្រឿងបន្លាស់​របស់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​នៅ​ចិន​ក៏​ធ្លាក់ចុះ ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​អូសបន្លាយ​រវាង​ចិន​និង​អាម៉េរិក​។​យោងតាម​ការសិក្សា​មួយ ការនាំ​​ចេញ​ផលិតផល​ជប៉ុន​នៅ​ចិន​នឹង​ធ្លាក់ចុះ​១,៣​លាន​លាន​យេន បើ​អាមេរិក​អនុវត្ត​ការ​វាយ​ពន្ធ​ជុំ​ទី​៤៕​ដោយ​៖​វាសនា​

និយោជិត​នៅ​រោងចក្រ​ផលិត​សំបក​កង់​មួយ​នៅ​ចិន​ដែល​នាំ​ចេញ​ផលិតផល​ទៅកាន់​ប្រទេស​ជាច្រើន

#