ក្រុមហ៊ុន​ដឹក​សំរាម​នៅ​កោះកុង អង្វរក​អា​ជីករ និង​ពលរដ្ឋ​ជួយ​វេច​ខ្ចប់​សំរាម​មុន​ចោល​ក្នុង​ធុង​

346
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
ម្ចាស់​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​កាក​សំរាម​នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង អង្វរក​យ៉ាងទទូច​ដល់​ប្រជាពលរដ្ឋ និង​ក្រុមអាជីវករ​តាម​ផ្សារ​ទាំងអស់ ជួយ​វេច​ខ្ចប់ ឬ​ញែក​សំរាម​អោយបាន​ត្រឹមត្រូវ មុននឹង​យក​ចោល​ក្នុង​ធុង​តាម​ទីសាធារណៈ ក៏ដូចជា​តាម​ខ្នង​តូប​ផ្ទះ​។​

​ការស្នើ​ជាច្រើនលើក​ច្រើនសារ​រប​ស់លោក មឿ​ន បូ​រិ​ន ប្រធាន​ក្រុមហ៊ុន R.Y Prior អោយ​ពលរដ្ឋ​ទូទៅ ចូលរួម​វេច​ខ្ចប់​កាកសំណល់​សំរាម​អោយ​ល្អ​យ៉ាង​ដូច្នេះ ធ្វើឡើង​ពី​មាន​ក្រុមអាជីវករ​ផ្សារ​ដងទង់ ត្អូញត្អែរ​ពី​ភាព​ស្អុយរលួយ​នូវ​សំណល់​សំរាម​នៅ​ជុំវិញ​ផ្សារ​២​ទៅ​៣​ថ្ងៃ​មកនេះ​។​

​លោក មឿ​ន បូ​រិ​ន ប្រធាន​ក្រុមហ៊ុន R.Y Prior ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ប្រមូល​សំរាម នៅក្នុង​ក្រុង​ខេមរភូមិន្ទ បានលើកឡើង​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែកក្កដា​ថា បុគ្គលិក​កម្មករ​បស់​លោក បានកំណត់​ម៉ោង​៧​យប់​ប្រចាំថ្ងៃ​ចុះ​ប្រមូល​សំរាម​នៅ​ជុំវិញ​ផ្សារ​ដងទង់ ហើយ​ប្រមូល​សំរាម​ណា​ដែល​វេច​ខ្ចប់​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ ដោយឡែក ចំពោះ​កាកសំណល់​សំរាម​ដែល​រាយប៉ាយ គឺ​លោក​មិន​ទទួលខុសត្រូវ​ប្រមូល​នោះទេ ព្រោះ​លោក​មាន​លក្ខខណ្ឌ​កិច្ចសន្យា​ជាមួយ​លោក ម៉ក់ ណុ​ច អ្នកគ្រប់គ្រង​ផ្សារ​ដងទង់ រួចរាល់​អស់ហើយ​នាពេល​កន្លងទៅ​។​

​លោក មឿ​ន បូ​រិ​ន អះអាង​ទៀតថា ការប្រមូល​សំរាម​មិនជា​បញ្ហា​ចោទ​សម្រាប់​បុគ្គលិក កម្មករ នោះទេ តែ​សុំ​ការយោគយល់​ពី​ក្រុមអាជីវករ និង​ពលរដ្ឋ​ទាំងអស់​ចូលរួម​វេច​ខ្ចប់​សំរាម​អោយបាន​ល្អ មុននឹង​យកទៅ​ទីតាំង​ទុក ឬ​ធុងសំរាម​។ ហើយ​ក្រុមការងារ​របស់លោក នឹង​មក​ប្រមូល​អោយអស់ តាម​ពេលវេលា​កំណត់​។​

​ប្រធាន​ក្រុមហ៊ុន R.Y Prior សង្កត់ធ្ងន់ថា ករណី​មាន​សំរាម​នៅ​សេសសល់​បែបនេះ អាជីវករ​មួយចំនួនធំ​មិនបាន​គោរព​ទៅតាម​ការណែនាំ​របស់លោក និង​អ្នកគ្រប់គ្រង​ផ្សារ​ចំពោះ​ពេលវេលា​បញ្ចេញ​ចោល​សំរាម​ទេ តាមរយៈ​បោះចោល​សំរាម​គ្មាន​ច្បាប់ទម្លាប់​សោះ​។ លោក បូ​រិ​ន លើកឡើង​ដែរ​ថា លោក​អនុញ្ញាតឱ្យ​អាជីវករ​យក​សំរាម​ចេញពី​ក្នុង​ផ្សារ​ពី​ម៉ោង​៦​ល្ងាច​តទៅ​មុននឹង​រថ​យន្ត​ដឹក​សំរាម​មកដល់​។ ក្រុមអាជីវករ​ណា មិន​អនុវត្តតាម​នឹងរង​ការផាកពិន័យ ក្រោម​តាមដាន​ពិនិត្យ​សន្តិសុខ និង​កញ្ចប់​កាមេរ៉ា​សុ​វ​តិ្ថ​ភាព​របស់​ផ្សារ​។​

​ទាក់ទិន​នឹង​បញ្ហា​សំរាម​នេះដែរ រស្មី​កម្ពុជា ពុំ​អាច​សុំ​ការបកស្រាយ​បំភ្លឺ​លម្អិត​ប​ន្ថែំ​បានទេ​ពី​លោក ម៉ក់ ណុ​ច ដែលជា​ប្រធាន​ផ្សារ​ដងទង់​។ ផ្សារ​ដងទង់ កន្លងទៅ ធ្លាប់មាន​វិវាទ​ច្រើន​ជាមួយ​អាជីវករ ព្រោះតែ​ភាពមិនប្រក្រតី រីឯ​ការអភិវឌ្ឍន៍​ផ្សារ​តិចតួច​ណាស់ ពោលគឺ​ដឹង​តែ​ពី​ប្រមូល​ផលប្រយោជន៍ ចូលក្នុង​ហោ​បៅ​។​

​លោក គី ឡៃ​គឹម និង​អ្នកស្រី ប៊ុន ថេ​ន អាជីវករ​លក់​សាច់ជ្រូក ផ្សារ​ដងទង់ បានស្នើ​ដល់​អ្នកគ្រប់គ្រង​ផ្សារ និង​ក្រុមហ៊ុន​ប្រមូល​កាកសំនល់​សំរាម ធ្វើយ៉ាងណា​ព​ន្លឿ​ន​ការ​កើប​ប្រមូល​សំរាម​ជុំវិញ​បរិវេន ផ្សារ​អោយបាន​ឆាប់រហ័ស ខណៈ​គំន​សំរាម​តែងតែ​ទុកចោល​២​ទៅ​៣​ថ្ងៃ​មកហើយ​។​

​ជាក់ស្តែង កាកសំណល់​សំរាម​គ្រប់​ប្រភេទ តែង​ជះក្លិន​ស្អុយ​ដល់​ពលរដ្ឋ​ជា​អាជីវករ និង​ពលរដ្ឋ​អ្នកដំណើរ​ទៅមក​ជុំវិញ​ផ្សារ​ដងទង់​ជារឿយៗ ដែលជា​ហេតុ​ធ្វើឱ្យ​ភ្ញៀវ​លែង​ហ៊ាន​ចូល​ទិញ​ទំនិញ​ប្រសិន​យឺតយ៉ាវ​ប្រមូល​យកទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម​។​

​បើតាម​ក្រុមអាជីវករ ពួកគាត់​តែង​វេច​ខ្ចប់​កាកសំណល់​សំរាម​គ្រប់​ប្រភេទ មុន​យកទៅ​ទម្លាក់​នៅ​ទីតាំង​ស្តុក​សំរាម​ជុំវិញ ចំពោះ​អាជីវករ​ផ្សេងទៀត ពួកគាត់​មិនដឹង​នោះទេ​។ ចំពោះ​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​វិញ ពួកគាត់​បង់​ប្រចាំ​១​ខែ ក្នុង​២​សប្តាហ៍​ម្តង គិត​ថវិកា​២០០០​រៀល​ជូន​អ្នកគ្រប់គ្រង​ផ្សារ​។​

​គួរ​កត់សម្គាល់ថា ក្នុង​១​ថ្ងៃៗ ការប្រមូល​សំរាម​ជុំវិញ​ផ្សារ​មាន​៣​វេន ដោយ​បរិមាណ​កាក​សំណង់​រឹង​រាវ​ប្រមាណ​ជា​៨​តោន ត្រូវបាន​ដឹកជញ្ជូន​ពី​ផ្សារ​យកទៅ​ចាក់ចោល​នៅឯ​ទីលាន​ចាក់សំរាម​។ ក្រោយ​ចប់​កុងត្រា​ប្រមូល​សំរាម​នៅ​ផ្សារ​នេះ លោក បូ​រិ​ន អះអាងថា នឹង​ពិចារណា​ថា គួរ​សហការ​ដឹកជញ្ជូន​ទៀត​ឬ​យ៉ាងណា ដោយ​ទុក​អ្នកគ្រប់គ្រង​ផ្សារ​ធ្វើ​ដោយ​ខ្លួន​នឹង​លំបាក​ដូចម្តេច​។​
​បច្ចុប្បន្ន ក្រុមហ៊ុន R.Y Prior មាន​រថយន្ត​មូល​សំរាម​ចំនួន​២​គ្រឿង រថយន្ត​បែន​៦​គ្រឿង និង​បុគ្គលិក​២៦​នាក់​៕ ល​