ក្រុមហ៊ុន​ជប៉ុន​បី ប្រជែង​នឹង​ស៊ីន​ទ្រី ដើម្បី​ប្រមូល​សំរាម​!

385
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ លោក មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។ ក្នុង​កិច្ចប្រជុំ​លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា នៅពេលនេះ ជប៉ុនបាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សំរាម ដែល​សំរាម​នេះគឺជា​កត្តាចាំបាច់ ហើយ​ជប៉ុន ក៏មាន​ក្រុមហ៊ុន​ចំនួន​បី ដែលមាន​ចំណាប់អារម្មណ៍មក​វិនិយោគ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំងនេះនឹងចូលរួម​ចំណែក​ដេញថ្លៃ​ក្នុងការ​ប្រមូល​សំរាម​នៅ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​ការប្រមូល​សំរាម​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មាន ប្រសាសន៍ថា នៅពេលនេះ​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច កំពុងតែ​ដាក់​ការប្រមូល​សំរាម​នេះស្ថិតនៅក្នុង​អន្តរកាល ព្រោះថា ក្រុមហ៊ុន​ចាស់ពុំ​អាច​ទទួល​ការងារ​នេះបាន​ទៀត​ទេ ដោយសារ​ទីក្រុង​ភ្នំពេញ មានការ​រីក​ធំ ពី​ប្រមាណ ៣០០​គីឡូម៉ែត្រ​ការ៉េ ទៅ​៦០០​គីឡូម៉ែត្រការ៉េ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ស្ថាប័ន​ទាំងពីរ គឺ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹងដាក់​ឲ្យ​ដេញថ្លៃ​។ ដូច្នេះ​ក្រុមហ៊ុន​ជប៉ុនដែលមាន​ចំណាប់អារម្មណ៍ គប្បី​ចូល​ដេញថ្លៃ ដើម្បី​ជួយ​ដល់​ការប្រមូល​សំរាម​នេះ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដកសិទ្ធិ​ប្រមូល និង​គ្រប់គ្រង​សំរាម នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដោយសារតែ​ក្រុមហ៊ុន​ប្រមូល​សំរាម​តែមួយគត់​នៅ​ភ្នំពេញ​នេះ មិនមាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងការ​ប្រមូល ដឹកជញ្ជូន​សំរាមនៅ​ភ្នំពេញ ព្រោះតែ​ភ្នំពេញកាន់តែ​ធំ ហើយ​សំរាមក៏​កាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ​។​

​សម្តេច​តេ​ជោ​ក៏បាន​ប្រកាស​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​សហការ​ជាមួយ​អាជ្ញាធររាជធានី​ភ្នំពេញ រៀប​ចំបែង​ចែកជា​បួន​តំបន់ នៅក្នុង​រាជធានី​ភ្នំពេញ​ហើយ​ស្វែងរក​ក្រុមហ៊ុន ឯកជន​យ៉ាងតិច​បួន ឲ្យ​ចូលរួម​ដេញថ្លៃ ក្នុង​ការប្រមូល​ដឹកជញ្ជូន​សំរាម ​ដោយ​ក្នុង​ក្រុមហ៊ុនមួយ​មាន​សិទ្ធិ​ទទួលយក​តែមួយ​តំបន់​ប៉ុណ្ណោះ ក្នុងការ​សម្អាត​សំរាម នៅ​ភ្នំពេញ​។​

​ក៏ប៉ុន្តែ​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០១៩ មកដល់​ខែកុម្ភៈ ឆ្នាំ​២០២០ ពោលគឺបី​ខែ​មកនេះ វិធានការ​ក្នុងការ​ដោះស្រាយ​បញ្ហា​សំរាម បាន​ឈានដល់​ការដកចេញ​នូវ​ថ្លៃ​សំរាម​ចេញពី​វិក្កយបត្រ​ភ្លើងអគ្គិសនី ដែល​បាន​អនុវត្តចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ ហើយ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានប្រកាស​ចេញពី​វិធី​បង់លុយ​ថ្លៃ​សំរាម​។​

​កាលពី​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ កន្លងទៅ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទកាសែត ជុំវិញ​ការគ្រប់គ្រង​សំរាម និង​ការប្រមូល​ថ្លៃ​សំរាម ដើម្បី​ពន្យល់​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​យល់ដឹង​បន្ថែម ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំរាម និង​ការប្រមូលថ្លៃ​សំរាម នៅ​រាជធានី​ភ្នំពេញ​។

​នោះ​គឺ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែកុម្ភៈ គឺជា​ពេលវេលា ដែល​ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ទៅ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម សម្រាប់​ខែមករា ឆ្នាំ​២០២០​។ ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅក្នុង​រាជធានី​ភ្នំពេញ មិន​ត្រូវបាន​ភ្ជាប់​គ្នាជាមួយ​វិក្កយបត្រ​អគ្គិសនី​ទៀត​នោះទេ ពោលគឺ​ត្រូវ​ទូទាត់តាម​មធ្យោបាយ​ប្រព័ន្ធ​ទូទាត់ អេឡិចត្រូនិក តាម​ទូរស័ព្ទដៃ ឬ​បញ្ជរ​ទូទាត់នៅ​ធនាគារ​ដៃគូ​សហការ​មួយចំនួន​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ចំណាយ​។​
​ ​
​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក ក្នុងការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នៅក្នុង​រាជធានីភ្នំពេញ រួមមាន ធនាគារ​អេស៊ីលីដា ធនាគារ​ឯកទេស​វី​ង អ៊ី​-​ម៉ាន់​នី លី​ហួរ​វេរ​លុយ ផៃ​ផេ ទ្រូ​ម៉ាន់​នី និង​ដា​រ៉ា​ផេ ដោយ​ក្នុង​មួយ​ប្រ​ត្តិ​ប​ត្តិ​ការ ចំណាយ​ថ្លៃ​សេវា ៨០០​រៀល​។

​សម្រាប់​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម ប្រជាពលរដ្ឋ ត្រូវ​បង់ថ្លៃ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ នៃ​ខែ​បន្ទាប់ ហើយ​ក្នុងករណី​ខកខាន​មិនបាន​បង់​ទូទាត់ ក្រោយ​រយៈពេល ១៥​ថ្ងៃ​នៃ​ដំណាច់ខែ​នីមួយៗ នឹងត្រូវ​ចាត់ទុកជា​បំណុល ដែលជា​កម្មវត្ថុ​នៃ​ការផាកពិន័យ​ប្រាក់ទៅតាម​ច្បាប់​។​

​ចំពោះ​តម្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ដែល​ប្រជាពលរដ្ឋត្រូវ​បង់​នៅពេលនេះ ផ្អែក​តាម​ថ្លៃ​សេវាដែល​បាន​បង់កាលពី​ខែតុលា ឆ្នាំ​២០១៩ ដោយ​គ្រាន់តែ​វាយ​បញ្ចូល​លេខសម្គាល់​អតិថិជន ( ID ) ដែលមាន​នៅក្នុង​វិក្កយបត្រ​អគ្គិសនី​។ ពោលគឺ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនមាន​ចេញ​វិក្កយបត្រ​ថ្មី ថ្លៃ​សំរាម ដើរ​ចែកជូន​ដល់​ប្រជាពលរដ្ឋតាម​ផ្ទះ​ដូច​វិ​ក្កយ​ប​ត្រ ទឹក​ភ្លើង​នោះទេ​។​

​គួរ​បញ្ជាក់ថា ក្នុងអំឡុងពេល​អន្តរ​កាល គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូត​ដល់ពេល​បង្កើត​បាន និង​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នូវ​ប្រព័ន្ធគ្រប់គ្រង​សំរាម និង​សំណល់​រឹង​ថ្មី​ក្នុងពេល​ឆាប់ៗ ខាងមុខ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី មាន​សិទ្ធិ​បន្ត​ប្រតិបត្តិ​ការសម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង ជា​បណ្តោះអាសន្ន នៅក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ស៊ីន​ទ្រី មិនមាន​សិទ្ធិក្នុងការ​ប្រមូល​ថ្លៃ​សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​និង​សំណល់​រឹង​តទៅទៀត​ទេ​។ ក្នុងនោះ វិក្កយបត្រ​ថ្លៃ​សេវា​សំរាម ក៏ត្រូវ​បាន​ដក​ចេញពី​វិក្កយបត្រ​ភ្លើងអគ្គិសនី ចាប់តាំងពី​ថ្ងៃទី​១ ខែមករា​ផងដែរ​។​
​ ​
យ៉ាងណា​ក៏ដោយចុះ នៅពេលនេះ នៅពេល​ក្រុមហ៊ុន​ជប៉ុនចំនួន​បី​បានប្រកាស​ពី​ការចាប់អារម្មណ៍ និង​អាច​ចូលរួម​ដេញថ្លៃ ដើម្បី​ចូលរួម​ប្រមូល​សំរាម​នៅ​កម្ពុជា ពិសេស​នៅ​ភ្នំពេញ ។​គឺ​ដំណឹង​នេះ បានធ្វើឱ្យ​អ្នក​ភ្នំពេញស្វាគមន៍ ហើយ​នឹក​អរ​ក្នុង​ចិត្ត​ថា ក្រុមហ៊ុន​ជប៉ុននឹងធ្វើ​ការមិន​លំៗ​ទេ​។ ជប៉ុនគឺ​មួយដឹង​មួយ​។ ដូច្នេះ​អ្នក​ភ្នំពេញ សង្ឃឹមថា បញ្ហា​សំរាម ដែល​កើតឡើង​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​មកហើយ នឹងត្រូវ​ដោះ ស្រាយបាន លែង​នៅ​គរ​ស្អុយរលួយ​មុខផ្ទះ និង​តាម​ទីសាធារណៈ​ទៀតហើយ នៅពេល​ក្រុមហ៊ុន​ជប៉ុនទទួលបាន​សិទ្ធិ​ប្រមូល ដឹកជញ្ជូន​សំរាម ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​
​ ​
ជាមួយនឹង​ចិត្ត​ត្រេកអរ​នេះ ប្រជាពលរដ្ឋ​អ្នករស់នៅ​ភ្នំពេញ ក៏​សូម​ឲ្យ​រាជរដ្ឋាភិបាល ​សាលារាជធានី​ភ្នំពេញ ព្រមទាំង​ក្រុមហ៊ុន​ស៊ីន​ទ្រី ឬក៏​ក្រុមហ៊ុន​ជប៉ុន ដែល​នឹង​ទទួលបាន​សិទ្ធិ​ប្រមូល ដឹកជញ្ជូន​សំរាមនៅ​ភ្នំពេញ សូមមេត្តា រៀបចំ និង​វិនិយោគ​ធុងសំរាម​ដាក់ពង្រាយ​ឱ្យបានច្រើន នៅតាម​ទីសាធារណៈ និង​នៅតាម​ផ្លូវមុខផ្ទះ មុខ​សាលារៀន ​ក្រសួង​ ស្ថាប័ន​មន្ទីរ នានា​។ មូលហេតុ សព្វថ្ងៃនេះ ដោយសារតែ​ខ្វះ​ធុងសំរាម ខ្វះ​កន្លែង​ស្តុក​សំរាម​ ទើប​ប្រជាពលរដ្ឋ​មួយចំនួនដាក់​គរ​សំរាម​មុខផ្ទះ លើ​ចិញ្ចើមផ្លូវ ហើយ​រហូតដល់​យកទៅ​គរ​ចោល នៅតាម​ផ្លូវ តាម​សាលារៀន តាម​ផ្សារ ឬ​នៅ​កន្លែង​ស្ងាត់ជាដើម​។ ដោយសារតែ​ស៊ីន​ទ្រី យូរ​មក​ដឹកជញ្ជូន​យក​ទៀត ក៏​សំរាម​ទាំងនោះជះក្លិន ហើយ​បើ​មាន​ភ្លៀង មាន​ខ្យល់ គឺ​នៅ​រាយប៉ាយពេញ​ផ្លូវ ដូច​អ្វីដែល​យើង​បានឃើញ​កន្លងមក​។​
​ ​
ជារួម សូម​រាជរដ្ឋាភិបាល សាលា​រាជធានី​ភ្នំពេញ មេត្តា​ដោះស្រាយ​បញ្ហា​សំរាម​ជា​អាទិភាព ផងដែរ ព្រោះថា បើសិនជា​បណ្តែតបណ្តោយ​ឲ្យ​សំរាម នៅ​រាយប៉ាយ គរ​តាមផ្លូវ​ដូច​សព្វថ្ងៃ នោះ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​យើងក៏​អាច​រសាយ​តាម​ខ្យល់​ដូច​ក្លិន​សំរាម​ទាំង​នោះដែរ​។ តែ​ផ្ទុយទៅវិញ នៅពេល​រើស​បាន​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី ចែក​តាម​តំបន់​ដូច​ប្រសាសន៍ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល សាលា​រាជធានី​ភ្នំពេញ​បង្កើន​ការ តាមដាន​ត្រួតពិនិត្យ លើ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ច្បាស់​ណាស់​ថា ភ្នំពេញ​ដ៏​ស្រស់​ផូ​រផង់ របស់​យើង នឹង​អាច​ដោះស្រាយបាន​នូវ​បញ្ហា​សំរាម​។ តែ​ក៏​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​យើង ចូលរួម​សម្អាត វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយស្រួល​ដល់​ភ្នាក់ងារ​ដឹកជញ្ជូន សំរាម​យកទៅ​ចោល​៕ ដោយៈ ម៉េង​ឆៃ​/Ha