ក្រុមហ៊ុន​ជប៉ុន​នឹង​មក​បើក​ច្រើន​ដើម្បី​បណ្តុះបណ្តាល​ពលរដ្ឋ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​

456
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា នៅ​ថ្ងៃ​ខាងមុខនេះ​នឹងមាន​វត្តមាន​ក្រុមហ៊ុន​ប្រទេស​ជប៉ុន​មក​បើក​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ដល់​ព​ល​រដ្ឋ​កម្ពុជា ដើម្បី​ងាយស្រួល​ក្នុង​ការបញ្ជូន​កម្មសិក្សា​ការី​ពី​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន បន្ទាប់ពី​ពេលដែល​រដ្ឋាភិបាល​ប្រទេសមួយ​នេះ បាន​កែប្រែ​ច្បាប់​ថ្មី​និង​ប្រទេស​នេះ​មាន​តម្រូវការ​ខ្ពស់​ពី​កម្លាំង​ពលកម្ម​បរទេស​រួចមក​។ ការបញ្ជាក់​ឱ្យដឹង​បែបនេះ ធ្វើឡើង​ដោយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក មី​គី វ៉ា​ត់​ណា​បេ (Miki Watanabe) ប្រធាន​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​កិច្ចការបរទេស និង​ការពារ​ជនជាតិ​ជប៉ុន នា​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ​រួចមក​។​

​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន លោក​រដ្ឋមន្ត្រីក្រសួង​ការងារ បានឱ្យដឹងថា សម្រាប់​ក្រុមហ៊ុន ដែល​នឹងត្រូវ​មកកាន់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ខាងមុខ​ភាគច្រើន ជា​ក្រុម​បែប​ឧស្សាហកម្ម​ចម្រុះ និង​មួយផ្នែក​ជា​ក្រុមហ៊ុន​ប្រភេទ​បែប​សេវាកម្ម​។ ក្រុមហ៊ុន​ទាំងនេះ នឹង​មក​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា ដើម្បី​បញ្ជូន​កម្មសិក្សាការី​ពី​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​។

ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹង​បន្ថែមថា “​ដូច្នេះ​ដើម្បី​អនុវត្តន៍​នូវ​គម្រោង​ថ្មី​នេះ​បាន នាពេលខាងមុខ​រាជរ​ដ្ឋា​ភិ​បាល​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ពិសេស​ក្រសួង​ការងារ​កំពុង​រៀបចំ​ឱ្យមាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​របស់​ប្រទេស​ជប៉ុន ដើម្បី​អនុវត្តន៍​នូវ​ប្រព័ន្ធ​ថ្មី និង​ច្បាប់​ថ្មី​របស់​ភាគី​ជប៉ុន​”​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក អ៊ិត សំហេង បានឱ្យ​ដឹងផង​ថា ប្រទេស​ជប៉ុន​បានចាប់ផ្តើម​រៀបចំ​បង្កើតឱ្យមាន​គម្រោង​ថ្មី សម្រាប់​បង្កើន​លំហូរ​នៃ​កម្លាំង​ពលកម្ម​ពី​ប្រទេស​ផ្សេងៗ និង​សម្រាប់​អនុវត្ត​នូវ​កំឡុង​ខែមេសា ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ដោះស្រាយ​បញ្ហា​ក​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​ប្រទេស​ជប៉ុន​។ ក្រៅពីនេះ​ប្រទេស​ជប៉ុន ក៏​កំពុង​រៀបចំ​ឱ្យមាន​សេចក្តីព្រាង និង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​បញ្ជូន​ទាំងអស់ ដែល​បាន​អនុញ្ញាតឱ្យ​ប​ញ្ជូ​ល​ទាំង​កម្មសិក្សាការី​បច្ចេកទេស និង​អ្នកធ្វើ​ការជំនាញ​បច្ចេកទេស ទៅ​ប្រទេស​ជប៉ុន​។ ហេតុនេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ និង​រៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទីផ្សារការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។​

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក មី​គី វ៉ា​ត់​ណា​បេ​ប្រធាន​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​កិច្ចការបរទេស និង​ការពារ​ជនជាតិ​ជប៉ុន​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​នាបច្ចុប្បន្ន​វិញ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ឱ្យដឹងថា គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​កម្មសិក្សាការី​ចេញទៅ​ធ្វើការ​នៅ ជប៉ុន មាន​ចំនួន ប្រមាណ​ជាង​៩​ពាន់​នាក់​ផងដែរ​។​

​គួរបញ្ជាក់​ផង​ថា កម្ពុជា​បានជា​ប់​លេខ​រៀង​ទី​៧ ក្នុងចំណោម​ដៃគូ​ប្រទេស​ជប៉ុន ដែល​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​នេះ​ចំនួន​១៥ ប្រទេស​នោះ​៕ ល​