ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុ​ជារួម​គ្នា​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​សំណង់​

76
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​ដែល​ផលិត​ស៊ីម៉ងត៍​អូដ្ឋ​និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​បាន​សហការ​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មេជាង​សំណង់​ចំនួន​៦០​នាក់​បន្ថែមទៀត​។​ដើម្បី​ឆ្លើយតប​ចំពោះ​ការ​សំណូមពរ​របស់​មេជាង​និង​ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស​ជំនាញ​ក្នុង​វិស័យ​សំណង់ និង កសាង​ការជឿ​ទំនុកចិត្ត​ពី​ម្ចាស់​សំណង់​នានា​។​

​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែកុម្ភៈ​នេះ​មានការ​ចូលរួម ពី​លោក ប៊ុន ភា​រិន្ទ នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង លោក Nicolas George នាយក​ប្រតិបត្តិ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ផលិត​ស៊ីម៉ងត៍ អូដ្ឋ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​វិទ្យាស្ថាន​ក៏ដូចជា ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី​។

​លោក​NicolasGeorge​បាន​មានប្រសាសន៍ថា​៖​ការបណ្តុះបណ្តាល​នេះ​មាន​គោលបំណង​ផ្តល់នូវ​ជំនាញ​ពិត​និង​កាន់តែ​ប្រសើរ​ជាង​មុន​ដល់​មេជាង​សំណង់​។ ក្នុង​១​វគ្គ​បណ្តុះបណ្តាល​រយៈពេល​៣​ខែ មេជាង​៣០​នាក់​នឹង​ទទួលបាន​ឱកាស​សិក្សា​រៀនសូត្រ​នូវ មុខវិជ្ជា​សំខាន់ៗ​តាម​ដំណាក់កាល​និ​មួយៗ ។​

ដូចជា​ការងារ​រៀបចំ​ផែនការ​ការងារ​រៀបចំ​ការដ្ឋាន​ការងារ​រៀប​ឥដ្ឋ​ការងារ​បូក​ស៊ីម៉ងត៍​ការងារ​សុវត្ថិភាព​ការងារ​តម្លើង​គ្រោង​ដែក​ការងារ​ចាក់​បេតុង​ការងារ​ចាក់ពុម្ព​ព្រមទាំង​ការអនុវត្ត​ន៏​ផ្ទាល់​នៅតាម​ការដ្ឋាន​ជាដើម​។​មេជាង​ទាំងនេះ​មកពី​រាជធានី​ភ្នំពេញ​ខេត្តកណ្តាល​និង​ខេត្តកំពង់ចាម​បាន​សំណូមពរ​មកកាន់​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​ផលិត​ស៊ីម៉ងត៍​អូដ្ឋ​ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ជាថ្មី​បន្ទាប់ពី​បញ្ចប់​ការបណ្តុះបណ្តាល​មេជាង​៩០​រូប​ក្នុងដំណាក់កាល​ទី​១​ប្រកបដោយ​ជោគជ័យ​។

​ក្រោយពេល​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​ដោយ​ជោគជ័យ​មេជាង​សំណង់​នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​និង​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​ផលិត​ស៊ីម៉ងត៍​អូដ្ឋ​។ លើសពីនេះ​មេជាង​ក៏​ទទួលបាន​កម្រៃ​ឧបត្ថម្ភ​បន្ថែម​ជា​សាច់ប្រាក់​ចំនួន​១៥​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​សៅ​រិ៍​សម្រាប់​ថ្លៃ​អាហារ​ក្នុងកំឡុងពេល​សិក្សា​។​ការបណ្តុះបណ្តាល​ប្រព្រឹត្តិ​ទៅ​រៀងរាល់ថ្ងៃ​សៅ​រិ៍​ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​លោកនាយក​ប្រតិបត្តិ ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី បានឱ្យដឹង​ទៀតថា​៖​លោក ក្រុមហ៊ុន ជីបម៉ុង អ៊ិន​ស៊ី ផលិត​ស៊ីម៉ងត៍​អូដ្ឋ​នឹង​បន្ត​សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​(NPIC)​សម្រាប់​ការបណ្តុះបណ្តាល​នេះ​នៅក្នុង​ពេលអនាគត​។​បេក្ខជន​ដែលមាន​បំណង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវជា​មេជាង​សំណង់​ឬ​អ្នកម៉ៅការ​សំណង់​និង​ជា​សមាជិក​ក្លឹប​ស៊ីម៉ងត៍​អូដ្ឋ​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​


លោក​ប៊ុន​ភា​រិន្ទ​នាយក​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​របស់​NPIC​មាន​គោលដៅ​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស​និង​ជំនាញ​ទន់​ដល់​អ្នកជំនាញ​បច្ចេកទេស​ដែល​កំពុងធ្វើការ​តាម​បណ្តា​ក្រុមហ៊ុន​ឯកជន​និង​កម្លាំង​ពលកម្ម​ថ្មី​ដែល​ត្រៀម​ចូល​បម្រើ​ការងារ​ឱ្យមាន​លទ្ធភាព​ល្អប្រសើរ​សម្រាប់​ការងារ​នាពេល​អនាគត​។​

​លោកនាយក​បានបញ្ជាក់​ថា​៖​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​និង​ក្រុមហ៊ុន​ជីបម៉ុង​អ៊ិន​ស៊ី​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដើម្បី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​TVET​នៅ​ប្រទេស​កម្ពុជា ក្នុង​ភាពជា​ដៃគូ​រដ្ឋ​និង​ឯកជន​។​ការបណ្តុះបណ្តាល​ដល់​មេជាង​សំណង់​នេះ​គឺមាន​សារៈសំខាន់​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សំណង់​ដែល​ជួយ​ឱ្យ​សំ​នង់​មានគុណ​ភាព​និង​សុវត្ថិភាព​៕S/​