ក្រុមហ៊ុន​ជប៉ុន​មាន​គំរោង​កែច្នៃ​សំរាម​ឲ្យ​ក្លាយជា​គ្រឿងសំណង់​និង​សង្ហា​រឹម​

.​សំរាម​នៅ​ក្រុង​បាវិត​មួយថ្ងៃ​កើន​ជាង​១០០​តោន​

1586
ចែករម្លែក
  • 22
    Shares

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: បញ្ហា​សំរាម គឺជា​ផ្នែក​មួយ​ដែល​អាជ្ញាធរ​ត្រូវមាន​ការគិតគូរ​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​យ៉ាណា​ឲ្យ​សោ​ភ័​ណ្ឌ​ភាព​ទីប្រជុំជន ក្នុងស្រុក ក្រុង​នីមួយៗ ត្រូវមាន​អនាម័យ​របៀបរៀបរយ​ល្អ ក្នុងនោះ ក៏បាន​ចំណាយ​ថវិកាជាតិ​យ៉ាងច្រើន ដើម្បី​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដែល​គ្មាន​សំរាម​។​

​ម្យ៉ាងទៀត​សំរាម​ក៏​ជា​ប្រភព​ចម្លង​មេរោគ​មួយ​ដែល​បង្ក​ផលប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ បើ​ពុំមាន​ការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ និង​យកទៅ​ទុក​កន្លែង​ដែលមាន​សុវត្ថិភាព​ទេនោះ​។​

​គួរ​រំលឹក​ឡើងវិញ​ផងដែរ​ថា នាពេល​ថ្មីៗ​នេះ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បានទទួល​ជួបពិភាក្សា​ជាមួយ​លោក YUSUKE OKUMURA នាយក​ក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (​ប្រទេស​ជប៉ុន​) និង​លោក Yasuhara តំណាង​អង្គការ JICA និង​សហការី ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​រថយន្ត​ដឹក​សំរាម និង​ការសាងសង់​រោងចក្រ​កែច្នៃ​សំរាម​ទៅជា​គ្រឿងសំណង់ និង​សង្ហារិម​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​។​

​ពាក់ព័ន្ធ​ទៅ​ការបង្កើត​រោងចក្រ​កែច្នៃ​សំរាម​ឲ្យ​ទៅជា​គ្រឿងសំណង់ និង​គ្រឿង​សង្ហា​រឹម​នេះ តំណាង​ក្រុមហ៊ុន​ហាយ​ប្រី​ដ ដែល​កំពុងតែ​ប្រតិបត្តិ​ការប្រមូល​សំរាម​នៅ​ទីប្រជុំជន​ក្រុង​បាវិត ខេត្តស្វាយរៀង បានឱ្យដឹងថា សព្វថ្ងៃនេះ​សំរាម​នៅ​ក្រុង​បាវិត​ក្នុង​មួយថ្ងៃ មានការ​កើនឡើង​ជា​លំដាប់​ប្រមាណ​ពី ១២០​ទៅ​១៧០​តោន ដូច្នេះ​បើ​មាន​ក្រុមហ៊ុន​កែច្នៃ​សម្រាម​មក​វិនិយោគ​នោះ ក្រុមហ៊ុន​លោក​ស្វាគមន៍​ជានិច្ច ព្រោះ​រាល់ថ្ងៃ ខណៈដែល​ដឹក​សំរាម​ដល់ទី​លាន​ចាក់សំរាម​ត្រូវ​ចំណាយ​ថវិកា​ជួល​កម្មករ​ឲ្យ​ដុត​សម្រាម​ចោល​ទៀត​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា រថយន្ត​ដែល​ត្រូវ​ដឹក​សំរាម​របស់​ក្រុមហ៊ុន​នាពេល​បច្ចុប្បន្ន មាន​ចំនួន​១៩​គ្រឿង និង​កម្មករ​ប្រមាណ​ជិត​៥០​នាក់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការណ៍​ប្រមូល​សម្រាម​នៅ​ក្រុង​បាវិត​។ ហើយ​កាលពីមុន​ក្នុង​មួយថ្ងៃ​មាន​សម្រាម​ត្រឹមតែ​៧០​ទៅ​៩០​តោន​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៨ នេះ​សម្រាម​កើន​ដល់​ពី​១២០​ទៅ​១៧០​តោន​ក្នុង​មួយថ្ងៃ ដូច្នេះ​មានការ​កើនឡើង​ច្រើនជាង​មុន ដោយសារ​កំណើន​របស់​ប្រើប្រាស់ និង​គ្រឿង​ហូបចុក​តាម​រោងចក្រ កាស៊ីណូ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​តំណាង​ក្រុមហ៊ុន​នេះ ក៏បាន​បង្ហាញ​នូវ​ភាព​សុ​ដិ្ឋ​និយម​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​របស់លោក នឹង​សហ​ការណ៍​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដែលមាន​បំណង​មក​បង្កើត​រោងចក្រ​កែច្នៃ​សំរាម​នេះ ហើយ​ក៏បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​សំរាម​នេះ មក​បង្កើត​រោងចក្រ​ឲ្យ​កៀក​នឹង​ទីលាន​ចាក់សំរាម ដើម្បី​ងាយស្រួល​ប្រមូល​សំរាម​យកទៅ​កែច្នៃ​ផងដែរ​៕ ល​