ក្រុមហ៊ុន​ដាំចេក​អំបូង​នៅ​ខេត្ត​រតនគីរី​នាំចេញ​ចេក​១០០​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ជា​លើកដំបូង​

1150

(​ភ្នំពេញ​) ៖ កាលពី​ថ្ងៃទី ២២ ខែកក្កដា នេះ កម្ពុជា​បាន​នាំចេញ​ចេកអំបូង​ផ្លូវការ ជា​លើកដំបូង​ចំនួន​១០០​តោន​ទៅកាន់​ទីផ្សារ​​អន្តរជាតិ​។ នេះ​បើ​យោងតាម គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ាន វណ្ណ​ហន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គ​នា​​យក​ដ្ឋា​ន​កសិកម្ម​។​
​ ​
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ចេកអំបូង​ដែល កម្ពុជា​នាំចេញ​ជា​លើកដំបូង​នេះ ដាំ​នៅ​ទឹកដី​ខេត្ត រតនគីរី​ដោយ​ការនាំចេញ​លើកទីមួយ​មាន​​ចំនួន​១០០​តោន (៥​ទូរ​កុង​តេ​ន័​រ​ត្រជាក់​៤០​ហ្វី​ត​) នៃ​ផ្លែ​ចេកអំបូង​លឿង (​ពូជ​នាំចូល​) របស់​ក្រុមហ៊ុន ហុង អា​ញ់ អណ្តូង​មាស​។ បច្ចុប្ន​ន្ន ក្រុមហ៊ុន មាន​ផ្ទៃដី ចំនួន​១០.០០០​ហិកតា សម្រាប់​ផលិតកម្ម​ផ្លែឈើ​សម្រាប់​នាំចេញ ចំណែក​ចំការចេក​ចំនួន​១.០០០​ហិកតា​កំពុង​​ត្រូវ​ប្រមូល​ផល នឹង​នាំចេញ​ជា​បណ្តើរៗ​ហើយ​។
​ ​
​លោក​វណ្ណ​ហន ក៏បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា ដោយឡែក​ផ្លែ​ស្រការ​នាគ ចំនួន​៥០០​ហិកតា នឹង​ប្រមូល​ផល ចាប់ផ្តើម​នាំចេញ​នៅ​ខែកញ្ញា ខាងមុខនេះ​។ ចំពោះ ចេក​សម្រាប់​នាំចេញ ជា​ប្រភេទ​ពូជ​ចេកអំបូង​លឿង ដែលជា​ពូជ​នាំចូល​អាច​រក្សាទុក​បាន​រហូត​៣​ខែ​បន្ទាប់​​ពី​ប្រមូល​ផល ដោយ​រក្សាទុក​ក្នុង​បន្ទប់​ត្រជាក់ ដែលជា​គុណភាព​ចំបង សម្រាប់​បម្រើការ​នាំចេញ​។ លើសពីនេះ ចេក​ទាំងនេះ​ត្រូវបាន​ដាំ​​ដោយ ការបណ្តុះ​ជាលិកា ប្រមូល​ផល​នៅ​អាយុ​៥០ ទៅ​៥៥​ថ្ងៃ​ក្រោយពី​កាត់​ត្រយូង​ចោល រួច​ត្រូវដាក់​ចូលក្នុង​បន្ទប់​ត្រជាក់​ជា​ចាំបាច់ និង​ត្រូវ​បន្ទុំ​តាម​វិធី​មួយ​កំណត់​៕ដោយ៖វិបុល

(រូប៖អគ្គនាយកដ្ឋានកសិកម្ម)