ក្រុមហ៊ុន​ជប៉ុន​តូចធំ​ចំនួន​២.០៧៣ បាន​វិនិយោគ​នៅ​កម្ពុជា​

920
ចែករម្លែក
  • 112
    Shares

​ដោយៈ​ច្រាយ ចំណាន​/ភ្នំពេញៈ ដោយសារ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាន់​តែមាន​ភាពប្រសើរ​ឡើង​និង​ស្ថិរភាព​នយោបាយ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​តូចធំ​ចំនួន​២.០៧៣​ហើយ​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​។​

ផ្សារទំនើបអ៊ីអន២ ដែលជាការវិនិយោគដោយក្រុមហ៊ុននៃប្រទេសជប៉ុន(រូបថតហ្គូហ្គល)

​ ​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី ដែលជា​ធនាគារ​ធ្វើការ​ទូទាត់​សាច់​ប្រាក់​​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី​២៣ ខែសីហា​កន្លងមក​ថា ក្រុមហ៊ុន​បែប​ឯកត្តជន​ជប៉ុន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​បាន​កើនឡើង​១០៩​ភាគរយ ដោយ​ចំនួន​ក្រុមហ៊ុន​បាន​កើន​ពី​៨១០ ដល់​ចំនួន​១.៦៨៩​ក្រុមហ៊ុន​។ លោក​បន្តថា ការ​កើន​ក្រុមហ៊ុន​ទាំងនេះ ដោយសារ​ការបើក​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​អ៊ី​អន ម៉​ល​២(AEON MALL2)​។​

​លោក​បន្តថា ចំណែក​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​បាន​កើនឡើង​ខ្ពស់​ផងដែរ ដោយ​ចំនួន​ក្រុមហ៊ុន​បាន​កើន​ពី​៣៤៤ ដល់​៣៨៤​សាជីវកម្ម ស្មើនឹង​កំណើន​១២​ភាគរយ​។​

​លោក​អ៊ិន ចាន់នី​បាន​បន្តថា “​កំណើន​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ដោយសារ​ពួកគេ​មើល​ឃើញ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម ពិសេស​ការសម្រេចបាន​កំនើនសេដ្ឋកិច្ច​ដ៏​ល្អ​ប្រសើរ​របស់​កម្ពុជា​”​។​លោក​បន្តថា “​សន្តិ​ភា ព និង​ស្ថិរភាព​នយោបាយ​នេះហើយ ដែល​បាន​ទាក់ទាញ និង​ជា​កំលាំងចលករ​សំខាន់​ជំរុញ​ឲ្យ​មានការ​វិនិយោគ​នៅ​កម្ពុជា​”​។​


​បណ្ឌិត​ម៉ី កល្យាណ​ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែងថា កំនើន​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ដ៏​សំខាន់​នៃ​បរិយាកាស​នយោបាយ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ព្រោះ​អ្នក​វិនិយោគ​ជប៉ុន មុន​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​សិក្សា​ច្បាស់លាស់​ណាស់ ទើប​សម្រេចចិត្ត​ចូល​វិនិយោគ​លោក​បន្តថា “​ជប៉ុន​បាន​កសាង​មូលដ្ឋានគ្រឹះ វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​ហើយ យើង​គួរ​ទះដៃ​អបអរសាទរ​ទាំងអស់​គ្នា​”​។​លោក​បន្តថា “​ទោះជា​យ៉ាងណា​កម្ពុជា​នៅតែ​ត្រូវ​ការកែលំអរ​ថែមទៀត ហើយ​ការកែលំអបែបនេះ​ត្រូវតែ​ធ្វើជា​បន្តបន្ទាប់ ដើម្បី​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​”៕សរន