ក្រុមហ៊ុន​ជប៉ុន​ចង់​វិនិយោគ​ដាំ​ដើម​អាកាស្យា​និង​ដើម​កៅស៊ូ​នៅ​កម្ពុជា​

225
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចង់​មក​វិនិយោគ​ដាំ​ដើម​អាកាស្យា​និង​ដើម​កៅស៊ូ​នៅ​កម្ពុជា និង​កំពុង​ស្វែងរក​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​រដ្ឋសភា កម្ពុជា​។​លោក HITOSHI HONNA ប្រធាន​ក្រុមហ៊ុន erex Co.,Ltd. និង គណៈប្រតិភូ​បាន​អញ្ជើញ​ចូលជួប​ជាមួយ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា​។ ដឹកនាំ​ដោយ លោក ជា វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ នៅ​វិមាន​រដ្ឋសភា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​។​

​លោក​HITOSHIHONNA​បាន​មានប្រសាសន៍ថា​៖​គោលបំណង​ដែល​លោក​មកជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​លើ​វិស័យ​កសិកម្ម​នាពេលនេះ​គឺ​ដើម្បី​ចង់ឱ្យ​រដ្ឋសភា​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​គាំទ្រ​ក្រុមហ៊ុន​លោក​ដែល​បណ្តាក់ទុន​លើ​ការដាំ​ដើម​អាកាស្យា​និង​ដើម​កៅស៊ូ​នៅ​កម្ពុជា​។​ដើម្បី​នាំយកទៅ​លក់​នៅ​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េខាងត្បូង​លោក​បញ្ជាក់ថា​ក្រុមហ៊ុន​របស់លោក​មាន​រោងចក្រ​កែច្នៃ​នៅ​ទីនោះ​និង​មាន​ទីផ្សារ​នាំទៅ​លក់​នៅ​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​បន្តថា​ក្រុមហ៊ុន​របស់លោក​បាន​សិក្សា​យ៉ាងច្បាស់​ថា​ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​ជិត​៦០​ភាគរយ​ជា​ដី​ដាំ​ដំណាំ​ជាពិសេស​មាន​ភាពងាយស្រួល​ក្នុង​ការដាំ​ដើម​អាកាស្យា​និង​ដើម​កៅស៊ូ​ដែល​អាច​ទទួលផល​មក​វិញ​ក្នុង​រយៈពេល​បី​ឆ្នាំ​។​ដូច្នេះហើយ​ក្រុមហ៊ុន​របស់លោក​នឹងចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នេះ​ឱ្យមាន​ការរីកចម្រើន​ឡើង​។​

​លោក​ជា​វ៉ាន់​ដេ​ត​បាន​ស្វាគមន៍​និង​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​erexCo.,Ltd.​ដែលមាន​បំណង​ចង់​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​នេះ​។​លោក​បាន​មានប្រសាសន៍​បន្តថា​ក្រោម​ការដឹក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​បាន​ផ្តោតលើ​ការអភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​ជាច្រើន​។​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ជាខ្លាំង​ក្នុងនោះ​ក៏មាន​ការអនុគ្រោះ​ពន្ធ​លើ​សំភារៈ​កសិកម្ម​ផងដែរ​។​

​លោក​ជា​វ៉ាន់​ដេ​ត​បាន​មានប្រសាសន៍​ទៀតថា​លោក​នឹង​ជួយ​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម​គាំទ្រ​លើ​ការ​វិយោគ​របស់​ក្រុមហ៊ុន erex Co.,Ltd. នេះ​។ លោក​ប្រធាន​គណៈកម្មការ​ក៏បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន ជួយ​ផ្សព្វផ្សាយ​អំពី​ការងារ​ដាំ​ដុះ​នេះ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​ជួយ​បណ្ដុះបណ្តាល​បច្ចេកទេស​ក្នុង​ការដាំដុះ​និង​ជួយ​ស្រូបយក​កំលាំង​ពលកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដើម្បី​ធ្វើ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង​៕S/

​ចំណងជើង​រូបថត​៖​លោក​HITOSHIHONNA​ប្រធាន​ក្រុមហ៊ុន​erexCo.,Ltd.​ជួប​ជាមួយ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោក ជា វ៉ាន់​ដេ​ត នៅ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩